ភូមាមិនសូវចាប់អារម្មណ៍លើគម្រោងរបស់អាមេរិកដែលចង់បន្តទ័ណ្ឌកម្មសេដ្ឋកិច្ចប្រឆំាងខ្លួន
នៅថ្ងៃសុក្រ ទី១៦ ឧសភា ប្រទេសភូមាបានបញ្ចេញប្រតិកម្មឆ្លើយតបនឹងគម្រោងរបស់អាមេរិកដែលចង់បន្តទ័ណ្ឌកម្មសេដ្ឋកិច្ចមួយចំនួនប្រឆំាងខ្លួន។ រដ្ឋាភិបាលទីក្រុងរ៉ង់ហ្គូនបានយល់ឃើញថា ការបន្តទ័ណ្ឌកម្មរបស់អាមេរិកនឹងមិនអាចជះឥទ្ធិពលអាក្រក់ខ្លំាងក្លាដល់ការអភិវឌ្ឍន៍ប្រទេសឡើយ។ ប្រតិកម្មរបស់ភូមាពេលនេះបានធ្វើឡើង បន្ទាប់ពីលោកប្រធានាធីបតីអាមេរិកអូបាម៉ាបានសរសេរសំបុត្រទៅកាន់សភាអាមេរិកដោយស្នើសុំឲ្យបន្តទ័ណ្ឌកម្មមួយចំនួនប្រឆំាងនឹងរបបស៊ីវិលភូមាសព្វថ្ងៃ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៤៩
ទ័ណ្ឌកម្មទំាងនោះមានដូចជា ការហាមក្រុមហ៊ុនអាមេរិក និងប្រជាពលរដ្ឋអាមេរិកកុំឲ្យចូលទៅបោះទុនរកស៊ីនៅក្នុងប្រទេសភូមា ពិសេសហាមជនជាតិអាមេរិកកុំឲ្យដាក់ភាគហ៊ុនរកស៊ីជាមួយថ្នាក់ដឹកនំាភូមាណាដែលមានជាប់ឈ្មោះជាអ្នកប្រឆំាងនឹងអ្នកគំាទ្រលទ្ធិប្រជាធិបតេយ្យនៅភូមា។ គួររម្លឹកជូនថា តំាងពីរបបសឹកភូមាបានរំលាយខ្លួន ដោយដាក់ជំនួសរបបស៊ីវិលកាលពី ៣ឆ្នំាមុនមក លោកប្រធានាធិបតីភូមាថេន សេនបានផ្តើមអនុវត្តន៍នយោបាយកំណែទម្រង់មួយដែលបានអនុញ្ញាតឲ្យភូមាទទួលបាននូវការបន្ធូរបន្ធយ និងការលើកលែងទ័ណ្ឌកម្មមួយចំនួនរបស់បស្ចិមលោក ព្រមទំាងទទួលបានការចូលវិនិយោគរបស់បរទេស។ លោកប្រធានាធិបតីអាមេរិកអូបាម៉ាផ្ទាល់ខ្លួនបានកោតសរសើរពីស្ថានការណ៍រីកចម្រើននៅក្នុងប្រទេសភូមា តាមរយៈការដោះលែងអ្នកទោសនយោបាយជាង ១ ១០០នាក់ ការបង្កើតឲ្យមានក្រុមសហជីព ការបង្កើនលក្ខខណ្ឌការងារ ឬមួយសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិជាដើម។
ក៏ប៉ុន្តែ នៅមានសញ្ញាគួរឲ្យព្រួយបារម្ភជាច្រើនទៀតដែលភូមាកំពុងបន្តការចោទប្រកាន់ រួមមាន ការបន្តចាប់អ្នកកាសែត និងបាតុករដាក់គុក ឬមួយក៏ការតាមបន្តវាយបង្រ្កាបលើក្រុមជនជាតិភាគតិចរ៉ូហ៊ីនយ៉ា អ្នកកាន់សាសនាអ៊ីស្លាមជាដើម។ នៅក្នុងសំបុត្ររបស់លោកអូបាម៉ាផ្ញើទៅសភាអាមេរិកនោះដដែល លោកប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា ការដែលលោកសុំឲ្យសភាបន្តទ័ណ្ឌកម្មសេដ្ឋកិច្ចមួយចំនួនប្រឆំាងភូមានៅពេលនេះ មកពីលោកយល់ថា ភូមានៅតែជាប្រទេសគំរាមកំហែងសម្រាប់សន្តិសុខជាតិ និងនយោបាយការបរទេសរបស់អាមេរិក។
« គ្មានបញ្ហាអ្វីទេ។ យើងនឹងព្យាយាមធ្វើទៅតាមលទ្ធភាពដែលអាចធ្វើទៅបានជាមួយនឹងអ្វីដែលយើងបានទទួល។ ខ្ញុំមិនបានគិតថា ការអភិវឌ្ឍន៍ប្រទេសនឹងទទួលផលវិបាកធ្ងន់ធ្ងរនោះ » នេះជាប្រតិកម្មរបស់លោក យី ទូត អ្នកនំាពាក្យរបស់លោកប្រធានាធិបតីភូមាថេន សេន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ