អានតួអត្ថបទ
ជប៉ុន-អឺរ៉ុប

នាយករដ្ឋមន្ត្រី​បំពេញ​ទស្សនកិច្ច​នៅអឺរ៉ុប​ក្រោម​ផ្លាក​សេដ្ឋកិច្ច​និង​សន្តិសុខ

លោក ស៊ីនហ្សូ អាបេ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ត្រូវ​ចាប់​ផ្តើម​បំពេញ​ទស្សនកិច្ច​មួយ​ជុំ នៅអឺរ៉ុប រយៈ​ពេល​៩​ថ្ងៃ។ ជា​ដំណើរ​ទស្សនកិច្ច​ដ៏​វែង ដែល​​តូក្យូ​ចង់​បង្ហាញ​ពី​ភាព​សំខាន់​របស់​សហភាពអឺរ៉ុប​ ចំពោះ​ក្រសែ​ភ្នែក​ជប៉ុន ជា​ពិសេស​ក្នុង​វិស័យ​សន្តិសុខ និងសេដ្ឋកិច្ច។

លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe
លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe REUTERS/Yuya Shino
ផ្សាយពាណិជ្ជកម្ម

អាល្លឺម៉ង់ អង់គ្លេស ព័រទុយហ្កាល់ អេស្ប៉ាញ បារាំង​ និង​បែលហ្សិក នេះ​គឺ​ជា​ប្រទេស​ដែល លោក​នាយក​រដ្ឋមន្ត្រី​អភិរក្ស​ជប៉ុន  នឹង​ធ្វើ​ដំណើរ​ទៅបំពេញ​ទស្សនកិច្ច​ជា​បន្ត​បន្ទាប់​គ្នាពី​ថ្ងៃ​ទី ២៩មេសា ដល់​ថ្ងៃ​ទី ៧​ឧសភា។ ក្រៅ​ពី​នោះ​លោក​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន ក៏​នឹង​ត្រូវ​ជួប​ប្រាស្រ័យ​ជាមួយ​នឹង​ប្រមុខ​ដឹកនាំ​អង្គការ​អូសេដេអឺ អង្គការ​អូតង់ និង​សហភាព​អឺរ៉ុប ក្នុង​ក្របខ័ណ្ឌ​ជំនួប​កំពូល​អឺរ៉ុប-ជប៉ុន​នៅ​ទីក្រុង​ប៉ារីស​ទៀត​ផង។

 
ជំនួបកំពូល​អឺរ៉ុប-ជប៉ុន ដែល​នឹង​ក្លាយ​ជា​ឱកាស​សម្រេច​បង្កើត​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរី​ (ផ្តើម​ចរចា​តាំង​ពី​ពីរ​ឆ្នាំ​មុន) រវាង​តូក្យូ​និង​២៧ប្រទេស​របស់​សហភាព​អឺរ៉ុប។ ប្រសិន​បើ​កិច្ចព្រមព្រៀង​​អាច​ប្រសូត​ចេញ​បាន​ នោះ​ដៃគូសហភាព​អឺរ៉ុប​-​ជប៉ុន នឹង​មាន​ទម្ងន់​សេដ្ឋកិច្ច​ក៏​ខ្លាំង​ ដែល​តំណាង​ឱ្យ​៣០%​នៃ​សេដ្ឋកិច្ច​​​ពិភពលោក និង​៤០%​នៃ​ពាណិជ្ជកម្ម​លើ​ភព​ផែនដី។

ម្យ៉ាង​វិញ​ទៀត មិន​ថា​នៅ​ប៉ារីស ឬ​នៅ​ឡុងដ៍ ប៊ែរឡាំង​ទេ  បញ្ហា​សន្តិសុខ​ជា​សំណុំ​រឿង​ដ៏​សំខាន់ មាន​កត់​ត្រា​ក្នុង​កាលវិភាគ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ដែល​មិន​អាច​​​រំលង​បាន​ឡើយ។ គោល​ដៅ​ស្វែង​រក​ការ​ពង្រឹង​សន្តិសុខ​ ដោយ​ហេតុបរិយាកាស​ជុំ​វិញ​ខ្លួន កាន់​តែ​មិន​ច្បាស់​លាស់ ៖ មានការគំរាមកំហែង​អ៊ីស្លាម​ជ្រុល​និយម​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ជប៉ុន ភាព​តាន​តឹង​បង្ក​ឡើង​ដោយ​ជម្លោះដែន​ដីជាមួយ​ចិន។ អាមេរិក​ជា​ដៃគូ​ចម្បង​បំផុត​នៅលើ​លោក​ហើយ តែ​សហភាព​អឺរ៉ុប​ និង​ជប៉ុន ក៏​អាច​ និង​ត្រូវ​តែ​ដើរ​តួ​ក្នុង​វិស័យ​នេះ​សន្តិសុខ​នេះ​ដែរ។ ជប៉ុន​ចង់​ឃើញ​អឺរ៉ុប​បង្កើន​វត្តមាន​នៅ​អាស៊ី ហើយ​ទន្ទឹម​គ្នា​នោះ​ជប៉ុនអាច​បង្កើត​តួនាទី​នៅ​អឺរ៉ុប​វិញ​ដែរ។

ចំណែក​ខាង​អឺរ៉ុប​វិញ ក៏​កំពុង​សំឡឹង​ឃើញ​ទស្សនវិស័យ​ថ្មី​ជាមួយ​ជប៉ុន​ដែរ បន្ទាប់​ពី​​តូក្យូ​បាន​សម្រេច​លុប​ចោល​ការបម្រាម​ ជិត​កន្លះ​សតវត្សរ៍​ មិន​លក់​អាវុធ​ទៅ​បរទេស​។ ជប៉ុន​មានកិច្ចព្រមព្រៀង​ជាមួយ​អង់គ្លេស​រួច​ហើយ។ ឯ​ជាមួយ​បារាំង​ កិច្ចចរចា​បាន​ដំណើរ​ការ​តាំង​ពី​៦​មុន​ សំដៅ​បង្កើត​ចំណង​សហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារជាតិ​ផង និង​ក្នុង​វិស័យ​ឧស្សាហកម្មស្ថាបនា​ឧទ្ធម្ភាគចក្រ ឌ្រូនមុជទឹក ... ឬ​ផ្តល់​ឱ្យ​គ្នា​ទៅ​វិញ​ទៅមក​បច្ចេកវិទ្យា​ការពារជាតិ​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​អឺរ៉ុប លើស​ពីអ្វីដែល​ជប៉ុន​ធ្លាប់​មាន​តែ​ជាមួយ​សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ