អានតួអត្ថបទ
តួកគី-ស៊ីរី-អ៊ីរ៉ាក់

ទ័ព​ជំនួយ​គួដ​អ៊ីរ៉ាក់​ ទៅ​ដល់​តួកគី​ដើម្បី​ជួយ​ការពារ​ក្រុង​កូបាណេ​នៅស៊ីរី

កង​យុទ្ធជន​គួដ​អ៊ីរ៉ាក់ បាន​ធ្វើ​ដំណើរ​មក​ដល់​ព្រំដែន​ប្រទេស​តួកគី និង​កំពុង​រំកិល​ទៅ​ជិត​ដល់​ក្រុង​កូបាណេ​ប្រទេស​ស៊ីរី ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម។ ក្រុង​កូបាណេ​ ភាគខាង​ជើង​ស៊ីរី ជាប់​ព្រំប្រទល់​តួកគី ត្រូវ​បាន​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​ រុក​រាន​ទន្ទាន​អស់​ជា​ច្រើន​សប្តាហ៍​មក​ហើយ។ ក្រោយ​ពី​បាន​ទទួល​ភ្លើង​ខៀវ​ពី​រដ្ឋាភិបាល​តួកគី ដំណើរ​មក​ដល់​របស់​កង​យុទ្ធជន​គួដ​អ៊ីរ៉ាក់ គឺ​ជា​ជំនួយ​ដ៏​សំខាន់​សម្រាប់​កម្លាំង​គួដ​នៅ​ស៊ីរី។

ក្បួន​ទាហាន​គួដ​ peshmergasឆ្លងកាត់​ក្រុង​ Erbil អ៊ីរ៉ាក់ សំដៅ​ក្រុង​កូបាណេ​ ក្រុងគួដ​នៅ​ស៊ីរី
ក្បួន​ទាហាន​គួដ​ peshmergasឆ្លងកាត់​ក្រុង​ Erbil អ៊ីរ៉ាក់ សំដៅ​ក្រុង​កូបាណេ​ ក្រុងគួដ​នៅ​ស៊ីរី REUTERS/Azad Lashkari
ផ្សាយពាណិជ្ជកម្ម

‘Peshmergas’ ឈ្មោះ​កង​យុទ្ធជន​គួដ​នៅ​អ៊ីរ៉ាក់ ប្រមាណ​១៥០​នាក់ ចែក​ជា​ពីរ​ក្រុម​ បាន​មក​ដល់​ប្រទេស​តួកគី​នៅ​យប់​មិញ ដើម្បីធ្វើ​ដំណើរ​​សំដៅ​ឆ្ពោះ​ទៅ​ក្រុង​កូបាណេ​ ជួយ​ការពារ​ក្រុង​គួដនៅ​ស៊ីរី ដែល​រង​ការ​វាយ​សង្គ្រប់​ពី​សំណាក់​អង្គការ​រដ្ឋ​អ៊ីស្លាម​ តាំង​ពី​ជា​មួយ​ខែ​មក។

 

ក្រុម​ទី​មួយ ធ្វើ​ដំណើរ​ពី​អ៊ីរ៉ាក់​តាម​ជើង​យន្ត​ហោះ​ពិសេស​របស់​តួកគី និង​បញ្ជូន​តាន​រថយន្ត​ក្រុង​រហូត​ដល់​មាត់​ច្រកនាំ​ទៅ​កាន់​ក្រុង​កូបាណេ ​ការពារ​ដោយ​រថពាស​ដែក​ជា​ច្រើន​គ្រឿង។ ប៉ុន្តែ​ពុំ​ទាន់​មាន​ព័ត៌មាន​បញ្ជាក់​ថា​ក្រុម​យុទ្ធជន​គួដ​នេះ​ជ្រៀត​ចូល​ទៅ​ក្នុង​ក្រុង​កូបាណេ​នៅ​ឡើយ​ទេ។

មួយ​ក្រុម​ទៀត ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក ជា​ក្បួន​រថយន្ត​ពាស​ដែក​ជាង​៤០​គ្រឿង ដឹកជញ្ជូន​មក​ជា​មួយ​នូវ​អាវុធធុន​​ធ្ងន់ កាណុង​សម្រាប់​បាញ់​ឆ្ងាយ​ ឧបករណ៍​​បាញ់​រ៉ុកកែត​គ្រប់​ប្រភេទ​ ​បាន​ទទួល​ការ​អប​អរ​ស្វាគមន៍​​តាម​ផ្លូវ​រហូតមក។

តើ​ដំណើរ​មក​ដល់​នៃ​ទ័ព​ជំនួយ​គួដអ៊ីរ៉ាក់​​ នៅ​កូបាណេ អាចជា​​របត់​ថ្មី​នៅ​លើ​សមរភូមិ​ប្រយុទ្ធ​ឬ? ជាមួយ​កម្លាំង​ទ័ព​១៥០​នាក់ គឺ​ពិត​ជា​ពិបាក​បន្តិច ប៉ុន្តែ​អាវុធ​ធុន​ធ្ងន់​​ ដែល​យុទ្ធជន​គួដនៅកូបាណេ​​​ទទូច​សុំ​តាំង​ពី​យូរ​មក​ហើយ ទំនង​ជា​អាច​ប្តូរ​ស្ថានការណ៍​បាន។

ពីមុន​មក​ក្រុម​គួដ​មាន​តែ​កាំភ្លើងយន្ត​​ កាំភ្លើង​បាញ់​រ៉ុកកែត​តូចៗ​ … ដូច្នេះ​ជាមួយ​ជំនួយ​ធុនធ្ងន់ បូក​ផ្សំ​នឹង​ការ​ប្រតិបត្តិការ​ផ្លូវ​អាកាស​ទៀត ពួក​គួដ​ពិត​នឹង​អាច​រុញ​ច្រាន​​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​បាន។ លើក​នេះ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​អាច​នឹង​ដក​​ទីតាំង​​ចេញពី​ក្រុង​កូបាណេ​ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​សង្គ្រាម​ចប់​ទេ។

បើ​តាម​រដ្ឋមន្ត្រី​ការបរទេស​តួកគី ទ័ព​ជំនួយ​មួយ​ក្រុម​ទៀត ជា​យុទ្ធជន​អារ៉ាប​ប្រមាណ​ជាងរយ​​មួយ​នាក់​ ក៏​នឹង​ត្រូវ​បញ្ជូន​ទៅ​កូបាណេ​ ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ខាង​មុខ ប៉ុន្តែ​ខាង​អាជ្ញាធរ​គួដ​មិន​ទាន់​ព្រមព្រៀង​ទាំង​ស្រុង​ទេ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ