អានតួអត្ថបទ
កម្ពុជា

ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌មាន​ និង​គមនាគមន៍​ ជា​កង្វល់​ថ្មី​

បទល្មើស​តាមរយៈ​អ៊ិន​ធើ​ណិ​ត​ធ្វើឱ្យ​ខ្វល់​ផង ភ័យ​ផង។ រដ្ឋាភិបាល​ខ្វល់ ព្រោះ​ត្រូវ​រៀបចំ​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍ ឯ​អង្គការ​មិនមែន​រដ្ឋាភិបាល ភ័យ​នឹង​សេចក្តី​ព្រាងច្បាប់ ដែល​អាច​គាប​សេរីភាព​ខាង​ការបញ្ចេញមតិ​កាន់តែខ្លាំង​នោះ។ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែលជា​អ្នក​តែង​សេចក្តីព្រាងច្បាប់​នោះ ខំ​លាក់ ឯ​សង្គម​ស៊ីវិល​ប្រឹង​លាតត្រដាង។ នេះ​ជា​កង្វល់​ថ្មី នៅ​សតវត្ស​ទី២១ នៃ​សករាជ​ព័ត៌មាន។

ក្រុមអនាមិកកម្ពុជាដែលវាយប្រហារស្ថាប័នរដ្ឋផ្សេងៗ។
ក្រុមអនាមិកកម្ពុជាដែលវាយប្រហារស្ថាប័នរដ្ឋផ្សេងៗ។ @Google
ផ្សាយពាណិជ្ជកម្ម

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ព្រួយបារម្ភ​អំពី​សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្ក្រាប​ឧក្រិដ្ឋកម្ម តាម​ប្រព័ន្ធបច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍ ហើយ​ជម្រុញ​ឱ្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ផ្សាយ សេចក្តីព្រាង​នោះ​ជាបន្ទាន់ ដើម្បីឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ អាច​ផ្តល់យោបល់​កែលម្អ។

មាត្រា​ទី៦ ទី២៨ និង​ទី៣៥ នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្ក្រាប​ឧក្រិដ្ឋកម្ម តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍ ជា​ប្រភព​នៃ​ក្តី​ព្រួយបារម្ភ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។ ដោយបាន​ទទួល​សំណៅ​ចម្លង​ក្រៅផ្លូវការ កាលពីដើម​ខែមេសា ឆ្នាំ២០១៤ អង្គការ​នេះ​យល់ថា ការចាត់តាំង​សមាជិក​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ឱ្យធ្វើជា​សមាសភាព​នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដូច​មានចែង​ក្នុង​មាត្រ​ទី៦នៃ​សេចក្តីព្រាង​នោះ នឹងមិន​អាចបង្កើត​ស្ថាប័ន​ឯករាជ្យ​មួយ សម្រាប់​ត្រួតពិនិត្យ​ការប្រើប្រាស់​អ៊ិន​ធើ​ណិ​ត​ទេ។

ស្ថាប័ន​សិទ្ធិមនុស្ស​នេះ​លើកឡើង​ទៀតថា ខ្លឹមសារ​មិន​ច្បាស់លាស់​នៃ​មាត្រា​ទី២៨នៃ​ឯកសារ​នោះ ផ្តល់​សេរីភាព​ហួសហេតុ​ឱ្យ​រដ្ឋាភិបាល​បកស្រាយ​អំពី​ព័ត៌មាន ដែល​ត្រូវ​ចាត់ទុកថា​បង្ក​អសន្តិសុខ អស្ថិរភាព និង​ធ្វើឱ្យ​ខូច​របៀបរៀបរយ​ខាង​នយោបាយ ឬ​ដែល​ត្រូវ​ចាត់ទុកថា​ជាការ​មួលបង្កាច់ ការបោក​បញ្ឆោត និង​ការ​បរិហាកេរ្តិ៍។

ជាងនេះទៅទៀត មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ភ័យខ្លាច​ថា រដ្ឋាភិបាល​ប្រើ​មាត្រា​ទី៣៥នៃ​គម្រោង​ច្បាប់​នោះ មក​រំលាយ​អង្គការ​សង្គម​ស៊ីវិល​ណា ដែល​ប្រព្រឹត្តិ​បទល្មើស ដែល​មានចែង​ចាប់ពី​មាត្រា​ទី២១ ដល់​មាត្រា​ទី៣២នៃ​សេក​ក្តី​ព្រាង​ច្បាប់​នោះ។  

សេចក្តីព្រាងច្បាប់​ដែល​លេច​ធ្លា​យមក​នោះ មាន​គោលបំណង​ប្រយុទ្ធ ប្រឆាំង រាល់​ទម្រង់​នៃ​បទល្មើស​ទាំងឡាយ ដែល​ប្រព្រឹត្តិ​ឡើង​តាម​ប្រព័ន្ធ​កុំព្យូទ័រ ព្រមទាំង​ធានា​សុវត្ថិភាព និង​ការពារ​ផលប្រយោជន៍​ស្របច្បាប់ នៃ​ការប្រើប្រាស់ និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា។

សេចក្តី​ក្តី​ព្រាង​ច្បាប់​នេះ ត្រូវបាន​ផ្តួចផ្តើមឡើង ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី បន្ទាប់ពី​ចំណាយពេល​អស់យ៉ាង​តិច២ឆ្នាំ ក្នុងការ​តាក់តែង។ ការអនុម័ត​វា​ឱ្យទៅជា​ច្បាប់ គឺជា​អាទិភាព​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុង​អាណត្តិ​ទី៥នេះ។

ប៉ុន្តែ​ទាំង​លោក ជុន វ៉ាត អនុរដ្ឋលេខាធិការ ដែល​ធ្លាប់​ចូលរួម​ព្រាង ទាំង​លោក ជា ម៉ានិត អគ្គនាយក​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន នៃ​ក្រសួង​ប្រៃសណីយ៍ សុទ្ធតែ​អះអាងថា មិនបាន​ដឹង​អំពី​ដំណើរ​បច្ចុប្បន្ន នៃ​សេចក្តីព្រាងច្បាប់​នោះទេ ហើយ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​សំណើ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ឡើយ។

គួរ​កត់សម្គាល់ថា ចំនួន​អ្នកប្រើប្រាស់​អ៊ិន​ធើ​ណិ​ត​នៅ​កម្ពុជា បាន​កើន​ឡើងដល់៤លាន​នាក់ ហើយ​ប្រជាជន​កម្ពុជា ដែល​ប្រើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) គឺ​ច្រើនជាង១លាន​នាក់។ ពួកគេ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​យុគសម័យ​ព័ត៌មាន​នេះ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ