អានតួអត្ថបទ
កម្ពុជា

ការ​បង្រ្កាបបាតុកម្ម​នៅ​កម្ពុជា​ត្រូវបាន​ចុះផ្សាយ​ព្រោងព្រាត​លើ​បណ្តាញ​ព័ត៌មាន​បរទេស

ហេតុការណ៍​បង្រ្កាប​បាតុកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បណ្តាល​ឲ្យ​ស្លាប់​ និង​របួស​មនុស្ស​ជាច្រើន​នាក់ កាលពី​ថ្ងៃ​សុក្រ គឺ​ជា​ប្រធានបទ​ដ៏​សំខាន់​មួយ ដែល​ត្រូវ​បាន​ចុះផ្សាយ​ព្រោងព្រាត​ ដោយបណ្តាញ​ព័ត៌មាន​បរទេស។

RFI
ផ្សាយពាណិជ្ជកម្ម

កម្ពុជា៖ ប៉ូលិស​បាញ់​ប្រហារ​ទៅលើ​បាតុករ​ជា​កម្មករ​កាត់ដេរនេះ​គឺជា​ចំណងជើង​អត្ថបទ​របស់​កាសែត​បារាំង ឈ្មោះ Libération ចុះផ្សាយ នៅថ្ងៃ​សៅរ៍​នេះ។ Libération ដែល​ជា​កាសែត​ឆ្វេងនិយម​ ស្និទ្ធ​នឹង​គណបក្ស​កាន់អំណាច​បារាំង បាន​គូសបញ្ជាក់ថា ការបង្រ្កាប​បាតុកម្ម “ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច ៣នាក់ កាល​ពីថ្ងៃ​សុក្រ កំពុង​តែ​ធ្វើ​ឲ្យ​វិបត្តិ​សង្គម និង​នយោបាយ​កម្ពុជា ដែល​បាន​អូសបន្លាយ​ពេល​ ៦ខែ​មក​ហើយ​នោះ មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​”។ កាសែត Libération ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា កម្មករ​កាត់ដេរ​នៅ​កម្ពុជា​ភាគច្រើន​​ធ្វើការ​ឲ្យ​ម៉ាក​សម្លៀកបំពាក់ធំៗ​ខ្នាត​អន្តរជាតិ។

កាសែត Le Figaro ដែល​ជា​កាសែត​ស្និទ្ធ​នឹង​បក្ស​ប្រឆាំង​បារាំង​ ក៏​បាន​ចុះផ្សាយ​ពី​ហេតុការណ៍​បង្រ្កាប​បាតុកម្ម​នៅ​កម្ពុជា​ដែរ ដោយ​បាន​សរសេរ​នៅ​ក្នុង​លេខ​ចុះផ្សាយ​ថ្ងៃ​សៅរ៍​នេះ​ថា “គណបក្ស​ប្រឆាំង​ដឹកនាំ​ដោយ​លោក​សមរង្ស៊ី​បរិហារ​រិះគន់​ការ​បង្រ្កាប​ដោយ​បង្ហូរ​ឈាម​ទៅលើ​បាតុករ ក្នុងពេល​ដែល​កំហឹង​ផ្ទុះឡើង​កាន់តែ​ខ្លាំង ចំពោះ​នាយករដ្ឋមន្រ្តី​កម្ពុជា" កាសែត Le Figaro បាន​រំឭក​អំពី​ដំណើរដើមហេតុ​នៃ​បាតុកម្ម​​ថា កម្មករ​កាត់ដេរ​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ខែ ១ទ្វេ​ជាពីរ ពោល​គឺ​ពី ៨០ដុល្លារ​ក្នុងមួយខែ​នាពេល​បច្ចុប្បន្ន ទៅ ១៦០​ដុល្លារ​ក្នុង​មួយខែ។ ចំណែក​រដ្ឋាភិបាល​កម្ពុជាវិញ​ បដិសេធ​មិន​ដំឡើង​លើសពី ១០០ដុល្លារ។

ការបាញ់​ប្រហារ​បង្រ្កាប​បាតុកម្ម​បាន​កើតមាន​ឡើង នៅ​ក្នុង​ពេល​ដែល​កម្មករ​កាត់ដេរ​រាប់ពាន់នាក់​នាំគ្នា​បិទផ្លូវ​នៅ​មុខ​រោងចក្រ ហើយ​បាតុករ​ខ្លះ​ ដែល​ប្រដាប់​ដោយ​ដំបង ដុំថ្ម និង​ដបសាំង​ នាំគ្នា​ប្រឈមមុខ​នឹង​កម្លាំង​រដ្ឋាភិបាល” នេះ​គឺ​ជា​ការ​សរសេរ​រៀបរាប់​របស់​កាសែត​បារាំង​មួយទៀត ឈ្មោះ Lemonde។

ចំពោះ​សារព័ត៌មាន​ជា​ភាសា​អង់គ្លេស​វិញ គេឃើញ​ថា កាសែត​អាមេរិក​ The Washington Post, The New York Times, The Wall Street Journal ទស្សនាវដ្តី Times ព្រមទាំង​បណ្តាញ​ទូរទស្សន៍​អន្តរជាតិ ដូចជា CNN, BBC និង Al Jazeera ជាដើម សុទ្ធតែ​នាំគ្នា​ចាប់អារម្មណ៍​ទៅលើ​ហេតុការណ៍​បង្រ្កាប​បាតុកម្ម​នៅ​កម្ពុជា។

ទូរទស្សន៍ CNN បាន​ធ្វើការ​កត់សម្គាល់​ទៅលើ​តួលេខ​ខុសៗគ្នា រវាង​អាជ្ញាធរ​និង​សង្គម​ស៊ីវិល ដោយ​មន្រ្តី​ប៉ូលិស​ក្រុង​អះអាង​ថា ការបង្រ្កាប​បាតុកម្ម កាល​ពីថ្ងៃ​សុក្រ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣នាក់ និង​របួស ២នាក់ ចំណែក​ឯ​អង្គការ​សិទ្ធិមនុស្ស​វិញ​អះអាង​ថា មាន​មនុស្ស​យ៉ាងតិច ៤នាក់​ត្រូវ​បាត់បង់​ជីវិត និង​រាប់សិបនាក់​ផ្សេងទៀត​រងរបួស។

ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​បាន​ទទួលស្គាល់​ថា បាតុករ​ត្រូវ​បាន​បង់​ជីវិត នៅ​ពេល​ដែល​ប៉ូលិស​បាន​ប្រើ​កាំភ្លើង​ធុន អាកា ដើម្បី​បាញ់​បំបែក​បាតុកម្ម” នេះ​បើតាម​​​កាសែត The New York Times។ កាសែត The New York Times ដែល​បាន​ចុះផ្សាយ​អត្ថបទ​មួយ​នៅលើ​វិបសៃត៍​របស់​ខ្លួន នៅថ្ងៃ​សៅរ៍​នេះ ដោយ​ដាក់​ចំណងជើង​ថា ប៉ូលិស​កម្ពុជា​បំបែក​បាតុករ​នៅ​ទីលាន​ប្រជាធិបតេយ្យមួយថ្ងៃ​មុន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ដែល​គ្រោង​ធ្វើ​នៅថ្ងៃ​អាទិត្យ។ New York Times ក៏​បាន​បញ្ជាក់​ផងដែរ​ថា នៅ​ក្នុង​ការបំបែក​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ នៅ​ព្រឹកថ្ងៃ​សៅរ៍​នេះ មិនមាន​អំពើ​ហិង្សា ដូច​ការ​បង្រ្កាប​បាតុកម្ម កាល​ពីល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ