អានតួអត្ថបទ
កម្ពុជា

កម្មករ​កាត់ដេរ​ធ្វើ​បាតុកម្ម​ប្រឆាំង​ទៅ​នឹង​សេចក្តី​សម្រេច​ដំឡើង​ប្រាក់​ខែ​តិចតួច

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ កម្មករ​ជា​ច្រើន​រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ពី​មុខ​រដ្ឋសភា​ជាតិ​ ដើម្បី​ទាមទារ​អោយ​រដ្ឋាភិបាល​និង​ថៅកែ​រោងចក្រ​កាត់ដេរ​ពិនិត្យ​និង​ ពិភាក្សា​ឡើង​វិញ​នូវ​សេចក្តី​សម្រេច​ដំឡើង​ប្រាក់ខែ​អប្បបរមា​ចំនួន​១១​ ដុល្លារ​ទៅ​អោយ​កម្មករ​កាត់ដេរ ​កាល​ពី​ដើម​ខែ​កក្កដា​កន្លង​មក​នេះ។ ប៉ុន្តែ​ក្រសួង​ការងារ​បាន​បញ្ជាក់​តប​វិញ​ថា ការ​ទាមទារ​នេះ​គឺ​មិន​ផ្លូវការ​ទេ​ ពីព្រោះ​កម្មករ​ភាគ​ច្រើន​មិនបាន​ចូលរួម​ក្នុង​បាតុកម្ម​នេះ។

បាតុកម្ម​​ទាមទារ​ដំឡើង​ប្រាក់​ខែ​​ជូន​កម្មករ
បាតុកម្ម​​ទាមទារ​ដំឡើង​ប្រាក់​ខែ​​ជូន​កម្មករ © សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម
02:59

សេចក្តីរាយការណ៍​របស់ គី សុខលីម

បើ​ទោះ​បី​ជា​មាន​ការ​កាក់​តាម​ផ្លូវ​មិន​អោយ​កម្មករ​អាច​ជួប​ជុំគ្នា​បាន​ដោយ​ស្រួល​ក៏​ដោយ ក៏​នៅ​ទី​បំផុត កម្មករ​ប្រមាណ​ជា​៥០០​នាក់​បាន​ជួប​ប្រជុំ​គ្នា​ជា​ច្រើន​ម៉ោង​នៅ​ពី​មុខ​រដ្ឋសភា​ជាតិ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។

នេះ​គឺ​ជា​ការ​ជួបជុំ​គ្នា​លើក​ដំបូង​នៅ​ទីធ្លា​សាធារណៈ​របស់​កម្មករ​រោងចក្រ​កាត់ដេរ​ប្រឆាំង​ទៅ​នឹង​សេចក្តី​សម្រេច​ដំឡើង​ប្រាក់ខែ​អប្បបរមា​របស់​គណៈកម្មាធិការ​ក្រុម​ប្រឹក្សា​ការងារ។

កាល​ពី​ថ្ងៃ​ទី​៨​ខែ​កក្កដា​កន្លង​មក ក្រុម​ប្រឹក្សា​ការងារ​ដែល​មាន​សមាសភាព​មក​ពី​រដ្ឋាភិបាល មកពី​រោងចក្រ​កាត់ដេរ​និង​មកពី​សហជីព​បាន​សម្រេច​ដំឡើង​ប្រាក់ខែ​អប្បបរមា​ជូន​កម្មករ​រោងចក្រ​កាត់ដេរ​ចំនួន​១១​ដុល្លារ​បន្ថែម​ទៀត​លើ​ប្រាក់ខែ​ចាស់​ដែល​មាន​ចំនួន​៥០​ដុល្លារ​អាមេរិក។ ប៉ុន្តែ​ការ​ដំឡើង​នេះ​មិនបាន​ធ្វើ​អោយ​កម្មករ​កាត់ដេរ​ទាំងអស់​សប្បាយចិត្ត​នោះ​ទេ។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ដែល​ដឹកនាំ​បាតុកម្ម​កាល​ពី​ព្រឹកមិញ​បាន​ស្រែក​​បញ្ជាក់​តាម​មេក្រូ​ថា កម្មករ​កាត់ដេរ​មិន​ពេញចិត្ត​នឹង​ការ​ដំឡើង​ប្រាក់ខែ​នា​ពេល​កន្លងមក​នោះ​ទេ។ បន្ទាប់​ពី​លោក អាត់ ធន់ ស្រែក​ហើយ កម្មករ​ស្រែក​បន្ទរ​ជា​បន្តបន្ទាប់​ថា ពួកគេ​បន្ត​ទាមទារ​ការ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​អោយ​បាន​ក្នុង​ចន្លោះ​ពី​៧៥​ទៅ​៩៣​ដុល្លារ​អាមេរិក។ នេះ​គឺ​ជា​កម្រិត​ប្រាក់ខែ​ដែល​កម្មករ​គិត​ថា​អាច​រស់​បាន ​ប៉ុន្តែ​វា​មិនមែន​ជា​ប្រាក់ខែ​សមរម្យ​នោះ​ទេ។

លោក អាត់ ធន់ សំណូម​ពរ​ថា ភាគី​រដ្ឋាភិបាល ថៅកែ​រោងចក្រ​កាត់ដេរ​​និង​សហជីព​ត្រូវតែ​ពិនិត្យ​និង​ចរចា​រឿង​ប្រាក់ខែ​នេះ​ឡើង​វិញ​បើ​មិន​អ៊ីចឹង​ទេ សហជីព​របស់​លោក​គ្រោង​នឹង​ធ្វើ​កូដកម្ម​ធំ​មួយ​នៅដើម​ខែ​ក្រោយ​នេះ។

លោក មឿង តុលា ប្រធាន​ផ្នែក​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ដែល​បាន​ពិនិត្យ​តាមដាន​មើល​ការ​ទាមទារ​កាល​ពី​ព្រឹកមិញ​ដែរ​នោះ​បាន​និយាយ​ថា ភាគី​ពាក់ព័ន្ធ​គួរតែ​ពិនិត្យ​មើល​ឡើងវិញ​នូវ​អត្រា​ដំឡើង​ប្រាក់ខែ​នា​ពេល​កន្លងមក។

ឆ្លើយតប​ទៅ​នឹង​ការ​ទាមទារ​ខាង​លើ​នេះ លោក អ៊ំ មាន រដ្ឋលេខាធិការ​ក្រសួង​ការងារ បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា គណៈកម្មាធិការ​ក្រុម​ប្រឹក្សា​ការងារ​មិន​អាច​ចរចា​ឡើងវិញ​បានទេ​​ ពីព្រោះ​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ការងារ​កាល​ពី​ថ្ងៃ​ទី​៨​ខែ​កក្កដា​កន្លងមក​គឺ​ជា​សេចក្តី​សម្រេច​ចុងក្រោយ​ហើយ​បន្ទាប់មក ក្រសួង​ការងារ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ទៅកាន់​ភាគី​ពាក់ព័ន្ធ​អស់​ហើយ។

លោក អ៊ំ មាន​ បាន​ចោទ​ប្រកាន់​ការ​តវ៉ា​នេះ​ថា គឺជា​ការ​តវ៉ា​មិន​ផ្លូវការ​ និង​ធ្វើ​ឡើង​ដោយ​មិន​គោរព​គោលការណ៍​ប្រជាធិបតេយ្យ។ មន្ត្រី​ជាន់ខ្ពស់​រូប​នេះ​បាន​បន្ត​ទៀត​ថា ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ការងារ​នា​ពេល​កន្លងមក​ គឺ​កើត​ចេញ​ពី​ការ​បោះឆ្នោត​ដោយ​មាន​សម្លេង​គាំ​ទ្រ​ចំនួន​២០​​និង​សម្លេង​ប្រឆាំង​ចំនួន​៥។ ដូច្នេះ​ការ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​នេះ​គឺ​ជា​សម្លេង​ភាគតិច។ សម្លេង​ភាគតិច​ត្រូវតែ​គោរព​សម្លេង​ភាគ​ច្រើន។

សូម​បញ្ជាក់​ថា សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ជា មុន្នី បាន​ធ្វើ​ការ​ប្រឆាំង​តវ៉ា​ខ្លាំង​ជាង​គេ​ទៅ​នឹង​ការ​ដំឡើង​ប្រាក់ខែ​តិចតួច​និង​តៀម​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​ទៀត​ផង​ ប៉ុន្តែ​នៅ​ទី​បញ្ចប់ មេ​ដឹកនាំ​សហជីព​រូប​នេះ​បាន​បោះបង់​គម្រោង​កូដកម្ម​ចោល​ទៅវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ