អានតួអត្ថបទ
កម្ពុជា

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ប្រើ​ប្រាស់​ទីលាន​ប្រជាធិបតេយ្យ​មុន​គេ​ បន្ទាប់​ពី​បើក​ឡើង​វិញ​

បន្ទាប់​ពី​​បើក​​ឲ្យ​​មាន​ការ​​ជួប​ជុំ​​សម្តែង​​មតិ​​ឡើង​វិញ​​កាល​ពី​​ថ្ងៃ​ទី ​០៥ ​សីហា ​ទីលាន​​ប្រជា​ធិប​តេយ្យ​​ដែល​​បាន​​ជាប់​ឃុំ​​ជា​ច្រើន​​ខែ​​នោះ ​នឹង​ត្រូវ​​សមាគម​​ខ្មែរ​​កម្ពុជា​​ក្រោម​​ប្រើ​ប្រាស់​​មុន​គេ ​។ ​ក្រោយ​​ជួប​​ពិភាក្សា​គ្នា​​នៅ​​រសៀល​​ថ្ងៃ ​សុក្រ​​នេះ ​សាលា​​រាជធានី​​ភ្នំពេញ ​បាន​អនុញ្ញាត​​ឲ្យ​​សមា​គម​​ខ្មែរ​​កម្ពុជា​ក្រោម ​ធ្វើ​កា​រ​​ជួប​ជុំ​​ជាមួយ​​ប្រជា​ពលរដ្ឋ​ និង ​ក្រុម​យុវជន​​ផ្សេង​ទៀត​​នៅ​លើ​​ទី​លាន​​ប្រជា​ធិបតេយ្យ​​នៅ​​ថ្ងៃ​ទី ​១១ ​សីហា​​ខាង​មុខ ​ដើម្បី​​ជួប​ជុំ ​សម្តែង​​មតិ​​ទាមទារ​​ឲ្យ​​អ្នក​នាំ​ពាក្យ​​ស្ថាន​ទូត​​វៀត​ណាម​​សុំ​ទោស​​រឿង​​ទឹក​ដី​​កម្ពុជា​​ក្រោម​។ ​ប៉ុន្តែ​​មិន​​ឲ្យ​​មាន​ការ​​ហែរ​ក្បួន​ដាក់​​ញ្ញ​តិ​​ក្រោម​​ទ្រង់​ទ្រាយ​​ធំ​​នោះ​ទេ​។

អាជ្ញាធរ​រើ​លួស​បន្លា​ដោះ​លែង​ទីលាន​ប្រជា​ធិបតេយ្យ​។​
អាជ្ញាធរ​រើ​លួស​បន្លា​ដោះ​លែង​ទីលាន​ប្រជា​ធិបតេយ្យ​។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

 

សាលា​​រាជ​ធានី​​ភ្នំពេញ​​បាន​អនុញ្ញាត​​ឲ្យ​​សមាគម​​ខ្មែរ​​កម្ពុជា​​ក្រោម​ ធ្វើ​ការ​​ជួបជុំគ្នា​សម្តែង​មតិ​នៅលើ​ទីលាន​ប្រជាធិបតេយ្យ ។ ជាការ​ជួបជុំ ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ធ្វើការ​សុំទោស និង ទទួលស្គាល់​ប្រវត្តិសាស្ត្រ​ពិត​នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម។

លោក ថាច់ សេដ្ឋា ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ល្ងាច​នេះ​ថា សាលា​រាជធានី​ភ្នំពេញ​បាន​ឯកភាព​ឲ្យ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើការ​ជួបជុំ​នៅលើ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃទី ១១ សីហា តែ​បាន​បដិសេធ​មិន​ឲ្យ​មាន​ហែរ​ក្បួន​ទ្រង់ទ្រាយ​ធំ​នោះទេ។

បើតាម​គម្រោង សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​ជួបជុំ​ជាមួយ​ប្រជា​ពលរដ្ឋ ជាង​មួយ​ពាន់​នាក់ ហែក្បួន យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួងការបរទេស បណ្តា​ស្ថានទូត​ប្រទេស​អាស៊ាន និង ស្ថានទូត​វៀតណាម ដើម្បី​ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​សុំទោស​ចំពោះ​ការលើកឡើង​របស់ខ្លួន​ដែលថា ទឹកដី​កម្ពុជា​ក្រោម ជា​របស់​វៀតណាម​តាំងពី​យូរយារ​ណាស់​មកហើយ​នោះ។ ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ កំណត់​ឲ្យ​ជួបជុំ​មិន​លើសពី ២០០ នាក់ និង អនុញ្ញាត​ឲ្យ​មាន​តំណាង​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត តែ​មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បូន​នោះទេ។

យ៉ាងណាក៏ដោយ លោក ថាច់ សេដ្ឋា បាន​ឯកភាព​ជាគោលការណ៍​ហើយ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ប៉ុន្តែ​ការកំណត់​ចំនួន​មនុស្ស​មិន​លើសពី ២០០ នាក់​នោះ មិនទាន់​ត្រូវរ៉ូវ​គ្នា​នៅឡើយ​ទេ។

លោក ឡុង ឌី​ម៉​ង់ អ្នក​នាំ​សាលា​រាជធានី​ភ្នំពេញ បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ដែរ​ថា ការកំណត់​មនុស្ស​ចូលរួម​នេះ សាលា​រាជធានី​ភ្នំពេញ​នឹង​ស្នើសុំ​គោលការណ៍​ពី​ក្រសួងមហាផ្ទៃ​ជា​បន្តទៀត។ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​គូសបញ្ជាក់ថា មូលហេតុ​ដែល​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​ហែ​ក្បួន​នោះ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ។

សូមបញ្ជាក់ថា សមាគម​ខ្មែរ​កម្ពុជា​ក្រោម រួួមទាំងសហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា និង ក្រុមយុវជន​ផ្សេងទៀត​ធ្លាប់បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើ​ការតវ៉ា​ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​សុំទោស​ជា​សាធារណៈ​ពីរ​ម្តង​រួចមកហើយ តែ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​នៅតែ​មិន​ចេញមក​សុំទោស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដដែល៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ