អានតួអត្ថបទ
កម្ពុជា

រាជរដ្ឋាភិបាល​កម្ពុជា ការពារ​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​ក្រោយ​ការ​បង្ក្រាប​ដោយ​ហិង្សា និង​ការ​បោស​សម្អាត​ទីលាន​ប្រជាធិបតេយ្យ

រាជរដ្ឋាភិបាល​កម្ពុជា នៅ​រសៀល​​ថ្ងៃ​ទី​៤​មករា​នេះ បាន​បើក​ធ្វើ​សន្និសីទកាសែត​មួយ​នៅ​ទី​ស្ដីការ​គណៈរដ្ឋ​មន្ដ្រី ដើម្បី​ថ្លែង​ការពារ​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ របស់​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​អន្ដរជាតិ។ ជា​ការ​ចោទ​ប្រកាន់ និង​ថ្កោល​ទោស ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​ដោយ​ហិង្សា​ចាប់​តាំង​ពី​ថ្ងៃ​ទី​២​មករា រហូត​ដល់​ការ​បណ្ដេញ​បាតុករ​របស់​គណបក្ស​ប្រឆាំង ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ នៅ​ពេល​ថ្ងៃ​ត្រង់​កន្លង​ទៅ​នេះ។

លោក​កែវ រ៉េមី រដ្ឋលេខាធិការ​ទីស្ដី​ការ​គណៈរដ្ឋ​មន្ដ្រី ថ្លែង​ទៅ​កាន់​អ្នក​កាសែត នៅ​ថ្ងៃ​ទី​៤​មករា ឆ្នាំ​២០១៤
លោក​កែវ រ៉េមី រដ្ឋលេខាធិការ​ទីស្ដី​ការ​គណៈរដ្ឋ​មន្ដ្រី ថ្លែង​ទៅ​កាន់​អ្នក​កាសែត នៅ​ថ្ងៃ​ទី​៤​មករា ឆ្នាំ​២០១៤
ផ្សាយពាណិជ្ជកម្ម

លោក​កែវ រ៉េមី រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ ដែល​រៀបចំ​ធ្វើ​នៅ​រសៀល​ថ្ងៃ​ទី​៤​មករា ថា រាជរដ្ឋាភិបាល​កម្ពុជា គាំទ្រ​បាតុកម្ម​អហិង្សា។ ក៏​ប៉ុន្តែ​បើ​តាម​លោក​កែវ រ៉េមី សំណើ​​​របស់​គណបក្ស​ប្រឆាំង​ចុង​ក្រោយ​នេះ ដើម្បី​ធ្វើ​បាតុកម្ម​ជា​រៀង​រាល់​ថ្ងៃ និង​ជា​រៀង​រហូត មាន​ចរិត​ផ្ដួល​រំលំ។ ការ​បោស​សម្អាត​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​៤​មករា​នេះ ធ្វើ​ឡើង​ដើម្បី​រក្សា​ស្ថានការណ៍​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់ និង​បញ្ចៀស​កុំ​ឲ្យ​មាន​​អនាធិបតេយ្យ​នៅ​ក្នុង​សង្គម។

 

ទាក់ទង​នឹង​អំពើ​​បង្ក្រាប​ដោយ​ហិង្សា​របស់​សមត្ថកិច្ច ទៅ​លើ​ក្រុម​បាតុករ​ក្នុង​អំឡុង​ពេល​ពីរ​ថ្ងៃ​កន្លង​មក​នេះ លោក​កែវ រ៉េមី បាន​បដិសេធ​ចំពោះ​ការ​ប្រើ​ប្រាស់​ពាក្យ​ថា «បង្ក្រាប»។ លោក​​ថា មិន​អាច​ប្រើ​ប្រាស់​ពាក្យ​បង្ក្រាប​បាន​ទេ ព្រោះ​មែន​ទែន​ទៅ​វា​ជា​ការ​ការពារ​របស់​សមត្ថកិច្ច ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​របស់​ក្រុម​ជន​អនាធិបតេយ្យ។

អំពើ​ហិង្សា​ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រង​របួស​ជា​ច្រើន​នាក់ ត្រូវ​បាន​រដ្ឋលេខាធិការ​​រូប​នេះ អះអាង​ថា ជា​ការ​ទទួល​ខុស​ត្រូវ​របស់​​ក្រុម​ជន​អនាធិបតេយ្យ​ដែល​ជា​អ្នក​ញុះញង់ និង​អ្នក​គាំទ្រអ្នក​​ញុះញង់ គឺ​គណបក្ស​សង្គ្រោះជាតិ។ ប៉ុន្តែ​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ​ ធ្លាប់​បាន​ទាត់ចោល​យ៉ាង​ដាច់អហង្ការ​ ការ​ចោទ​ប្រកាន់​ដែលថា​ បក្ស​សង្គ្រោះ​ជាតិ​ជា​អ្នក​អុជអាល​អំពើហិង្សា​នេះ។

ទោះបីជា​បែបណាក៏​ដោយ ​ដើម្បី​ដោះស្រាយ​បញ្ហា​​​នាពេល​បច្ចុប្បន្ន រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា​ មានតែ​ការចរចា​មួយ​តែប៉ុណ្ណោះ ​ដែលជា​ដំណោះស្រាយ​មាន​ប្រសិទ្ធភាព​។ លោក​កែវ រ៉េមី បាន​បញ្ជាក់​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​តែ​បើក​ទ្វារ​ចំហ​ជានិច្ច​សម្រាប់​ការ​ចរចា ជាមួយ​គណបក្ស​សង្គ្រោះជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ