អានតួអត្ថបទ

កម្ពុជា នឹង​មាន​អត្ត​ពលិក​ខ្មែរ នៅ​ក្រៅ​ប្រទេស មក​ចូល​រួម ដើម្បី​កីឡា​ខ្មែរ

អត្ត​ពលិក​ខ្មែរ ដែល​មាន​ទេព​កោសល្យ​នៅ​ក្រៅ​ប្រទេស នឹង​អាច​មក​លេង​កីឡា​ជាមួយ​អត្ត​ពលិក​ខ្មែរ នៅ​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​វិស័យ​កីឡា​ខ្មែរ សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​អន្តរ​ជាតិ​នានា ជា​ពិសេស​ដំណើរ​ឆ្ពោះទៅ​កាន់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ​​លើក​ដំបូង។ នេះ​គឺ​ជា​ខ្លឹម​សារ​ចម្បង ដែល​ញ៉ាំង​ឲ្យ​មាន​ពិធី​ចុះ​អនុស្សារណៈ​​នៃ​ការ​យោគ​យល់​គ្នា រវាង​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំពិក​កម្ពុជា ជា​មួយ​នឹង​សមាគម​ខ្មែរ​នៅ​ក្រៅ​ប្រទេស ឈ្មោះ Anvaya។ ពិធី​ចុះ​អនុស្សារ​ណៈ ដែល​បាន​ធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃ​ទី​៧​ឧសភា​នេះ នៅ​ស្នាក់​ការ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិកកម្ពុជា (NOCC)។

ពិធីចុះអនុស្សារណៈ ដែលបានធ្វើឡើង នៅព្រឹកថ្ងៃទី៧ឧសភានេះ នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC)។
ពិធីចុះអនុស្សារណៈ ដែលបានធ្វើឡើង នៅព្រឹកថ្ងៃទី៧ឧសភានេះ នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC)។ AVANYA
ផ្សាយពាណិជ្ជកម្ម

លោក វ៉ា​ត់ ចំរើន អគ្គ​លេខាធិការ NOCC បាន​ថ្លែងថា នេះ​គឺ​ជា​ជំហាន​នៃ​ការ​ប្រឹង​ប្រែង​ពង្រឹង​សមត្ថ​ភាព​រួមគ្នា​រវាង​ស្ថាប័ន​កីឡា​ជាតិ និង​សមាគម​អាន​វ៉ា​យ៉ា ដើម្បី​បង្កើន​ចំនួន​មេដាយ​របស់​កម្ពុជា ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​ជា លក្ខណៈ​អន្តរជាតិ ជា​ពិសេស​កីឡា​ស៊ី​ហ្គេម។

លោក​បាន​លើក​ឡើង​ថា  កម្ពុជា​ចាំ​បាច់​រួម​គ្នា​ស្វែង​រក​កីឡាករ កីឡាការិនី ដែល​មាន​ឧត្តម​ភាព និង​ទេពកោសល្យ​ពិត​ប្រាកដ​ដោយ​គ្មាន​ការ​រើស​អើង ជា​ពិសេស​គឺ​អ្នក​ដែល​មាន​ឈាម​ជ័រ​ជា​ខ្មែរ។ ហើយ​ការ​មាន​បណ្តាញ​ទំនាក់​ទំនង​ច្បាស់​លាស់ នឹង​សាង​ទំនុក​ចិត្ត​ខ្ពស់​ដល់ អាណា​ព្យា​បាល និង​អត្ត​ពលិក​ផ្ទាល់​តែ​ម្តង។

បើតាម​អគ្គ​លេខា​ធិការ NOCC រូប​នេះ ការ​ចូល​រួម​របស់​អត្ត​ពលិក​ខ្មែរ​ពី​ក្រៅ​ប្រទេស​នឹង​ធ្វើ​កម្ពុជា​អាច ចូលរួម​បាន​ទាំង​ព្រឹត្តិការណ៍​កីឡា​រដូវ​ក្តៅ និង​រដូវ​រងារ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អត្ត​ពលិក​ទាំង​នោះ នឹង​ត្រូវ​ឆ្លង​កាត់​ការ​ធ្វើ​តេស្តិ៍​យ៉ាង​ល្អិត​ល្អន់ ជា​ពិសេស​ការ​ប្រជែង​សមត្ថភាព​ជាមួយ​កីឡាករ​ក្នុង​ស្រុក​។

លោក កែ​ប៊ិន សូរ​ស្មី ប្រធាន​សមាគម​អាន់​វ៉ា​យ៉ា បានបញ្ជាក់​ឲ្យ​ដឹងថា សមាគម​របស់​លោកមា​ន​បណ្តាញ​ជាច្រើន ជាពិសេស​នៅក្នុង​ទ្វីបអឺរ៉ុប អាមេរិក និង​អូស្ត្រាលី។ ប្រធាន​សមាគម​អាន់​វ៉ាន់​យ៉ា​រូប​នេះ បាន​អះ​អាង​ថា ការ​ចុះ​អនុស្សារណៈ​នេះ គឺជា​ការផ្តល់​សេចក្តី​សង្ឃឹម​កាន់តែ​ខ្ពស់​បន្ថែម​ទៀត ដល់​យុវជន​នៅ​ក្រៅ ប្រទេស​ដែលមាន​ឈាម​ជ័រ​ជា​ខ្មែរ មាន​ឱកាស​បង្ហាញ​សមត្ថភាព​របស់ខ្លួន​ដើម្បី​សាង​ស្នាដៃ​ជូន​ជាតិ។

សូមបញ្ជាក់ថា សមាគម​អាន​វ៉ា​យ៉ា (ANVAYA) ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ២០១០ ។ សមាគម​មួយ​នេះ មាន​មូលដ្ឋាន​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​មាន​តួនាទី​ជួយ សម្របសម្រួល និង​ផ្តល់​ប្រឹក្សា ដល់​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្រៅប្រទេស និង​ចង់​ត្រលប់មក​កម្ពុជា​វិញ ហើយ​សមាគម​មួយ​នេះ ក៏បាន​ជួយ​ប្រទេស​កម្ពុជា តាមរយៈ​សកម្មភាព​នានា ដែល​ក្នុងនោះ​មាន​កីឡា និង​សិល្បៈ ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ