អានតួអត្ថបទ
កម្ពុជា

ក្រុម​យុវជន និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម កំណត់​ធ្វើ​បាតុកម្ម​ម្តង​ទៀត នៅ​ថ្ងៃទី​ ១៦​កក្កដា​

បន្ទាប់​ពី​ទទួល​រង នូវ​ការ​បង្ក្រាប ដោយ​ហិង្សា​រួច​មក ក្រុម​យុវជន និស្សិត និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម បាន​ជួប​ប្រជុំ​គ្នា នៅ​ព្រឹក​ថ្ងៃ​ទី​៩​កក្កដា​នេះ។ ក្រុម​យុវជន និស្សិត និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម បាន​សម្រេច​ថា នឹង​ជួបជុំគ្នា ធ្វើ​បាតុកម្ម​ម្តងទៀត នៅ​ថ្ងៃ​ទី ១៦​កក្កដា នៅ​មុខ​ស្ថានទូត​វៀតណាម។ ជា​បាតុកម្ម ដែល​មាន​កម្មវត្ថុ​ដដែល នោះ​គឺ​ទាមទារ​ឲ្យ​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ពិត លើ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម។ នេះ​បើតាម​ការ​អះអាង​របស់​លោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញា​វ័​ន្ត​កម្ពុជា។

ការ​ប្រមូល​ផ្តុំ​តវ៉ា របស់​ក្រុម​និស្សិត ព្រះសង្ឃ និង​ខ្មែរកម្ពុជាក្រោម។
ការ​ប្រមូល​ផ្តុំ​តវ៉ា របស់​ក្រុម​និស្សិត ព្រះសង្ឃ និង​ខ្មែរកម្ពុជាក្រោម។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញា​វ័​ន្ត​កម្ពុជា លោក ម៉ៅ ពិសេស បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា ក្រុ​មយុវជន និស្សិត និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម បាន​ជួបប្រជុំ នៅ​ព្រឹក​មិញ ហើយ​បាន​សម្រេច​​រួមគ្នា​ថា នឹង​ជួបជុំ​ធ្វើបាតុកម្ម​ជាថ្មីទៀត នៅមុខ​ស្ថានទូត​វៀតណាម នៅ​ថ្ងៃទី១៦កក្កដា ខាងមុខ។ 

បាតុកម្ម​ជា​លើក​ទី២ នៅ​សប្តាហ៍​ក្រោយ នឹងធ្វើ​ឡើង ក្នុង​បំណង​ដូច​បាតុកម្ម​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ នោះ​គឺ​ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាន់​ថុង ទទួលស្គាល់​ប្រវត្តិសាស្ត្រ​ពិត និង​សុំទោស​ចំពោះ​ការ​អះអាងថា ទឹក​ខ្មែរ​កម្ពុជា​ក្រោម ជា​កម្មសិទ្ធិ​របស់​វៀត​ណា​មយូរ​ហើយ មិនមែន​ទើបតែ​អាណានិគម​បារាំង កាត់​ចេញពី​កម្ពុជា នៅ​​ថ្ងៃ ៤មិថុនា ឆ្នាំ១៩៤៩ នោះទេ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ម៉ៅ ពិសេស។

បាតុកម្ម​របស់​ក្រុមយុវជន និស្សិត ព្រះសង្ឃ ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅមុខ​ស្ថានទូត​វៀតណាម ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ត្រូវ​បាន​​ក្រុមប៉ូលិស និង​កងសន្តិសុខ រារាំង និង​វាយ​បង្ក្រាប​យ៉ាង​ហិង្សា។  

អាជ្ញាធរ​សមត្ថកិច្ច បាន​លើក​ហេតុផល​ថា ការជួប​ជុំនោះ នាំ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព ឯករាជ្យភាព​របស់​ស្ថានទូត​វៀតណាម និង​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ កកស្ទះ​ចរាចរ និង​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​វៀតណាម។

ចំណែក​ស្ថានទូត​វៀតណាម បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​បាតុកម្ម ដោយ​ចាត់​ទុក​​ការតវ៉ា​លើ​បញ្ហា​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម កាលពី​ព្រឹក​ថ្ងៃ​អង្គារ ថា​ធ្វើឡើង​រំលោភ​លើ​ច្បាប់​អន្តរជាតិ។ អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាន់​ថុង បានប្រកាស មិន​ព្រម​សុំទោស និង​មិន​ទទួលស្គាល់​ប្រវត្តិសាស្ត្រ​ពិត​ទេ តែ​បាន​ថ្កោលទោស​លើ​បាតុកម្ម កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ។ អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម នៅតែ​អះអាងថា ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ជា​ទឹកដី​របស់​វៀតណាម នៅ​ភាគខាងត្បូង ដោយមាន​ការទទួលស្គាល់​ពី​អន្តរជាតិ​ថែមទៀត​ផង។

លោក ម៉ៅ ពិសេស តំណាង​ឲ្យ​យុវជន​និស្សិត ដែល​ធ្វើបាតុកម្ម បានចាត់ទុក​សេចក្តី​ថ្លែង​ការណ៍​ របស់​​ស្ថានទូត​វៀតណាម​នោះ ថា​ជា​ភាព​គគ្លើន​ថែមទៀត​របស់​វៀតណាម មកលើ​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​មកលើ​រដ្ឋាភិបាល​កម្ពុជា។ រដ្ឋាភិបាល ដែល​លោក ម៉ៅ ពិសេស អះអាងថា មិនបាន​អើពើ​នឹង​ទង្វើ​របស់​វៀតណាម តែ​រដ្ឋាភិបាល​បែរជា​បង្ក្រាប​ការតវ៉ា​ទៅវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ