បាតុករតាមបណ្ដាខេត្តបន្តចូលរួមមហាបាតុកម្មទោះជាមានការឆែកឆេរតាមផ្លូវ
ប្រជាពលរដ្ឋមកពីតាមបណ្ដាខេត្តនានា បន្តធ្វើដំណើរមកទីក្រុងភ្នំពេញដើម្បីចូលរួមមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។ ថ្ងៃព្រហស្បតិ៍ទី ២៤ តុលា គឺជាទី២ នៃមហាបាតុកម្មរបស់គណបក្សប្រឆាំងមួយនេះ ហើយប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តជាច្រើន បានធ្វើដំណើរតាមម៉ូតូផ្ទាល់ខ្លួន រ៉ឺម៉ក ឡានតាក់ស៊ី និង ឡានទ្រុង មកកាន់រាជធានីភ្នំពេញ។ គួររម្លឹកថា នៅតាមបណ្ដោយផ្លូវជាតិមួយចំនួន ក៏មានផងដែរ នូវការត្រួតពិនិត្យយាន្ដជំនិះ និងអាវុធជាតិផ្ទុះពីសំណាក់ក្រុមកងរាជអាវុធហត្ថ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៩
ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តនានា បន្តចូលរួមមហាបាតុកម្មថ្ងៃទី២ របស់គណសង្គ្រោះជាតិ ទោះបីជា ត្រូវធ្វើដំណើរឆ្លងកាត់ការឆែកឆេរយានជំនិះ និង ឆែករកអាវុធជាតិផ្ទុះក៏ដោយ។
លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតរបស់អាដហុក បានប្រាប់វិទ្យុបារាំងអន្តរជាតិឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ទី ២៤ តុលា នេះ ក្រុមសមត្ថកិច្ចបានដាក់រនាំងដែក តាមផ្លូវជាតិលេខ ២ ៣ ៤ និង ៦A ដើម្បីធ្វើការឆែកឆេរយានជំនិះ និង អាវុធជាតិផ្ទុះ។ ហើយថា ក្រៅពីការឆែកឆេរទាំងនេះ សមត្ថកិច្ចក៏បានសួរនាំពីគោលបំណង របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរចូលរាជធានីភ្នំពេញផងដែរ។ យ៉ាងណាក៏ដោយ គ្មានការឃាត់ឃាំងមិនប្រក្រតីណាមួយពីសំណាក់សមត្ថកិច្ចឡើយ។
លោក ចាន់ សុវ៉េតបន្ថែមថា បើប្រៀបធៀបទៅនឹងចំនួនបាតុករមកពីតាមបណ្ដាខេត្តដែលធ្វើដំណើរចូលរួមបាតុកម្មកាលពីម្សិលមិញ ចំនួនបាតុករមានចំនួនប្រហាក់ប្រហែលគ្នានៅថ្ងៃនេះ។ ហើយថា ពួគគេភាគច្រើន ធ្វើដំណើរតាមម៉ូតូផ្ទាល់ខ្លួន រ៉ឺម៉ក ឡានតាក់ស៊ី និង ឡានទ្រុង។
ប៉ុន្តែ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានអះអាងថា គណបក្សសង្គ្រោះជាតិបានជូនដំណឹងទៅកាន់ក្រុមបាតុករនៅតាមខេត្តមួយចំនួនមិនឲ្យមកទីក្រុងភ្នំពេញ និង ឲ្យក្រុមបាតុករមួយចំនួនវិលត្រលប់ទៅខេត្តវិញ។ មូលហេតុដែលគណបក្សធ្វើបែបនេះ ពីព្រោះនៅទីលានប្រជាធិបតេយ្យមានលក្ខណៈចង្អៀតណែន ក្នុងការឲ្យក្រុមបាតុករទាំងអស់សំរាកនៅទីនោះ។ ហើយអ្វីជាបញ្ហាចោទមួយទៀតនោះ គឺកង្វះខាតបង្គន់អនាម័យ ដែលបង្កឲ្យមានបញ្ហាអនាម័យនៅទីលានប្រជាធិបតេយ្យតែម្ដង។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សប្រឆាំងរូបនេះ អះអាងថាការធ្វើមហាបាតុកម្មលើកនេះអ្នកចូលរួមមានចំនួនច្រើនជាងលើកមុនៗទាំងអស់។ លោកអះអាងថា ការពីម្សិលមិញចំនួនបាតុករមានចំនួនពីចន្លោះ៤ម៉ឺននាក់ ទៅ ៥ម៉ឺននាក់។ ចំណែកក្នុងថ្ងៃនេះ លោករំពឹងថាក្រុមបាតុករនឹងមានការកើនឡើងនៅពេលល្ងាច ដោយសារតែប្រជាជននៅភ្នំពេញមួយចំនួនជាប់រវលើធ្វើការនៅពេលព្រឹក និង ពេលរសៀល។
សូមបញ្ជាក់ថា សាហ៊ុយធ្វើដំណើររបស់ប្រជាពលរដ្ឋមួយចំនួនមកពីតាមបណ្ដាខេត្ត ត្រូវបានគណបក្សសង្គ្រោះជាតិជួយចេញខ្លះៗផងដែរ។ បើតាមអ៊ុំស្រីម្នាក់ដែលជាបាតុករមកពីខេត្តកំពុងចាមបានឲ្យដឹងថា គាត់និងគ្នីគ្នារបស់គាត់ជួលឡានតម្លៃ៤៥ម៉ឺនរៀល ហើយក្នុងនេះគណបក្សសង្គ្រោះជាតិជួយ ២០ម៉ឺនរៀល។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ