អានតួអត្ថបទ
កម្ពុជា

​សារ​នយោបាយ​នៃ​ភាព​តាន​តឹង កើត​ឡើង​ជាថ្មី

សញ្ញា​នៃ​ភាព​តាន​តឹង​នយោបាយ បាន​កម្រើក​ឡើង​វិញ​ហើយ រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ។ នៅ​ថ្ងៃ​ចន្ទ​នេះ ទន្ទឹម​នឹង​ថ្លែង​អំណរ​គុណ​ដល់អ្នក​បោះ​ឆ្នោត គាំទ្រ​គណបក្ស​ប្រជាជន លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុន សែន ក៏​ឆ្លៀត​វាយ​បក​បក្ស​ប្រឆាំង​វិញ​ថា ពួក​គេ​ក៏​មាន​មុខ​ដដែលៗ ដូច​បក្ស​កាន់​អំណាច​ដែរ។ ចំណែក​លោក​សម រង្ស៊ី ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា ដំណោះ​ស្រាយ​នយោបាយ មិន​ទាន់ដោះ​ស្រាយ​បាន​នៅ​ឡើយ​ទេ បើ​ទោះជា​ពេល​នេះ​ គណបក្ស​​ទាំង​ពីរ កំពុង​ចរចា​រឿង​កំណែ​ទម្រង់​បោះ​ឆ្នោត​ក៏​ដោយ។

លោក សម រង្ស៊ី និង​លោក​ ហ៊ុន សែន
លោក សម រង្ស៊ី និង​លោក​ ហ៊ុន សែន REUTERS
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ក្នុង​ឱកាស​សម្ពោធ​ផ្លូវ​ក្នុង​ខេត្ត​បាត់ដំបង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​អំណរ​គុណ​សារ​ជា​ថ្មី​ទៀត​ ដល់​អ្នក​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​​អស់​។ សម្រាប់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន ការ​គាំទ្រ​នេះ​ហើយ​ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​របស់​លោក អាច​ដឹក​នាំ​ប្រទេស​រហូត​ដល់​សព្វ​ថ្ងៃ​។

ការ​ថ្លែង​អំណរគុណ​ដល់​អ្នក​បោះ​ឆ្នោត​មិន​មែន​ជា​សារ​នយោបាយ​តែ​មួយ​គត់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទេ ប៉ុន្តែ លោក​ក៏​បាន​ឆ្លៀត​សៀត​ស៊ក​ឲ្យ​គណបក្ស​ប្រឆាំង​ផង​ដែរ​។ លោក​អះ​អាង​ថា ពួក​គេ​តែង​រិះ​គន់​ថា រដ្ឋាភិបាល​មាន​មុខ​ដដែល​ៗ ប៉ុន្តែ បក្ស​ប្រឆាំង​ក៏​មាន​មុខ​ដដែល​ៗ​ដូច​គ្នា​ដែរ។

សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋាភិបាល​មុខ​ដដែល​ៗ​នឹង​បន្ត​ដឹក​នាំ​ប្រទេស​យូរ​ត​ទៅ​ទៀត ពីព្រោះ​តែ​ប្រជាជន​ត្រូវ​ការ​មនុស្ស​មុខ​ដដែល​ៗ​នោះ។ សេចក្តី​ថ្លែង​ការណ៍​បែប​នេះ បាន​កើត​ឡើង​ស្រប​ពេល​ដែល​ក្រុម​ការងារ​​បច្ចេកទេស​​គណបក្ស​ទាំង​ពីរ​ កំពុង​បើក​កិច្ច​ចរចា​នៅ​ឯ​ភ្នំពេញ។ កិច្ច​ចរចា​ដែល​មិន​ទទួល​បាន​លទ្ធផល​អ្វី​ទេ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។

គណបក្ស​​សង្គ្រោះ​​ជាតិ​​ក៏​តែង​តែ​បង្ហាញ​ជំហរ​ដាច់​ខាត​មិន​ដក​ថយ​ដែរ ចំពោះ​ការ​ទាមទារ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ។ លោក សម រង្ស៊ី បាន​ថ្លែង​សារ​​ចុង​ក្រោយ​មួយ ​កាល​ពី​​ថ្ងៃ​ទី ៦ មីនា តាម​រយៈ​បណ្តាញ​សង្គម ហ្វេសប៊ុក ដោយ​បញ្ជាក់​ជំហរ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ចូល​ប្រជុំ​សភាជា​ដាច់​ខាត ​ដរាប​ណា​​គ្មាន​ការ​បោះ​ឆ្នោត​​មុន​អាណត្តិ​​​​ទេ​នោះ​។

គួរ​កត់​សម្គាល់​ថា ខណៈ​ដែល​វិបត្តិ​នយោបាយ​នៅ​តែ​ជាប់​គាំង​ដោះ​ស្រាយ​មិន​ចេញ គណបក្ស​ទាំង​ពីរ ​ក៏​បាន​ទុក​បញ្ហា​នយោបាយ​មួយ​ឡែក​សិន ហើយ​ងាក​មក​ចរចា​ថ្នាក់​បច្ចេកទេស ទាក់ទង​នឹង​កំណែ​ទម្រង់​បោះ​ឆ្នោត​វិញ​។ កិច្ច​ចរចា​នេះ ​ត្រូវ​បាន​លោក សម រង្ស៊ី បញ្ជាក់​ច្បាស់​ថា មិន​មែន​ជា​ដំណោះ​ស្រាយ​នយោបាយ​ទេ។

តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ គេ​ក៏​អាច​យល់​បាន​ដែរ​ថា គណបក្ស​ប្រជាជន​ ក៏​នៅ​តែ​ប្រកាន់​ជំហរ​ដាច់ខាត​ដដែល​ដែរ​ ក្នុង​នាម​ជា​អ្នក​ឈ្នះ​ឆ្នោត​ដឹក​នាំ​ប្រទេស។ ជំហរ​តឹងរ៉ឹង​រៀងៗ​ខ្លួន​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ជា​សញ្ញា​ថា​ វិបត្តិ​នយោបាយ​នៅ​បន្ត​អូស​បន្លាយ​យូរ​ត​ទៅ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ