អានតួអត្ថបទ
កម្ពុជា

សហភាព​អឺរ៉ុប​បើក​គម្រោង​ថ្មី​ដើម្បី​ទាក់ទាញ​ការ​វិនិយោគទុន​របស់​អឺរ៉ុប​មក​កម្ពុជា

សហភាព​អឺរ៉ុប​ បាន​បើក​ដំណើរ​ការ​កម្មវិធី​ «អាជីវកម្ម​អឺរ៉ុប​នៅក្នុង​ទីផ្សារ​អាស៊ី​​អាគ្នេយ៍»។​ ជា​កម្មវិធី​ថ្មី ​ដែល​នឹង​ជួយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ឯកជន​របស់​អឺរ៉ុប​ឲ្យ​មក​ធ្វើ​អាជីវកម្ម​នៅ​អាស៊ី​អាគ្នេយ៍​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ដែរ។​ គម្រោង​នេះ​ក៏​នឹង​សហការ​ជា​មួយ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SMEs)​ នៅ​ក្នុង​ស្រុក ​ដើម្បី​បង្កើត​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ផង​ដែរ។

លោក ហ្សង់ហ្វ្រង់ស័រ កូតាំង (Jean-François Cautain) និង លោក អេម៉ានុយអែល មឺណង់ទូ (Emmanuel Menanteau) កំពុង​ធ្វើ​សន្និសីទ
លោក ហ្សង់ហ្វ្រង់ស័រ កូតាំង (Jean-François Cautain) និង លោក អេម៉ានុយអែល មឺណង់ទូ (Emmanuel Menanteau) កំពុង​ធ្វើ​សន្និសីទ សហការី
ផ្សាយពាណិជ្ជកម្ម

សភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ​ហៅ​កាត់​ថា​ អឺរ៉ូ​ស្សាម​ (EuroCham)​ បាន​បើក​ដំណើរ​ការ​កម្មវិធី​ថ្មី​មួយ​គឺ​«អាជីវកម្ម​អឺរ៉ុប​នៅ​ក្នុង​ទីផ្សារ​អាស៊ី​អាគ្នេយ៍»​(SEBSEAM)​ នៅ​សណ្ឋាគារ​ ឡឺរ៉ូយ៉ាល់ ​(Le Royal)​ នា​ថ្ងៃ​ទី​១៦​កញ្ញា​នេះ។ ​កម្មវិធី​នេះ​គ្រោង​នឹង​ចំណាយ​ថវិកា​ចំនួន​៣​លាន​អឺរ៉ូ​ (គឺ​ស្មើ​នឹង​ជិត​៤លាន​ដុល្លារ​សហរដ្ឋអាមេរិក)​ សម្រាប់​រយៈ​ពេល​៥​ឆ្នាំ ​ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​អាជីវកម្ម​ឯក​ជន​របស់​សហភាព​អឺរ៉ុប​ មក​វិនិយោគទុន​នៅ​កម្ពុជា​ និង​នាំ​ចេញ​​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប។

លោក ​អេម៉ានុយអែល ​មឺណង់ទូ​ (Emmanuel Menanteau)​ ប្រធាន​សភា​ពាណិជ្ជកម្ម​សហ​ភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ បាន​និយាយ​ថា​ គម្រោង​នេះ ​នឹង​ជួយ​ពន្យល់​ដល់​ក្រុមហ៊ុន​ឯកជន​របស់​អឺរ៉ុប​ ពី​ស្ថានភាព​សក្តានុពល​អាជីវកម្ម​របស់​កម្ពុជា ​ព្រម​ទាំង​ណែនាំ​ពី​វិស័យ​អាទិភាព​សម្រាប់​​ការ​បណ្តាក់​ទុន។​ លោក​បន្តថា ​គម្រោង​នេះ ​នឹង​សហការ​ជាមួយ​សហ​គ្រាស​ធុន​តូច​និង​មធ្យម​ (SMEs)​នៅ​កម្ពុជា ​ដើម្បី​ស្វែង​រក​ដៃគូ​ល្អ​ៗ​មក​ពី​អឺរ៉ុប​ ក្នុង​ទិសដៅ​ជំរុញ​ការ​នាំ​ចេញ​ឲ្យ​កាន់​តែ​ប្រសើរ។

សូម​បញ្ជាក់​ថា​ ការ​វិនិយោគទុន​ផ្នែក​ឯកជន​របស់​ប្រទេស​សមាជិក​ទាំង​២៨​នៃ​សហភាព​អឺរ៉ុប ​នៅ​តំបន់​អាស៊ាន​ មាន​ចំនួន​២៧​ភាគរយ​ ក្នុង​នោះ ​ការ​បណ្តាក់​ទុន​វិនិយោគ​របស់​អឺរ៉ុប​នៅ​កម្ពុជា​ មាន​ចំនួន​តែ​២​ភាគរយ​ប៉ុណ្ណោះ។ ​នេះ​បើ​តាម​លោក ​ហ្សង់​ហ្វ្រង់​ស័រ កូតាំង (Jean-François Cautain) ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា។ ​លោក​សម្តែង​ការ ស្តាយ​ថា ​ក្រុមហ៊ុន​របស់​អឺរ៉ុប​នៅ​កម្ពុជា ​មាន​តិច​តួច​ បើ​ប្រៀប​នឹង​ក្រុមហ៊ុន​របស់​ចិន ​កូរ៉េ និង​ជប៉ុន​ ជា​​ដើម។ យ៉ាង​ណា​ក៏​ដោយ​ ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​អះអាង​ថា​ ស្ថេរភាព​នយោបាយ​របស់​​កម្ពុជា​បច្ចុប្បន្ន​បាន​ល្អ​ប្រសើរ​ដែល​ជា​ឱកាស​ល្អ​សម្រាប់​ការ​ធ្វើ​អាជីវកម្ម។

គួរ​បញ្ជាក់​ថា​ គម្រោង​«អាជីវកម្ម​អឺរ៉ុប​នៅ​ក្នុង​ទីផ្សារ​អាស៊ី​អាគ្នេយ៍»​សម្រាប់​ជួយ​ដល់​ប្រទេស​ក្រីក្រ​ និង​ប្រទេស​កំពុង​អភិវឌ្ឍ។ ​កម្មវិធី​នេះ ​មាន​នៅ​ស្ទើរ​តែ​គ្រប់​ប្រទេស​នៅ​តំបន់​អាស៊ាន លើក​លែង​តែ​សិង្ហបុរី​ និង​ព្រុយណេ ​ដោយសារ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​នេះ​ រីក​ចម្រើន​ហើយ។

លោក​ ប៉ាន ​សូរស័ក្តិ​ រដ្ឋលេខាធិការ​ ក្រសួង​ពាណិជ្ជកម្ម​ បាន​ថ្លែង​ការ​គាំទ្រ​ចំពោះ​គម្រោង​របស់​សហភាព​អឺរ៉ុប​នា​ពេល​នេះ។ ​លោក​ទទួល​ស្គាល់​ថា ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ កម្ពុជា​នៅមាន​ភាព​ខ្វះខាត​ផ្នែក​បច្ចេកទេស​នៅ​ឡើយ​ ហើយ​ថា​ គម្រោង​នេះ​នឹង​ជួយ​គិតគូរ​បន្ថែមទៀត ​ពី​ផ្នែក​បច្ចេក​ទេស​វិជ្ជា​ជីវៈ​ដល់​យុវជន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ