អានតួអត្ថបទ
កម្ពុជា

ACU​នៅ​តែ​មិន​ទាន់​បង្ហាញ​មុខ​Hacker​ ទាំង​ពីរ​ ខណៈ​ក្រុម​អនាមិក​កម្ពុជា​អះ​អាង​ថា​ គ្មាន​ការ​ចាប់​ខ្លួន​​

អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅតែ​មិន​ទាន់​​បង្ហាញ​អត្តសញ្ញាណ​ជន​វាយលុក​អ៊ិន​ធើ​ណិ​ត​ទាំងពីរ ​ដែល​ខ្លួន​បានប្រកាសថា ចាប់ខ្លួនបាន​កាលពី​ថ្ងៃ​ទី០២ ឧសភា កន្លង​ទៅ។ ការណ៍​នេះ​ធ្វើ​ឲ្យ​មានការ​សង្ស័យ​ថា អង្គភាព​នេះ​នៅ​មិនទាន់​ចាប់បាន​ជន​ទាំង​នោះ​នៅឡើយ​ទេ ក្រោយពី​​ក្រុម​អនាមិក​​កម្ពុជា ឬ Anonymous Cambodia ប្រកាស​​នៅក្នុង​ទំព័រ​បណ្តាញ​ទំនាក់ទំនង​​សង្គម Facebook របស់​ខ្លូន​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​កំពុង​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​នៃ​ការចាប់ខ្លួន​នេះ។

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​
​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ក្តី​មន្ទិលសង្ស័យ​នៅតែ​កើតមាន​ជា​បន្តបន្ទាប់ ​ជុំវិញ​ការចាប់ខ្លួន​សមាជិក​អនាមិក​កម្ពុជា​ពីរ​នាក់​ផ្សេងទៀត​ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ ការសង្ស័យ​បានកើត​ឡើង​ដោយសារតែ​មានការ​អះអាង​ផ្ទុយគ្នា។

អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានប្រកាស​ជា​សាធារណៈ​កាលពី​ថ្ងៃទី០២ ឧសភា​ថា ខ្លួន​ចាប់​បាន​​​ជន​វាយប្រហារ​អ៊ី​ន​ធើ​ណិ​ត​ពីរ​នាក់ ​ក្រោយពី​ជន​ទាំង​នោះបាន​ចូលលុកលុយ​គេហទំព័រ​អង្គភាព​​ប្រឆាំង​អំពើពុករលួយ​កាលពី​ថ្ងៃទី២៩ មេសា កន្លងទៅ។ ក៏ប៉ុន្តែ ភ្លាមៗ និង ជា​បន្ត​បន្ទាប់ ក្រុម​អនាមិក​កម្ពុជា​តាមរយៈ​ទំព័រ​Facebook របស់ខ្លួន​បាន​សរសេរ​អះអាងថា ការ​ចាប់ខ្លួន​​នោះ​ជា​រឿង​មិន​ពិត និង​គ្រាន់តែ​ជាការ​បំភ្លៃ​ព័ត៌មាន​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប៉ុណ្ណោះ។

ក្រុម​អនាមិក​កម្ពុជា ឬ Anonymous Cambodia ​បាន​លើក​ហេតុផល​ចំពោះ​ការអះអាង​របស់​ខ្លួន​ថា ប្រសិនបើ​រដ្ឋាភិបាល ឬ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់​Hacker ទាំងពីរ​នាក់​បាន​មែន ហេតុអ្វី​មិន​បង្ហាញ​អត្តសញ្ញាណ ប្រាប់​ឈ្មោះ​សាលា និង​ទីកន្លែង​ពិតប្រាកដ?  ​តាមរយៈ​សំណេរ​​លើ​ប្រព័ន្ធ​អេឡិចត្រូនិក​ដដែល​នេះ សមាជិក​ក្រុម​អនាមិក​កម្ពុជា​ម្នាក់​ដែល​ដាក់ឈ្មោះ​ថា Attacker Fiber បាន​អះអាង​បែប​វាយប្រហារ​ថា ដោយសារ​រដ្ឋាភិបាល និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ខ្លាច​ខ្មាស​គេ​ ​ទើប​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​នេះ​ឡើង។

ទោះបីជា​យ៉ាងណាក៏ដោយ អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅតែ​មិនទាន់​បង្ហាញ​អត្តសញ្ញាណ​ជន​វាយប្រហារ​អ៊ិន​ធើ​ណិ​ត​ទាំងពីរ​នាក់​នេះ​នៅឡើយ​នោះទេ។ លោក ឱម យិនទៀង​ ទេសរដ្ឋមន្ត្រី​ និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី០៤ ឧសភា​នេះ​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវការ​ពេលធ្វើការ​ស៊ើបអង្កេត​លើ​រឿងនេះ​និង​បញ្ជូន​ទៅកាន់​ព្រះរាជអាជ្ញា ​ប្រសិនបើ​មាន​បន្ទុក​គ្រប់គ្រាន់​ហើយ​តុលាការ​នឹង​ពិនិត្យមើល និង​ធ្វើការ​ចោទប្រកាន់​ឬ​​មិន​ចោទ។

សូមបញ្ជាក់ថា បន្ទាប់ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​ស្ថាប័ន​FBIប្រចាំ​នៅ​កម្ពុជា​បាន​ឃាត់ខ្លួន​ក្រុម​អនាមិក​កម្ពុជា​ចំនួន​ពីរ​នាក់ ​​កាលពី​ចុងខែ​មេសា​កន្លងមក ក្រុម​អនាមិក​កម្ពុជា​បានប្រកាស​ធ្វើសង្គ្រាម​អ៊ិន​ធើ​ណិ​ត​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា។ ​ជាមួយ​ការប្រកាស​នេះ ក្រុម​លុកលុយ​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត​បានធ្វើ​សកម្មភាព​យ៉ាងសកម្ម​ ​ក្នុងការ​វាយប្រហារ​គេហទំព័រ​​របស់​ស្ថាប័នរដ្ឋ និង​ឯកជន​នានា​ជា​បន្តបន្ទាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ