អានតួអត្ថបទ
កម្ពុជា

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​ គ្រោង​បើក​សិក្ខា​សាលា​ស្តី​ពី​រឿង​រ៉ាវ​ទឹកដី​កម្ពុជា​ក្រោម​រៀង​រាល់​សប្តាហ៍​

សហព័ន្ធ​​និស្សិត​​បញ្ញវន្ត​​កម្ពុជា​ គ្រោង​​រៀប​ចំ​​សិក្ខា​សាលា​​ស្តី​ពី​​រឿង​រ៉ាវ​​នៃ​​ទឹក​ដី​​កម្ពុជា​​ក្រោម​ ជា​​រៀង​រាល់​​សប្តាហ៍​ និង​ ឲ្យ​​បាន​​គ្រប់​​ខេត្ត​​ក្រុង​​នៅ​​ទូ​ទាំង​ប្រទេស​​កម្ពុជា។​ នេះ​​បើ​តាម​​សេចក្តី​អំពាវ​នាវ​​របស់​​សហព័ន្ធ​​និស្សិត​​បញ្ញវន្ត​​កម្ពុជា​ ដែល​​បាន​ចេញ​​ផ្សាយ​​កាល​ពី​​ថ្ងៃ ​សៅរ៍ ​ទី​ ០៩​ សីហា ​ម្សិល​មិញ​។​​ លោក​ ម៉ៅ ​ពិសេស ​ប្រធាន​​សហព័ន្ធ​​និស្សិត​​បញ្ញវន្ត​​កម្ពុជា​​បាន​​អះ​អាង​ថា ​សិក្ខា​សាលា​​នេះ ​នឹង​ធ្វើ​​ឲ្យ​​ប្រជា​ពលរដ្ឋ​​​ក៏​ដូច​ជា ​សិ​ស្ស​ និស្សិត​​ខ្មែរ​​យល់​ដឹង​បាន​​កាន់​តែ​​ច្បាស់​​ពី​​ប្រវត្តិ​សាស្ត្រ​​ទឹក​ដី​​កម្ពុជា​​ក្រោម​។​

លោក ម៉ៅ ពិសេស (រូបកណ្តាល) នៅក្នុងសន្និសីទកាសែតនៅថ្ងៃទី ១៨ កក្កដា ឆ្នាំ ២០១៤។
លោក ម៉ៅ ពិសេស (រូបកណ្តាល) នៅក្នុងសន្និសីទកាសែតនៅថ្ងៃទី ១៨ កក្កដា ឆ្នាំ ២០១៤។ RFI
ផ្សាយពាណិជ្ជកម្ម

ចាប់ពី​សប្តាហ៍​ក្រោយនេះ​តទៅ សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​នឹង​បើក​សិក្ខាសាលា​មួយ​ស្តីពី​រឿងរ៉ាវ​ទឹកដី​កម្ពុជា​ក្រោម ជា​រៀងរាល់​ចុង​សប្តាហ៍ ដល់​សិស្ស​និស្សិត​ខ្មែរ​ដែល​មិនទាន់បាន​យល់ដឹង​ស៊ីជម្រៅ​ពី​រឿង​ទឹកដី​កម្ពុជា​ក្រោម​នេះ។

តាមរយៈ​សេចក្តីអំពាវនាវ​ចុះ​ថ្ងៃទី ០៩ សីហា សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​បានលើកឡើង​ថា សិស្ស​និស្សិត​ខ្មែរ​មួយចំនួន​មិនបាន​ដឹង​ពី​ប្រវត្តិសាស្ត្រ​រឿងរ៉ាវ​ទឹកដី​កម្ពុជា​ក្រោម ដែល​ធ្វើ​ឲ្យ​វត្តមាន​របស់​ពួកគេ​ចូលរួម​បាតុកម្ម​ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​សុំទោស​ចំពោះ​រឿង​ទឹកដី​កម្ពុជា​ក្រោម​នាពេល​កន្លងមក នៅមានកម្រិត។ តាមរយៈ​សេចក្តីអំពាវនាវ​នេះ សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា បាន​ចោទ​រដ្ឋាភិបាល​ថា មិនបាន​ឲ្យ​សិស្ស​និស្សិត​ខ្មែរ​ចេះដឹង​ពី​ប្រវត្តិ​ទាក់ទង​នឹង​ទឹកដី​កម្ពុជា​ក្រោម​នេះ។

លោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃអាទិត្យ ទី ១០ សីហា បន្ថែម​ពី​សេចក្តីអំពាវនាវ​នោះ​ថា សិស្ស​និស្សិតក្មេងៗបច្ចុប្បន្ន មិនបាន​រៀន​ពី​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម​ទេ ឫ​រៀន​ប្រវត្តិសាស្ត្រ​បាន​តិច​តូច​បំផុត។ ដូច្នេះ​សិក្ខាសាលា​នេះ​នឹង​ជួយ​អប់រំ​ដល់​សិស្ស​និស្សិត​ទាំងនោះ​បានដឹង​ច្បាស់​ពី​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម​ដែល​បាន​បាត់បង់​ទៅ​ឲ្យ​ប្រទេស​វៀតណាម។ លោក បន្តថា សិក្ខាសាលា​នេះ​នឹង​ធ្វើឡើង​រៀងរាល់​ថ្ងៃអាទិត្យ ចាប់ពី​សប្តាហ៍​ក្រោយនេះ​តទៅ ដោយ​ជំហាន​ដំបូង​ចាប់ផ្តើម​នៅ​រាជធានី​ភ្នំពេញ និង បន្តទៅ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា​ប្រសិនបើ​មាន​លទ្ធ​ភាន​នោះ។

លោក ម៉ៅ ពិសេស  បាន​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​ជួយឧបត្ថម្ភ​ជា​ថវិកា​ដើម្បី​ទិញ​សៀវភៅ​ប្រវត្តិសាស្ត្រ​នៃ​ទឹកដី​កម្ពុជា​ក្រោម បោះ​ពុ​ម្ភ​អាវយឺត ទឹកបរិសុទ្ធ និង សម្រាប់​ការចំណាយ​លើ​ការធ្វើដំណើរ​ចុះទៅ​ធ្វើ​សិក្ខាសាលា​នៅតាម​បណ្តា​ខេត្ត​នានា។

សូមបញ្ជាក់ថា សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​ធ្លាប់បាន​ដឹកនាំ​បាតុកម្ម​ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ធ្វើការ​សុំទោស​ចំពោះ​ការលើកឡើង​របស់ខ្លួន​ដែលថា ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​តាំងពី​យូរយារ​ណាស់​មកហើយ​នោះ ចំនួន​ពីរ​លើក​រួច​
មកហើយ។ ចំណែក​គម្រោង​រៀបចំ​សិក្ខាសាលា​នេះ គឺជា​បេសកកម្ម​ថ្មី​មួយទៀត​របស់​សហព័ន្ធ​នេះ​ក្នុង​បង្រៀន​ឲ្យ​យុវជន​យល់បាន​ច្រើន​ពី​ទឹកដី​កម្ពុជា​ក្រោម ដែល​អាច​ឲ្យ​ពួកគេ​ចួ​ល​រូ​ម​បាតុកម្ម​តវ៉ា​ឲ្យ​អ្នកនាំពាក្យ​សុំទោស​ចំពោះ​ការលើកឡើង​របស់ខ្លួន​បាន​ច្រើន​ថែមទៀត៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ