អានតួអត្ថបទ
កម្ពុជា

លោក សម រង្ស៊ី ប្រាប់​អ្នក​គាំទ្រ​ម្តង​ទៀត​ កុំ​ឲ្យ​បារម្ភ​រឿង​ចូល​ប្រជុំ​សភា​

កិច្ចចរចា​រវាង​ក្រុមការងារ​បច្ចេកទេសរ​វាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ស្តីពី​កំណែទម្រង់​បោះឆ្នោត​ពេលនេះ​កំពុង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​គណបក្សប្រឆាំង​រំជើបរំជួល​និង​ព្រួយបារម្ភ​ថា គណបក្ស​សង្គ្រោះ​ជាតិ​អាច​យល់ព្រម​ចូលប្រជុំ​សភា​វិញ​ដោយ​បោះបង់​ការទាមទារ​ឲ្យ​បោះឆ្នោត​ឡើងវិញ។ ស្ថានការណ៍​នេះ​បាន​ជំរុញ​ឲ្យ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​​ចេញមុខ​ពន្យល់​អ្នកគាំទ្រ​គ្រប់​ច្រកល្ហក។ លោក សម រង្ស៊ី ប្រាប់​អ្នកគាំទ្រ​តាមរយៈ ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី៦មីនា​នេះ​ថា សង្គ្រោះ​ជាតិ​នឹងមិន​ចូលប្រជុំ​សភា​ទេ​បើ​គ្នា​ការបោះឆ្នោត​ឡើងវិញ។

លោក ​សម​ រង្ស៊ី​ ប្រធាន​​គណ​​បក្ស​​សង្គ្រោះ​​ជាតិ​​អានសេចក្តីថ្លែងការណ៏​របស់បក្ស​ទៅ​កាន់​អ្នក​គាំទ្រ​ ក្នុង​ពិធី​សមាជ​ប្រជាជន​ នា​ពេល​កន្លង​ទៅ​។
លោក ​សម​ រង្ស៊ី​ ប្រធាន​​គណ​​បក្ស​​សង្គ្រោះ​​ជាតិ​​អានសេចក្តីថ្លែងការណ៏​របស់បក្ស​ទៅ​កាន់​អ្នក​គាំទ្រ​ ក្នុង​ពិធី​សមាជ​ប្រជាជន​ នា​ពេល​កន្លង​ទៅ​។ RFI/Im Rachna
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​សារ​ជា​សំឡេង​ដែល​ត្រូវបាន​បង្ហោះ​តាម​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍​ទី ៦ មីនា​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បានបញ្ជាក់​ប្រាប់​អ្នកគាំទ្រ​របស់ខ្លួន​ជាថ្មី​ម្តង​ទៀតថា គ្មានទេ​ការចូល​ប្រជុំ​សភា​ប្រសិនបើ​គ្មាន​ការរៀបចំ​បោះឆ្នោត​មុន​អាណត្តិ​ទេនោះ។

ការបញ្ជាក់​ជំហរ​បែបនេះ​បាន​ធ្វើឡើង​ខណៈដែល​ក្រុមការងារ​បច្ចេកទេស​គ​ណ​បក្ស​ទាំងពីរ​គ្រោង​ជួបគ្នា​ជាថ្មី​ម្តងទៀត​នៅ​ថ្ងៃទី១០មីនា​ដើម​សប្តាហ៍​ក្រោយនេះ។ ចាប់តាំងពី​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​និយាយ​ពី​កំណែទម្រង់​បោះឆ្នោត​មកម្ល៉េះ មេដឹកនាំ​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បើក​យុទ្ធនា​ការចុះ​ជួប​ប្រជាពលរដ្ឋ​អ្នកបោះឆ្នោត​នៅ​គ្រប់​ច្រក​ល្ហក ​ដើម្បី​បញ្ជាក់​ជំហរ​ប្រាប់​អ្នកគាំទ្រ​របស់ខ្លួន។

 
យុទ្ធនាការ​នេះ​មិនមែនជា​រឿង​ចៃដន្យ​ទេ ប៉ុន្តែ ដំណឹង​ស្តីពី​ការចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​ឲ្យ​រំជើបរំជួល​ក្នុងចំណោម​អ្នកគាំទ្រ​គណបក្ស​ប​ក្រ​ឆាំង។ ពួកគេ​ព្រួយបារម្ភ​ថា គណបក្ស​នេះ​អាច​នឹង​ចូលប្រជុំ​សភា​ដោយ​បោះបង់​ការទាមទារ​ឲ្យ​បោះឆ្នោត​ឡើងវិញ។ នៅតាម​បណ្តា​ខេត្ត ក៏ដូចជា​តាមរយៈ​សារ​ជា​សំឡេង​ក្នុង​ហ្វេ​ស​ប៊ុ​ក​នៅពេល​នេះដែរ លោក សម រង្ស៊ី ពន្យល់​អ្នកគាំទ្រ​របស់​ខ្លួន​ថា កិច្ចចរចា​ស្តីពី​កំណែទម្រង់​បោះឆ្នោត​រវាង​គណបក្ស​ទាំងពីរ​គឺជា​បញ្ហា​បច្ចេកទេស​តែប៉ុណ្ណោះ ប៉ុន្តែ បញ្ហានយោបាយ​មិនទាន់បាន​ដោះស្រាយ​នៅឡើយ​ទេ។

បញ្ហានយោបាយ​ដែល​លោក​សម រង្ស៊ី ចង់​និយាយ​គឺ​ការរៀបចំ​កាលបរិច្ឆេទ​ថ្មី​សម្រាប់​ការបោះឆ្នោត​លើក​ក្រោយ។ ប៉ុន្តែ រហូតមកដល់​ពេលនេះ គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ដ​ដែលថា​គ្មាន​ការបោះឆ្នោត​ឡើងវិញ​មុន​អាណត្តិ​ឡើយ។ បក្ស​កាន់​អំណាច​​តែង​បដិសេធ​មិន​ដាក់​បញ្ហា​នេះ​ក្នុង​របៀបវារៈ​នៃ​កិច្ចចរចា​ទេ។

គួរ​បញ្ជាក់ថា ក្នុង​កិច្ចចរចា​ថ្នាក់​បច្ចេកទេស​កាលពី​ថ្ងៃ​ទី៣មីនា គណបក្ស​ទាំងពីរ​បានសម្រេច​កិច្ចព្រមព្រៀង​ពីរ​ចំណុច​រួចហើយ​គឺ​ទី១ ទាក់ទង​នឹង​ការរៀបចំ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត និង​ទី២ ទាក់ទង​នឹង​ការបង្កើត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​បក្សនយោបាយ។ ក្រុមការងារ​គណបក្ស​ទាំងពីរ​គ្រោង​ជួបគ្នា​ម្តងទៀត​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ។ ជំនួប​នេះហើយ​ដែល​ជំរុញ​ឲ្យ​លោក សម រង្ស៊ី ត្រូវ​បញ្ជាក់​ជំហរ​ប្រាប់​អ្នកគាំទ្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ