អានតួអត្ថបទ
កម្ពុជា

និយោជិត​និង​មន្រ្តី​រាជការ​ជាង​២០០​នាក់​ ស្នើ​ឲ្យ​រដ្ឋបញ្ចុះ​តម្លៃ​ប្រេងសាំង​និង​ទំនិញ​

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ កម្មករ កម្មការិនី និងអ្នក​រត់​ម៉ូតូ​ឌុប​ជាង​២០០​នាក់ បាន​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ ដោយ​ស្រែក​តាម​ឧគ្ឃោសនសព្ទ និង​លើក ប​ដា​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​ប្រេង​សាំង ដែល​ជា​មូល​ហេតុ​ចម្បង​​ធ្វើ​ឲ្យ​ទំនិញ គ្រប់​សារ​ពើ​នៅ​លើ​ទី​ផ្សារ ហក់​ឡើង​ថ្លៃ​ជា​លំដាប់។

កម្មករនិងអ្នករត់ម៉ូតូឌុបជាង២០០នាក់ ជួបជុំគ្នាដើម្បីស្នើឲ្យរដ្ឋបញ្ចុះតម្លៃប្រេងសាំងនិងទំនិញ
កម្មករនិងអ្នករត់ម៉ូតូឌុបជាង២០០នាក់ ជួបជុំគ្នាដើម្បីស្នើឲ្យរដ្ឋបញ្ចុះតម្លៃប្រេងសាំងនិងទំនិញ © សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

ការ​ជួប​ជុំ​គ្នា​យ៉ាង​ប្រញាប់​ប្រញាល់​ក្នុង​ថិរ​វេលា​ជាង​១០​នាទី របស់​កម្មករ​និង អ្នក​រត់​ម៉ូតូ​ឌុប​ជាង​២០០​នាក់ នៅ​ព្រឹក​មិញ​នេះ បញ្ចប់​ទៅ​ដោយ​គ្មាន​ចម្លើយ តប​ពី​រដ្ឋាភិបាល​ក្នុង​សំណើ​សុំ​បញ្ចុះ​តម្លៃ​ប្រេង​និង​ទំនិញ​។

អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ជា​ច្រើន​នាក់ ដែល​ឃ្លាំ​មើល​សកម្មភាព​ទាម​ទារ របស់ កម្មករ មិន​បាន​រា​រំាង​ពួក​គេ​ទេ ខណៈ​ដែល​មិន​មាន​ក្បួន​ដង្ហែ​ព្យុះ​ហ​យា​ត្រា តាម​គម្រោង​ដែលបាន​ព្រាងទុក​។

ក្រុម​កម្មករ​ដែល​ធ្វើ​ដំណើរ ពី​ជាយ​រាជ​ធានី​ភ្នំពេញ មក​ជុំ​គ្នា​នៅ​ទី​លាន ប្រជា​ធិប​តេយ្យ ក្បែរ​រមណី​យដ្ឋាន​វត្ត​ភ្នំ បាន​ឈរ​លើក​ប​ដា និង​ស្រែក​តាម ឧគ្ឃោសនសព្ទ ដោយ​សុំ​ឲ្យ​រដ្ឋា​ភិ​បាល​កាត់​បន្ថយ​ពន្ធ​នាំ​ចូល​ប្រេង​សាំង រឺ​ឈាន​ទៅដល់ផ្អាក​ការ​យក​ពន្ធ​សាំង​បណ្តោះ​អាសន្ន​ ។
លោក សាត់ ឈាង​ហួ សហ​ភាព​ជាតិ​កម្ពុជា​ការ​ពារ​កម្មករ ថ្លែង​ក្នុង​ក្រុម​កូដករ ទាម​ទារ​ថា តម្លៃ​ប្រេង​សាំង​ខ្ពស់ បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​តម្លៃ​ទំនិញ តម្លៃ​ម្ហូប​អាហារ និង​ការ​ចំណាយ​ផ្សេង​ៗ មាន​ការ​កើន​ឡើង​យ៉ាង​គំហុក ។ លោក​ថា ចំណូល​របស់​កម្មករ និង​អ្នក​រត់​ម៉ូតូ​ឌុប មាន​ការ​ធ្លាក់​ចុះ ហើយ​ពួក​គេ​ប្រឈម​នឹង​កង្វះ ខាត​ស្បៀង​អាហារ​ដែល​មាន​ជីវ​ជាតិ សម្រាប់​ទ្រ​ទ្រង់​សរី​រាង្គ ដោយ​សារ​តែ​ត្រូវ​ត្បិត ត្បៀត​ចំណូល​ដ៏​តិច​តួច​។

សហ​ភាព​ជាតិ​កម្ពុជា​ការ​ពារ​កម្មករ ដែល​មាន​សហជីព​ចំនួន​៥ បាន​ដាក់​លិខិត សុំ​បញ្ចុះ​តម្លៃ​ប្រេង​និង​ទំនិញ ទៅ​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​ខ្មែរ ម្តង​រួច មក​ហើយ កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា ។ តែ​រហូត​មក​ដល់​ថ្ងៃ​អាទិត្យ​នេះ មិនមាន​ចម្លើយ​តប​នៅ​ឡើយ​។

ប្រធាន​សហ​ភាព​ជាតិ​កម្ពុជា​ការ​ពារ​កម្មករ បាន​ព្រមាន​ចំពោះ​រដ្ឋាភិបាល​ថា ប្រសិន​បើ​គ្មាន​វិធាន តាម​សំណើ​សុំ​ទេ​នោះ កម្មករ​នឹង​ធ្វើ​មហា​បាតុ​កម្ម​អហិង្សា ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ជា​ថ្មី​ម្តង​ទៀត ដោយ​មាន​ការ​គាំ​ទ្រ​ពី​អង្គ​ការជាតិ​និង អន្តរ​ជាតិ​។

មន្រ្តី​អង្គ​ការ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ចាន់ សូវ៉េត បានឲ្យដឹងថាការ​បណ្តែត​បណ្តោយ​ឲ្យ​ក្រុម​ឈ្មួញ ដំឡើង​ថ្លៃ​តាម​ទំនើង​ចិត្ត និង​ការដំឡើង​ពន្ធ​នាំ​ចូល​កាន់​​ខ្ពស់​របស់​រដ្ឋ កំពុង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ ៣០​ភាគ​រយ ដែល​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រី​ក្រ មាន​ជីវ​ភាព​កាន់តែលំបាក។ ​លោក​អំពាវ​នាវ​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាំង​អស់ ជា​ពិសេស មន្រ្តី​រាជ​ការ​ក្លាហាន​ទាម​ទារ​ឲ្យ​រដ្ឋ​បញ្ចុះ​តម្លៃ​ទំនិញ ដើម្បី​កែ​ប្រែ​ជីវ​ភាព​រស់​នៅ​របស់ ពួក​គេ​ឲ្យ​ប្រសើរ​ឡើង​វិញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ