រុស្ស៊ីបង្កើនការវាយប្រហារលើ បណ្តាញផ្លូវដែកអ៊ុយក្រែន ដើម្បីបន្ទុចបង្អាក់ការដឹកស្បៀងឲ្យយោធា
រុស្ស៊ីបង្កើនការវាយប្រហារលើ បណ្តាញផ្លូវដែកអ៊ុយក្រែន ដើម្បី “ធ្វើឲ្យពិការ” ដល់ការដឹកស្បៀងយោធា និងសព្វាវុធប្រទេសខាងលិច ទៅផ្គត់ផ្គង់កងទ័ពអ៊ុយក្រែន នៅឯសមរភូមិជួរមុខ។ នេះជាយុទ្ធសាស្រ្តថ្មីរបស់រុស្ស៊ី នៅក្នុងក្របខណ្ឌនៃគម្រោងពង្រីកប្រតិបត្តិការវាយលុកដំណាក់កាលថ្មី នៅអ៊ុយក្រែន។ នេះបើតាមមន្ត្រីជាន់ខ្ពស់នៃសន្តិសុខអ៊ុយក្រែន ស្រង់សំដី និងចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានបារាំង AFP កាលពី ថ្ងៃសុក្រទី ២៦ មេសា។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៤២
ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅអ៊ុយក្រែន មានន័យសំខាន់ពិសេស ទាំងសម្រាប់ដឹកអ្នកដំណើរស៊ីវិលវិស័យពាណិជ្ជកម្ម ក៏ដូចជាកងទ័ព ពីព្រោះតាំងពីរុស្ស៊ីបានលុកលុយចូលអ៊ុយក្រែន នាខែកម្ភៈឆ្នាំ ២០២២មក រាល់ការធ្វើដំណើរតាមផ្លូវអាកាសនៅអ៊ុយក្រែនបានធ្លាក់ក្នុងភាពពិការ។
តបនឹងសំនួរ AFP ទាក់ទងនឹងការវាយប្រហារខ្លាំងឡើងៗលើបណ្តាញផ្លូវដែក មន្ត្រីជាន់ខ្ពស់នៃសន្តិសុខ អ៊ុយក្រែន បានឆ្លើយក្នុងលក្ខណៈអនាមិកថា វិធានការប្រើដោយរុស្ស៊ីនេះជាទម្លាប់សម្រាប់ សម្គាល់ គម្រោងវាយលុកទ្រង់ទ្រាយធំរបស់រុស្ស៊ីដែលអាចប្រព្រឹត្តទៅ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។ គោលដៅចម្បង គឺ ធ្វើឲ្យពិការដល់ការដឹកជញ្ជូន អាវុធយុទ្ធភណ្ឌ ទៅផ្គត់ផ្គង់ដល់កងទ័ពអ៊ុយក្រែននៅក្នុងសមរភូមិ។
បណ្តាញផ្លូវដែកនៅអ៊ុយក្រែន រមែងក្លាយជាផ្ទាំងស៊ីប នៃការទម្លាក់គ្រាប់របស់រុស្ស៊ី ក្នុង ២ឆ្នាំ ចុងក្រោយ។ ការវាយប្រហារបានប៉ះលើ ស្ថានីយ៍រថភ្លើង បែបយ៉ាង នៅក្រុង Kramatorsk ប៉ែកខាងកើតអ៊ុយក្រែន ជាទី ដែល មនុស្សរាប់សិបនាក់ ភាគច្រើនជាជនស៊ីវិល ខំរត់ចេញពីតំបន់ច្បាំងគ្នា បែរជាទៅធ្លាក់ខ្លួនស្លាប់ដោយ ការទម្លាក់គ្រាប់បែកនរបស់រុស្ស៊ី កាលពីខែមេសាឆ្នាំ ២០២២។
ប៉ុន្មានសប្តាហ៍ចុងក្រោយ គេសង្កេតឃើញ រុស្ស៊ី ផ្លោងគ្រាប់ ស្រោចកាន់តែខ្លាំងឡើងទៅលើ ហេដ្ឋារចនា សម្ព័ន្ធផ្លូវដែកអ៊ុយក្រែន។ ការវាយប្រហារលើផ្លូវដែកអ៊ុយក្រែ ប្រព្រឹត្តទៅ នៅចំពេលដែលសហរដ្ឋអាមេរិក ក្រោយពីកកស្ទះអស់រាប់ខែ បណ្តាលមកពីមានការប្រជែងនយោបាយផ្ទៃក្នុង បានសម្រេចផ្តល់ជំនួយយោធាខ្លួនឡើងវិញទៅឲ្យអ៊ុយក្រែន។
នៅថ្ងៃសុក្រ ទី ២៦មេសា រដ្ឋមន្ត្រីការពារជាតិអាមេរិកាំង លោក Lloyd Austin បានប្រកាសផ្ដល់កញ្ចប់ជំនួយយោធា ក្នុង ទឹកប្រាក់ ៦.០០០ លាន ដុល្លារ ទៅអ៊ុយក្រែន ដែលរួមបញ្ចូលប្រព័ន្ធការពារដែនអាកាស ប្រព័ន្ធប្រឆាំង យានដ្រូន និង គ្រាប់កាំភ្លើងធំ ។ នេះជាកញ្ចប់ជំនួយទី២ បន្ទាប់ពីកញ្ចប់ទី១ ក្នុងទឹកប្រាក់ ១.០០០ លាន ដុល្លារ ប្រកាសកាលពីថ្ងៃពុធទី ២៤ មេសា។ កញ្ចប់ទាំងពីរនេះ ស្ថិតក្នុង ថវិកាទំហំ ៦១.០០០ លាន ដុល្លារ អនុម័តដោយសភាអាមេរិក សម្រាប់ផ្តល់ទៅក្រុងកៀវ។
គ្រាន់តែក្នុងមួយថ្ងៃព្រហស្បតិ៍ ការវាយប្រហាររុស្ស៊ី បានប៉ះលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក នៅតាមខេត្ត អ៊ុយក្រែនចំនួនបី។ កងទ័ពរុស្ស៊ី ពីចំណែកខ្លួន នៅថ្ងៃសុក្រ បានចេញមុខទទួលស្គាល់ថាខ្លួន បានវាយប្រហារក្បួនរថភ្លើងមួយ ដែលដឹកសព្វាវុធនិងស្បៀងយោធារបស់បស្ចិមលោក ទៅកាន់ ក្រុង Oudatchné ក្នុងខេត្ត Donetsk ព្រម ទាំងដឹកទ័ពអ៊ុយក្រែននិងស្បៀងយោធា ទៅកាន់ក្រុង Balaklia ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ