អានតួអត្ថបទ
កម្ពុជា

យុវជន​ក្មេង​វត្ត​ ឈៀវ​ បូរ៉ា​ ក្លាយ​ជា​ស្តេច​អុក​ ឆ្នាំ​២០១៤

ការប្រកួត រក​ជើង​ខ្លាំង អុក ឆ្នាំ២០១៤ បានបញ្ចប់ នៅ​ព្រឹក​ថ្ងៃទី១៦មេសា នៅមុខ​អង្គរវត្ត​ខេត្តសៀមរាប។ យុវជន ឈៀវ បូរ៉ា អាយុ ២៤ ដែលជា​ក្មេង​វត្ត និង​សព្វ​ថ្ងៃជា​ស្ថាបត្យករ បាន​ប្រកួត​ឈ្នះ​លោក គ្រួច ចន្ថា​រិ​ទ្ធ ២ ក្តារ​ជាប់​គ្នា ដើម្បី​ឡើង​គ្រង​តំណែង​ជើងឯក ស្តេច​អុក លេខ ១ នៅ​ឆ្នាំ២០១៤។ ចំណែក លោក គ្រួច ចន្ថា​រិ​ទ្ធ ជាប់​លេខ​ ២។ លេខ៣ បាន​លើក​យុវជន សួ សំភី និង​លេខ៤ យុវជន កែវ វ​ឌ្ឍ​នា។

លោក ឈៀវ បូរ៉ា ជាជយ័លាភី ស្តេចអុក ឆ្នាំ២០១៤
លោក ឈៀវ បូរ៉ា ជាជយ័លាភី ស្តេចអុក ឆ្នាំ២០១៤ រូបភាពពីសហភាពសហពន្ធ័យុវជណកម្ពុជា
ផ្សាយពាណិជ្ជកម្ម

ការប្រកួត​អុក ចក្រ​ត្រ​ង្គ ផ្តាច់ព្រ័ត្រ ឆ្នាំ២០១៤ បានធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃទី១៦មេសា​នេះ​នៅមុខ​អង្គរវត្ត ខេត្តសៀមរាប។ ទីបំផុត ជើង​ខ្លាំង អុក ឆ្នាំ២០១៤ គឺ​យុវជន ក្មេង​វត្ត ឈៀវ បូរ៉ា អាយុ ២៤ ឆ្នាំ បាន​ប្រកួត​អុក ឈ្នះ​លោក គ្រួច ចន្ថា​រិ​ទ្ធ ២ ក្តារ​ជាប់​គ្នា។

 
មុននឹង​ចូលដល់​ការប្រកួត​អុក ផ្តាច់ព្រ័ត្រ នៅ​ព្រឹក​ថ្ងៃទី១៦មេសា ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ ឈៀវ បូរ៉ា និង​គ្រួច ចន្ថា​រិ​ទ្ធ ក្នុង​សំលៀកបំពាក់ សំពត់​ចង​ក្រិន ពាក់មួក​ខ្លឹស មិនមាន​អាវ មានតែ​ខ្សែ​ឈៀង របៀប​ជា​ស្តេច ក្នុងសម័យ​បុរាណ អមដោយ​អា​មាថ បាន​លេងអុក​យក្ស លក្ខណៈ​មិត្តភាព។ ការប្រកួត​អុក​មិត្តភាព សា​កដៃ​នោះ គ្រួច ចន្ថា​រិ​ទ្ធ បានឈ្នះ ឈៀវ បូរ៉ា។

ប៉ុន្តែ​នៅពេល​ប្រកួត​ផ្តាច់ព្រ័ត្រ យក​លេខ១ និង​លេខ២ ដែលមាន​ការផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​បាយ័ន គឺ ឈៀវ បូរ៉ា បាន​យកឈ្នះ គ្រួច ចន្ថា​រិ​ទ្ធ ២ក្តារ​ជាប់​គ្នា​តែម្តង។ លេខ៣ បាន​លើ​យុវជន សួ សំភី និង​លេខ៤ បាន​លើ​យុវជន កែវ វ​ឌ្ឍ​នា។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​អ្នក​ចូលចិត្ត​លេងអុក និង​ភរិយា បាន​ផ្តល់ប្រាក់ ៨០០០ ដុល្លារ សម្រាប់​កីឡាករ​ជាប់​លេខ​ទាំង ៤ រូប និង​អាជ្ញាកណ្តាល។ ទឹកប្រាក់​ជាច្រើន​រយ​ដុល្លារ​ទៀត ក៏ត្រូវ​បាន​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា រួមទាំង​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​ក្រុមហ៊ុនស្រា​បៀរ​អង្គរ ផ្តល់ជូន​កីឡាករ​ជ័យលាភី​ទាំង ៤ រូប​ផងដែរ។

ជា​សរុប ក្រៅពី​ពានរង្វាន់ ជ័យលាភី ស្តេច​អុក លេខ១ ទទួលបាន​ទឹកប្រាក់​សរុប ៤.៨០០ ដុល្លារ។ លេខ២ ៣.៣០០ ដុល្លារ។ លេខ៣ ១.៨០០ ដុល្លារ និង​លេខ៤ ១.៤០០ ដុល្លារ។

មាន​កីឡាករ​អុក ៦៤ រូប បាន​ចូលរួម​ប្រកួត​អុក វគ្គ​ជម្រុះ នៅ​ភ្នំពេញ មុននឹង​ចំរាញ់​យក​កីឡាករ ៨ រូប ទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​ខេត្តសៀមរាប។ ការប្រកួត​អុក ចក្រ​ត្រ​ង្គ ប្រចាំឆ្នាំ២០១៤ ជា​ព្រឹត្តិការណ៍​មួយ ក្នុងចំណោម​កម្មវិធី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅ​ទឹកដី​អង្គរ ខេត្តសៀមរាប អំឡុងពេល​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។

ការប្រកួត​ឯក​ជើង​អុក ប្រចាំឆ្នាំ២០១៤ នៅ​ទឹកដី​អង្គរ ខេត្តសៀមរាប ក្នុងពេល​បុណ្យចូលឆ្នាំ ត្រូវបាន​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ឲ្យ​ដឹងថា ដើម្បី​ផ្សព្វផ្សាយ បង្ហាញ​ដល់​អ្នក​ទេចរ​ជាតិ និង​អន្តរជាតិ​ឡើងវិញ​នូវ​ល្បែង​អុក ចក្រ​ត្រ​ង្គ ឬ​បាស្កា ដែល​ពាក់ព័ន្ធ​នឹង​ស្មារតី​ប្រាជ្ញា និង​ជា​អត្តសញ្ញាណ​ជាតិ។ ល្បែង​អុក ក៏​ត្រូវបាន​បុព្វបុរស​ខ្មែរ បាន​ចងក្រង និង​ឆ្លាក់​នៅលើ​ជញ្ជាំង​អង្គរ សម្រាប់​ធ្វើជា​យុទ្ធសាស្ត្រ ក្នុង​ចម្បាំង​ផងដែរ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ