អានតួអត្ថបទ
កម្ពុជា

ចំនួន​អ្នកហែញត្តិ​​​​បក្ស​​សង្គ្រោះជាតិ​​​​ចំនួន​៥ពាន់​នាក់​​ ខណៈ​​សាលា​រាជធានី​​អនុញ្ញាត​អោយ​១ពាន់​នាក់​​

កិច្ចពិភាក្សា​រវាង​តំណាង​គណបក្ស​សង្គ្រោះជាតិ និង​សាលារាជធានី​ភ្នំពេញ​បាន​បញ្ចប់​ហើយ​នៅ​រសៀល​ថ្ងៃ​អង្គារ​។ ជា​កិច្ច​ពិភាក្សា​ស្តីអំពី​ការ​កំណត់​ចំនួន​អ្នក​ចូលរួម​ហែ​ញត្តិ​ដែលជា​ស្នាម​មេដៃ​ទៅ​បណ្តា​ស្ថានទូត​នានា និង​ការ​កំណត់​តម្រាយ​ផ្លូវ​សម្រាប់​ការ​ហែក្បួន។ គណបក្ស​សង្គ្រោះជាតិ​បាន​សម្រេច​ហែ​ញត្តិ​​ជាមួយ​ចំនួន​មនុស្ស​ចូលរួមចំនួន​៥ពាន់នាក់ ខណៈ​សាលារាជធានី​បាន​ស្នើអោយ​មាន​អ្នក​ហែ​តែ​១ពាន់​នាក់។

ក្បួន​បាតុករ​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ប្រឈមជា​មួយនឹងក្រុម​សមត្ថកិច្ច​នៅមុខវាំង​។​
ក្បួន​បាតុករ​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ប្រឈមជា​មួយនឹងក្រុម​សមត្ថកិច្ច​នៅមុខវាំង​។​ RFI/Siv Chana
ផ្សាយពាណិជ្ជកម្ម

គ្មាន​ការ​ព្រមព្រៀង​គ្នា​​រវាង​គណបក្ស​សង្គ្រោះជាតិ និងសាលារាជធានី​ភ្នំពេញ​ឡើយ ស្តីពី​ចំនួន​នៃ​អ្នក​ចូលរួម​ហែ​ញត្តិ ឬ​ស្នាម​មេដៃ​ទៅ​បណ្តា​ស្ថានទូត ក្នុង​រយៈ​ពេល​៣​ថ្ងៃ​នៃ​មហាបាតុកម្ម​របស់​គណបក្ស​សង្គ្រោះជាតិ។

ភាគី​ទាំង​ពីរ​បាន​ប្រើប្រាស់​តួលេខ​រៀងៗខ្លួន។ នៅ​ល្ងាច​ថ្ងៃ​អង្គារ​ទី​២២​តុលា​នេះ អភិបាល​សាលារាជធានី​ភ្នំពេញ​បាន​សរសេរ​ប្រាប់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ថា ការ​ដង្ហែ​ញត្តិ​ ឬ​ស្នាម​មេដៃ​ទៅ​ស្ថានទូត​នានា​នោះ មិន​ត្រូវ​អោយ​មាន​មនុស្ស​លើស​ពី​១០០០នាក់​ឡើយ។ ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ហូ វ៉ាន់ ដែលជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ គណបក្ស​នេះ​បាន​យល់​ព្រម​ទំលាក់​ចំនួន​​អ្នក​ចូលរួម​ដង្ហែ​ញត្តិ ដែល​ត្រូវបាន​គ្រោង​សម្រាប់​មនុស្ស​១ម៉ឺន​នាក់នោះ មក​នៅ​ត្រឹម​៥​ពាន់​នាក់​វិញ។ តែ​មិន​មែន​១ពាន់​នាក់តាម​ការ​ណែនាំ​របស់​សាលារាជធានី​ឡើយ។

ក្រៅពី​នេះ អភិបាល​សាលារាជធានី​ក៏​បាន​បង្ហាញ​តម្រាយ​ផ្លូវ​មួយ​ចំនួន​សម្រាប់​ការ​ដង្ហែ​ញត្តិ​នេះទៅ​តាមបណ្តា​ស្ថានទូត​ ដែល​គណបក្ស​សង្គ្រោះជាតិ​បាន​គ្រោង​រួចហើយ​នោះដែរ។

លោកហូ វ៉ាន់​បាន​ប្រាប់​វិទ្យុបារាំង​អោយ​ដឹង​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ថា ការ​ជួប​ជុំ​ជា​ផ្លូវការ​នៅ​ប្រព្រឹត្តិទៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២៣​តុលា​មែន​ ប៉ុន្តែ​ការ​ដង្ហែញត្តិ ឬ​ស្នាម​មេដៃ​នឹង​ត្រូវ​រៀបចំ​ធ្វើ​នៅ​ពេល​រសៀល​ ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី និង​លោក​ កឹម សុខា។ នៅ​ថ្ងៃ​ដំបូង​នោះ ញត្តិ​នឹង​ត្រូវ​ដង្ហែ​​ទៅ​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ គណបក្ស​នេះ​នឹង​ដង្ហែ​ស្នាម​មេដៃ​ទៅ​ស្ថានទូត បារាំង អង់គ្លេស និង​សហរដ្ឋអាមេរិក។ រីឯ​ព្រឹក​ថ្ងៃ​ទី​២៥​វិញ គណបក្ស​នេះ​នឹង​ដង្ហែ​ស្នាម​មេដៃ​ទៅ​ស្ថានទូត អូស្ត្រាលី រុស្ស៊ី ជប៉ុន ឥណ្ឌូនេស៊ី និងស្ថានទូត​ចិន។

គួរ​បញ្ជាក់​ថា បើទោះជា​រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ​បាន​បដិសេធ​មិនអោយមាន​ការ​ស្នាក់​ពេលយប់​​លើ​ទីលាន​ប្រជាធិបតេយ្យ​ក៏ដោយ ប៉ុន្តែ​រោង​ដ៏​វែង​ត្រូវបាន​សាងសង់រួចហើយ នៅ​ព្រលប់​ថ្ងៃ​អង្គា​រ​នេះ ​ដើម្បី​ទទួល​បាតុករ​​របស់​គណបក្ស​សង្គ្រោះជាតិ​មក​ពី​បណ្តា​ខេត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ