អានតួអត្ថបទ
ជប៉ុន

នាយក​រដ្ឋមន្រ្តី​ជប៉ុន​ប្រកាស​ចង់​កែប្រែ​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម

លោក​នាយករដ្ឋមន្រ្តី ស្ហ៊ីនហ្សូ អាបេ បាន​ប្រាប់​សមាជិក​សភា នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​ចង់​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​​ជប៉ុន​បច្ចុប្បន្ន ដែល​ជា​រដ្ឋធម្មនុញ្ញ​​​បន្សល់​ទុក​ពី​ក្រោយ​សង្រ្គាម​លោក​លើកទី២ ហើយ​ដែល​ដាក់​កម្រិត​​លើ​ការ​អភិវឌ្ឍ​កម្លាំង​យោធា​របស់​ជប៉ុន។ គម្រោងកែប្រែរដ្ឋធម្មនុញ្ញ​នេះ​កំពុង​តែ​ធ្វើ​ឲ្យ​ប្រទេស​ជិតខាង​របស់​ជប៉ុន​មាន​ការ​ព្រួយបារម្ភ។

លោក​ស្ហ៊ីនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្រ្តី​ជប៉ុន
លោក​ស្ហ៊ីនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្រ្តី​ជប៉ុន REUTERS/Toru Hanai
ផ្សាយពាណិជ្ជកម្ម

ការធ្វើការ​កែប្រែរដ្ឋធម្មនុញ្ញ​សន្តិភាពនិយម​របស់​ជប៉ុន​នេះ គឺ​ជា​ការ​សន្យា​ ដែល​លោក​ស្ហ៊ីនហ្សូ អាបេ បាន​ធ្វើ តាំងពី​ក្នុង​អំឡុង​យុទ្ធនាការឃោសនា​បោះឆ្នោត​ម៉្លេះ។ គោលដៅ គឺ​ចង់​ធ្វើការ​សើរើ​ឡើងវិញ អំពី​តួនាទី និង​បេសកកម្ម​របស់​កងទ័ព​ជប៉ុន។

គួរបញ្ជាក់​ថា ក្រោយ​ពី​​ជប៉ុន​ចាញ់​សង្រ្គាម​លោក​លើកទី២ អាមេរិក​បាន​បង្ខំ​ឲ្យ​ជប៉ុន​បង្កើត​រដ្ឋធម្មនុញ្ញ ដែល​ដាក់កម្រិត​ឲ្យ​ជប៉ុន​មាន​កម្លាំង​ទ័ព សម្រាប់​តែ​ការពារខ្លួន​ប៉ុណ្ណោះ។ ការ​ធ្វើ​បែបនេះ គឺ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​ជប៉ុន​អភិវឌ្ឍ​កម្លាំង​យោធា ហើយ​វិលត្រឡប់​ទៅ​រក​នយោបាយ​យោធានិយម និង​វាតទី​និយម ដូចជា​កាល​ពី​មុន​សង្រ្គាម​លោក​លើកទី២​ទៀត។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ កងទ័ព​ជប៉ុន ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់ថា​ជា​កងទ័ព​ដែលមាន​អាវុធយុទ្ធភ័ណ្ឌ និង​បច្ចេកវិទ្យា​ដ៏ទំនើប​នោះ​ ត្រូវ​បាន​គេ​ឲ្យឈ្មោះ​​ត្រឹមតែ​ជា “កងកម្លាំង​ការពារខ្លួន”​ ប៉ុណ្ណោះ។ ក៏ប៉ុន្តែ លោក​ស្ហ៊ីនហ្សូ អាបេ ដែល​ជា​អ្នក​នយោបាយ​អភិរក្ស​និយម​ម្នាក់​នោះ ចង់​ឲ្យ​ជប៉ុន​មាន​សេរីភាព ក្នុង​ការ​អភិវឌ្ឍ​កម្លាំង​ទ័ព​របស់​ខ្លួន​ឲ្យ​ទៅ​ជា​កងទ័ពជាតិ​ពេញលេញ ដូចគេ ដូចឯង។

គម្រោង​កែប្រែរដ្ឋធម្មនុញ្ញ​របស់​លោក​ស្ហ៊ីនហ្សូ អាបេ​នេះ កំពុង​តែ​ធ្វើ​ឲ្យ​ប្រទេស​ជិតខាង ជាពិសេស ចិន និង​កូរ៉េ ដែល​ធ្លាប់​ជា​ប្រទេស​រងគ្រោះ​ដោយ​កងទ័ព​ជប៉ុន​ពី​អតីតកាល មាន​មន្ទិលសង្ស័យ​លើ​មហិច្ឆតា​ពិតប្រាកដ​របស់​ជប៉ុន។

នៅ​ក្នុង​ប្រទេស​ជប៉ុន​ ​ការកែប្រែរដ្ឋធម្មនុញ្ញ​នេះ​ក៏​បង្ក​ឲ្យ​មាន​ការខ្វែងគំនិត​គ្នា​មិនតិច​ដែរ។ បណ្តា​អ្នក​នយោបាយ​ និង​ប្រជាជន​ជាច្រើន នៅតែ​ចង់​ឲ្យ​ជប៉ុន​រក្សា​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម​នេះ​ឲ្យ​នៅ​ដដែល ដើម្បី​បញ្ចៀស​សង្រ្គាម។ ក៏ប៉ុន្តែ មានមនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត បាន​ធ្វើការរិះគន់​ថា រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម​បច្ចុប្បន្ន​នេះ គឺ​ជា​ការ​ចងដៃ​ខ្លួនឯង ​មិន​ឲ្យ​អភិវឌ្ឍ​កម្លាំង​ទ័ព​ នៅ​ក្នុង​ខណៈ​ពេល​ដែល​ជម្លោះ​ដែនទឹក​ក្នុង​តំបន់​កំពុង​តែ​កើតមាន​ច្រើន​ជាមួយ​នឹង​ចិន ដែល​ចេះតែ​បង្កើន​កម្លាំង​ទ័ព​របស់​ខ្លួន​ឥតឈប់ឈរ។

គួរបញ្ជាក់ថា ការ​កែប្រែរដ្ឋធម្មនុញ្ញ​ជប៉ុន​ទាមទារ​នូវ​សំឡេង​ភាគច្រើន​ ២ភាគ៣ នៅ​ក្នុង​សភា​ទាំងពីរ ហើយ​បន្ទាប់​មក​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​ត្រូវ​យក​ទៅ​ឆ្លងកាត់​ការបោះឆ្នោត​ប្រជាមតិ​មួយទៀត។ នៅ​ក្នុង​ពេលបច្ចុប្បន្ន​នេះ គណបក្ស​អភិរក្ស​និយម​របស់​លោក​ស្ហ៊ីនហ្សូ​ អាបេ បូករួម​ជាមួយ​នឹង​គណបក្ស​ជាដៃ​គូ មាន​សំឡេង​លើស​ពី ២ភាគ៣ នៅ​ក្នុង​រដ្ឋសភា ក៏ប៉ុន្តែ គណបក្ស​ជាដៃគូ​ក្នុង​រដ្ឋាភិបាល មិនសូវ​ជា​គាំទ្រ​ឲ្យ​មាន​ការកែប្រែ​រដ្ឋធម្មនុញ្ញ​នេះ​ប៉ុន្មាន​ទេ។ ចំណែក​​នៅ​ឯ​ព្រឹទ្ធសភា​ឯណោះ​វិញ គណបក្ស​របស់​លោក​ស្ហ៊ីនហ្សូ អាបេ ក៏​មិនមាន​សំឡេង​ភាគច្រើន ២ភាគ៣​នោះដែរ។ឮ

ដូច្នេះ ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម​នេះ មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ សម្រាប់​លោក​ស្ហ៊ីនហ្សូ អាបេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ