អានតួអត្ថបទ
កម្ពុជា

អង្គការ​សង្គមស៊ីវិល​ជំរុញ​ឲ្យ​មាន​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​នយោបាយ

អង្គការ​ស​ង្គមស៊ីវិល​ចំនួន៤ដែល​ធ្វើ​ការងារ​ពាក់​ព​ន្ធ័​នឹង​ប្រ​ជាធិបតេយ្យ និង​ការបោះឆ្នោត​នៅ​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​នីតិបញ្ញត្តិ​កម្ពុជា​បង្កើត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​នយោបាយ។ ការអំពាវនាវ​នេះ​បានធ្វើ​ឡើងជា​សាធារណៈ​នៅ​ខណៈដែល​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី៥កាន់តែ​ខិតចូល​មកដល់។ គោលបំណង​នៃ​ការបង្កើត​ច្បាប់​នេះ​ត្រូវបានអង្គការ​សង្គម​ស៊ីវិល​ទាំងនោះពន្យល់ថា ដើម្បី​ធានា​ឲ្យ​មាន​សមភាព​យុត្តិធម៌ និង​តម្លាភាព​ក្នុងការ​បោះឆ្នោត។

លោក គល់ បញ្ញា នាយក​អង្គការ Comfrel
លោក គល់ បញ្ញា នាយក​អង្គការ Comfrel ©delux/RFI
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីអំពាវនាវ​រួមគ្នា​មួយ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាម​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​ក្នុងស្រុក​ជាច្រើន អង្គការ​សង្គម​ស៊ីវិល៤ បាន​អំពាវនាវ​ជា​ចំហ​ដល់​រដ្ឋាភិបាល រដ្ឋសភា និង​ព្រឹទ្ធសភា​កម្ពុជា​ឲ្យ​បង្កើត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​នយោបាយ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន។

អង្គការ​ទាំង៤នោះ​រួមមាន អង្គការ Comfrel, Nicfec, សម្ព័ន្ធ​ដើម្បី​សុចរិត​ភាព និង​គណនេយ្យភាព​សង្គម និង​អង្គការ​សកម្មភាព​ដើម្បី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ សម្រាប់​ក្រុម​សង្គម​ស៊ីវិល​ទាំងនេះ​ដែល​ធ្វើការ​ពាក់​ព័ន្ធ​នឹង​ប្រជាធិបតេយ្យ និង​ការបោះឆ្នោត ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​នយោបាយ​ជា​សេចក្តីត្រូវការ​ចាំបាច់ និង​ជាបន្ទាន់​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ដើម្បី​ធានា​យុត្តិធម៌ តម្លាភាព និង​សមភាព​នៃ​ដំណើរការ​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត។

លោក​គល់ បញ្ញា នាយក​អង្គការ Comfrel បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃនេះ​ថា អង្គការ​របស់​លោ​ករួ​ម​ជាមួយ​ដៃគូ​ជាច្រើន​ទៀត​បាន​ជំរុញ​ឲ្យ​មានច្បាប់​នេះ​ជា​យូរ​មកហើយ។ បញ្ហា​នេះ​ក៏​ធ្លាប់​ត្រូវបាន​គេ​លើក​ទៅ​ពិភាក្សា​ក្នុងចំណោម​សង្គម​ស៊ីវិល និង​គណបក្សនយោបាយ​នានា​រួចទៅហើយ​ដែរ ប៉ុន្តែ សេចក្តីព្រាងច្បាប់​នេះ​នៅ​មិនទាន់​ចេញរួច​នៅឡើយ​ទេ។ លោក គល់ បញ្ញា​ ប្រាថ្នា​ចង់ឃើញ​ច្បាប់​នេះ​ចេញ​ឲ្យ​បាន​មុន​ការបោះឆ្នោតជាតិ​ឆ្នាំ ២០១៣ ខាង​មុខនេះ។

សូមបញ្ជាក់ថា ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​នយោបាយ​នេះ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​មាន​កញ្ចប់​ថវិកា​មួយ​សម្រាប់​ផ្តល់​ឲ្យ​ការឃោសនា​នយោបាយ​រប​ស់​គណបក្ស​ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត និង​តម្រូវ​ឲ្យ​មានការ​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​របស់​គណបក្សនយោបាយ​ផងដែរ។ អវត្តមាន​របស់​ច្បាប់​នេះ​បានធ្វើ​ឲ្យ​គណបក្សនយោបាយនីមួយៗត្រូវ​រក​ថវិកា​ដោយ​ខ្លួនឯង តាម​មធ្យោបាយ​ដែល​គ្មាន​តម្លាភាព។ គណបក្សនយោបាយ​ជាច្រើន​បាន​គាំទ្រ​ឲ្យ​មានច្បាប់​នេះ​ជាពិសេស​គណបក្សប្រឆាំង ប៉ុន្តែ គណបក្សកាន់អំណាច​ហាក់​នៅ​រារែក​នៅឡើយ។

មន្ត្រី​រដ្ឋាភិបាល​មិនអាច​ទាក់ទង​សុំ​ការពន្យល់​បានទេ​នៅថ្ងៃនេះ ប៉ុន្តែ កន្លងទៅ​លោក ជាម យៀប តំណាងរាស្ត្រ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​បញ្ហា​នេះដែរ។ ប៉ុន្តែ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់មាន​ប្រសាសន៍ថា រដ្ឋាភិបាល​មិនទាន់មាន​ថវិកា​សម្រាប់​គណបក្សនយោបាយ​នៅឡើយ​ទេ ពី​ព្រោះ​មាន​តម្រូវការផ្សេងៗជាច្រើន​និង​ចាំបាច់​ជាង​នេះ។ យ៉ាងណាក៏ដោយ សម្រាប់​លោក​គល់ បញ្ញា ច្បាប់​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ពង្រឹង​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា។ លោក​នៅតែ​ទទូច​ឲ្យ​មានច្បាប់​នេះ​ជាបន្ទាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ