កងកម្លាំងមួកខៀវកម្ពុជាត្រូវបានអះអាងជាបឋមថា«អត់មាន»វីរុសអេបូឡា
លទ្ធផលបឋមនៃការពិនិត្យសុខភាពកងកម្លាំងរក្សាសន្តិភាពសញ្ជាតិខ្មែររបស់អង្គការសហប្រជាជាតិដែលទើបត្រឡប់មកពីបំពេញបេសកកម្មនៅប្រទេសម៉ាលី ក្នុងទ្វីបអាហ្វ្រិច បង្ហាញថា ទាហានទាំង៣០៩នាក់នោះ មិនមានវីរុសអេបូឡាទេ។ នេះបើយោងតាមដំណឹងពីលោក លី សូវ៉ាន់ អ្នកនាំពាក្យឱ្យក្រសួងសុខាភិបាល និងលោកឧត្តមសេនីយ៍ឯក ខៀវ ឆេន នាយករងនៃខុទ្ទការល័យរដ្ឋមន្ត្រីក្រសួងការពារជាតិ។ គេត្រូវរងចាំបន្តទៀត ដើម្បីសន្និដ្ឋានថា កងទ័ពមួកខៀវកម្ពុជាមានសុវត្ថិភាពទាំងស្រុង។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០១
ជាបឋម សូមរម្លឹកថា កាលពីបីថ្ងៃមុន កងវិស្វកម្មព្រលានយន្តហោះ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះ ចំនួន១២១នាក់ចុងក្រោយ ក្នុងចំណោមកងកម្លាំងសរុប៣០៩នាក់ បានវិលត្រឡប់មកពីបំពេញបេសកកម្មថែរក្សាសន្តិភាពនៅប្រទេសម៉ាលីទីដែលមានវីរុសអេបូឡាដ៏កាចសាហាវបានឆ្លង។
នៅថ្ងៃអង្គារនេះ អ្នកនាំពាក្យឱ្យក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា កងទ័ពមួកខៀវសញ្ជាតិខ្មែររបស់អង្គការសហប្រជាជាតិទាំងអស់«អត់មាន»រោគសញ្ញានៃជំងឺគ្រុនដ៏មរណៈបង្កឡើងដោយវីរុសអេបូឡានោះឡើយ។
នេះជាលទ្ធផលបឋមនៃការពិនិត្យសុខភាពដែលរៀបចំឡើងដោយភ្នាក់ងារក្រសួងសុខាភិបាលកម្ពុជា និងភ្នាក់ងារអង្គការសហប្រជាជាតិ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពេលកងកម្លាំងរក្សាសន្តិភាពពិភពលោកទាំងនោះ បានមកដល់។
ទន្ទឹមនឹងនេះដែរ លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន នាយករងនៃខុទ្ទការល័យរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ប្រាប់ដែរថា កងរក្សាសន្តិភាពសញ្ជាតិខ្មែររបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសម៉ាលី បាន«ប្រុងប្រយ័ត្ន» ដោយចៀសវាងតំបន់ដែលមានផ្ទុះជំងឺគ្រុនក្តៅដល់ស្លាប់។
បើតាមលោក លី សូវ៉ាន់ ការពិនិត្យសុខភាពរបស់កងទ័ពមួកខៀវកម្ពុជា បានផ្តោតលើការរកមើលជម្ងឺគ្រុនក្តៅ ឈឺក្បាល រាគ ក្អួត និងជំងឺសើរស្បែក។ ទោះយ៉ាងណា ភ្នាក់ងារសុខាភិបាល«ត្រូវរងចាំរហូតដល់៤៥ថ្ងៃទៀត» បើមិនមានរបាយការណ៍អំពីករណីមិនប្រក្រតីពីទាហានទេ ទើបគេអាចសន្និដ្ឋានជាស្ថាពរថា កងកម្លាំងអង្គការសហប្រជាជាតិសញ្ជាតិខ្មែរ មិនបានឆ្លងរីរុសដ៏គ្រោះថ្នាក់នោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ