អានតួអត្ថបទ
កម្ពុជា

ថៃ​មិន​ទាន់​ដោះ​លែង​ពលករ​ខ្មែរ​ទាំង​១៤​នាក់​ទេ​

ក្រោយ​​ការ​ផ្ស​ព្វ​ផ្សាយ​​របស់​​សារព័ត៌មាន​​ថៃ​​ថា​​នឹង​មាន​​ការ​ដោះ​លែង​​ពលករ​​ខ្មែរ​​ទាំង​១៤​នាក់​​ដែល​​កំពុង​​ជាប់​ពន្ធនាគា​​រ​ក្នុង​​ស្រុក​ថៃ​​នោះ ​នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​ទី​៣​ កក្កដា​ ក្រសួង​​ការ​បទេស​​កម្ពុជា​​បាន​​បញ្ជាក់​ថា ​ពុំ​ទាន់​​មាន​​ព័ត៌មាន​​ផ្លូវ​ការ​​ណា​មួយ​​ត្រូវ​បាន​​បញ្ជាក់​​ម​ក​​ភាគី​​ថៃ​​នោះ​ទេ​។​ ប៉ុន្តែ​​គេ​​រំពឹង​ថា​​ពលករ​​ខ្មែរ​​នឹង​​ត្រូវ​បាន​​ដោះ​លែង​។

ពលករខ្មែរខុសច្បាប់នៅក្នុងរថយន្តទ្រុងអាជ្ញាធរថៃ។
ពលករខ្មែរខុសច្បាប់នៅក្នុងរថយន្តទ្រុងអាជ្ញាធរថៃ។ RFI
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក កុយ គួ​ង​បាន​បញ្ជាក់ថា រហូតមកដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ មិនទាន់មាន​ដំណឹង​ជា​ផ្លូវ​ការណាមួយ​ត្រូវបាន​ភាគី​ថៃ​បានផ្តល់​មកកាន់​ភាគី​កម្ពុជា​ស្តីពី​បញ្ហា​ពលករ​នោះទេ។ លោក​បាន​សង្កត់ធ្ងន់ថា ស្ថានទូត​កម្ពុជា​និង​អគ្គ​កុងស៊ុល​កម្ពុជា កំពុង​តាមដាន​ពី​បញ្ហា​នេះ។

ការ​ថ្លែង​បញ្ជាក់​យ៉ាងដូច​នេះ គឺធ្វើឡើង​ក្រោយពី​បណ្តាញ​ព័ត៌មាន​ថៃ​ដែល​បានចេញ​ផ្សាយ​កាលពី​ម្សិលមិញ​ដោយ​ដកស្រង់​សម្តី​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ស្តីទី​របស់​ថៃ​ថា ពលករ​ខ្មែរ​ចំនួន១៤នាក់​ដែល​កំពុង​ជាប់ពន្ធនាគារ​នៅ​ថៃ​នឹង​ត្រូវបាន​ដោះលែង​បន្ទាប់ពី​សកម្មជន​អាវ​លឿង​ថៃ វីរៈ​ស៊ុម​ខ្វាម​ឃី​ត បាន​វិលត្រឡប់​ទៅដល់​ទឹកដី​ថៃ​វិញ។ បើតាម​បាងកក​ប៉ុស្តិ៍​ ភាគី​ថៃ​បាន​អះអាង​ពលករ​ខ្មែរ​ទាំងអស់​នៅ​មិនទាន់​ត្រូវបាន​តុលាការ​កាត់ទោស​នៅឡើយ​ទេ ។ដូចនេះ​ថៃ​អាចអនុវត្ត​តាម​សំណើរបស់​កម្ពុជា​ដោយ​ទម្លាក់​ការចោទប្រកាន់​ទាំងអស់ និង​បញ្ជូន​មកកាន់​កម្ពុជា​វិញ។

ដំណឹង​នៃ​ការប្រកាស​ដោះលែង​ពលករ​ខ្មែរ​ចំនួន១៤នាក់ដែល​កើតឡើង​ក្រោយ​កម្ពុជា​ដោះលែង​មេដឹកនាំ​សកម្មជន​អាវ​លឿង​ថៃ វីរៈ​ស៊ុម​ខ្វាម​ឃី​ត​នេះ បាន​បណ្តាលឱ្យ​មានការ​លើកឡើងថា កម្ពុជា និង​ថៃ​ដោះដូរ​អ្នកទោស​គ្នា។ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី៣កក្កដា​នេះ បាន​បដិសេធថា ការដោះលែង​សកម្មជន​អាវ​លឿង វីរៈ ស៊ុម​ខ្វាម​ឃី​ត មិន​មែន​ជា​ថ្នូរ​នៃ​ការដោះលែង​ពលករ​ខ្មែរ​ខុសច្បាប់​ក្នុង​ពន្ធនាគារ​ថៃ​ទេ។

យ៉ាងណាក៏ដោយ លោកនាយក​រដ្ឋមន្ត្រី បាន​ស្នើឱ្យ​ប្រមុខ​រដ្ឋាភិបាលយោធា​ថៃ ប្រា​យុទ្ធ ​ចាន់​អ៊ូ​ចា គួរ​ពិចារណា​ដោះលែង​ពលករខ្មែរ​ទាំង ១៤នាក់ ដែល​តម្រួត​ថៃ​ចាប់ខ្លួន ព្រោះ​កាន់​លិខិតឆ្លងដែន​ខុសច្បាប់។

សូមបញ្ជាក់​ជូន​ថា ពលករ​ខ្មែរ​ចំនួន១៤នាក់​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់​ឃាត់ខ្លួន​កាលពីដើម​ខែមិថុនា​កន្ល​ង​ទៅ​ដោយសារ​ការប្រើប្រាស់​លិខិតឆ្លងដែន និង​បណ្ណ​ការងារ​ក្លែងក្លាយ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ គេ​នៅ​រំពឹងថា ពលករ​ខ្មែរ​ចំនួន១៤នាក់​ដែល​កំពុង​ជាប់ពន្ធនាគារ​នៅ​ស្រុកថៃ នឹង​ត្រូវបាន​ដោះលែង​ក្នុងពេលឆាប់ៗនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ