អានតួអត្ថបទ
ភូមា-អាស៊ាន

ការ​វិល​ចូល​ឆាកអន្តរជាតិ​របស់​ភូមា​ក្នុងនាម​ជា​ប្រទេស​ម្ចាស់ផ្ទះ​រៀបចំ​ជំនួបកំពូល​អាស៊ាន​លើក​ទី២៤

នៅ​ចុង​សប្តាហ៍​នេះ ប្រទេស​ភូមា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ជំនួបកំពូល​អាស៊ាន​លើកទី២៤ នៅ​ក្នុង​ទីក្រុង​ណៃពីដ៏ ដោយ​មាន​វត្តមាន​ចូលរួម​ពី​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​ទំាង ១០រូប​ជា​សមាជិក។ ក្នុង​នាម​ជា​សមាជិក​ម្នាក់​របស់​អាស៊ាន​ដែរ​នោះ ភូមា​បាន​ខកខាន​មិន​បាន​រៀបចំ​ជំនួបកំពូល​របស់​អង្គការ​តំបន់​មួយ​នេះ​ម្តង​ហើយ​កាល​ពី​ឆ្នំា ២០០៦។ មូលហេតុ​កាល​ណោះ មក​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ដែល​បង្ក​ឡើង​ដោយ​របបផ្តាច់ការ​យោធា។ ឥឡូវ​នេះ និង​ជាមួយ​នឹង​រដ្ឋាភិបាល​ស៊ីវិល ភូមា​បាន​រក​ឃើញ​ជា​ថ្មី​នូវ​មុខមាត់​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ។ តែ​នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ដែល​របប​ថ្មី​ត្រូវ​បន្ត​ដោះស្រាយ។

ការ​វិល​ចូល​ឆាកអន្តរជាតិ​របស់​ភូមា​ក្នុងនាម​ជា​ប្រទេស​ម្ចាស់ផ្ទះ​រៀបចំ​ជំនួបកំពូល​អាស៊ាន​លើក​ទី២៤
ការ​វិល​ចូល​ឆាកអន្តរជាតិ​របស់​ភូមា​ក្នុងនាម​ជា​ប្រទេស​ម្ចាស់ផ្ទះ​រៀបចំ​ជំនួបកំពូល​អាស៊ាន​លើក​ទី២៤ Reuters / Pool
ផ្សាយពាណិជ្ជកម្ម

 

គឺ​តំាង​ពី​ភូមា​បាន​រំលាយចោល​របបសឹក​ក្នុង​ឆ្នំា ២០១១ និង​ការ​ផ្តើម​ធ្វើ​កំណែទម្រង់​ប្រទេស​របស់​លោក​ប្រធានាធិបតី​ថេន សេន​នោះ​ឯង ដែល​បាន​ធ្វើ​ឲ្យ​ភូមា​រក​ឃើញ​ជា​ថ្មី​នូវ​កៅអី​របស់​ខ្លួន​លើ​ឆាកអន្តរជាតិ ពិសេស​កៅអី​ប្រធាន​ផ្លាស់វេន​អាស៊ាន​ដែល​ខ្លួន​បាន​ក្លាយ​ជា​សមាជិក​តំាង​ពី​១៧ឆ្នំា​មក​ហើយ។ តែ​យ៉ាង​ណា​ក៏​ដោយ នៅ​មាន​ប្រធានរឿង​គួរ​ឲ្យ​បារម្ភ​ជា​ច្រើន​ដែល​បាន និង​កំពុង​ធ្វើ​ឲ្យ​មជ្ឈដ្ឋានអន្តរជាតិ​ទូទៅ​ពិបាក​នឹង​ជឿ​របប​ស៊ីវិល​ភូមា​សព្វថ្ងៃ។ អង្គការ​ការពារ​សិទ្ធិមនុស្ស Human Rights Watch បាន​បរិហារ​ពី​ការ​បន្ត​រំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ភូមា​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

ជាក់ស្តែង​ក្នុង​ថ្ងៃ​ពុធ ទី៧ ឧសភា រដ្ឋអំណាច​បាន​បណ្តេញ​ចេញ​អ្នកកាសែត​ជនជាតិ​អូស្រា្តលី​ម្នាក់​ដោយ​ចោទ​អ្នកកាសែត​រូប​នោះ​ថា បាន​ចូលរួម​ធ្វើ​បាតុកម្ម​ទាមទារ​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ជាមួយ​ប្រជាជន​ភូមា។ ក្នុង​ខែ​មីនា​កន្លង​ទៅ អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​បាន​សម្គាល់​ឃើញ​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​របស់​កងទ័ព​នៅ​ក្នុង​តំបន់​ជនជាតិ​ភាគ​តិច​ដែល​កំពុង​មាន​ជម្លោះ ពិសេស​ការ​បំពាន​ធ្វើ​បាប​លើ​ពួក​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា។

យ៉ាង​ណា​ក៏​ដោយ ប្រធានរឿង​រសើប​ទំាង​នេះ​នឹង​មិន​ត្រូវ​បាន​អាស៊ាន​ដាក់​បញ្ចូល​ទៅ​ក្នុង​របៀប​វារៈ​នៃ​កិច្ចប្រជុំ​របស់​ខ្លួន​ឡើយ។ ប្រធានបទ​សំខាន់​នឹង​ផ្តោត​លើ​ស្ថានការណ៍​តានតឹង​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រទេស​អាស៊ាន​មួយ​ចំនួន មាន​វៀតណាម ហ្វីលីពីន ឬ​មួយ​ក៏​ព្រុយណេ​ជា​ដើម។ ប្រទេស​ទំាង​នេះ​ចង់​ប្រើ​វេទិកា​អាស៊ាន​ដើម្បី​ប្រឆំាង​នឹង​មហិច្ឆតា​របស់​ចិន។ តែ​ក្នុង​នាម​ជា​ប្រទេស​ម្ចាស់ផ្ទះ និង​ជា​សម្ព័ន្ធមិត្ត​ម្នាក់​របស់​ចិន ភូមា​កំពុង​ទើសទាល់​ចិត្ត​យ៉ាង​ខ្លំាង។

នៅ​មាន​សំណុំរឿង​មួយ​ទៀត​ដែល​អាស៊ាន​ត្រូវ​ពន្លឿន​បន្ថែម គឺ​ការ​កសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​មួយ​នៅ​ឆ្នំា ២០១៥ ដើម្បី​ប្រឈម​ទប់​នឹង​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ចិន និង​ឥណ្ឌា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ