អានតួអត្ថបទ
ជប៉ុន

គ្រោះរញ្ជួយដី៖ក្រុមអ្នកជួយសង្រ្គោះ​អន្តរជាតិ​ផ្តើម​ទៅ​ជួយ​ជប៉ុន

២៤ម៉ោង បន្ទាប់​ពី​មាន​គ្រោះរញ្ជួយដី ជប៉ុន​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ជួយ​សង្រ្គោះ​ជនរងគ្រោះ។ ក្រៅ​ពី​ការ​ពឹងផ្អែក​លើ​សមត្ថភាព និង​កម្លំាង​ផ្ទាល់ខ្លួន ជប៉ុន​ក៏​បាន​សម្រេចចិត្ត​សុំ​ជំនួយ​កម្លំាង​ពី​សំណាក់​ផ្សេង​ទៀត។ យ៉ាង​ណា​ក៏​ដោយ និង​ក៏​ដូច​ជា​នៅ​ក្នុង​បរិបទ​នៃ​វិបត្តិ​ផ្សេង​ទៀត កងទ័ព​បាន​ដើរ​តួនាទី​​យ៉ាង​សំខាន់​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិ​ការជួយ​ សង្រ្គោះ។

កងទ័ព​ជប៉ុន​ផ្តើម​ជួយសង្រ្គោះ​ជនរងគ្រោះ​ដោយ​រញ្ជួយដី
កងទ័ព​ជប៉ុន​ផ្តើម​ជួយសង្រ្គោះ​ជនរងគ្រោះ​ដោយ​រញ្ជួយដី ©Reuters
ផ្សាយពាណិជ្ជកម្ម

ការ​ប្រើ​កម្លំាង​ទ័ព បូក​បញ្ចូល​នឹង​កម្លំាង​ស៊ីវិល​ដើម្បី​ជួយ​ជនរងគ្រោះ គឺ​វា​ចំាបាច់ និង​មិន​អាច​ខ្វះ​បាន។ គេ​ធ្លាប់​បាន​ឃើញ​ករណី​របៀប​នេះ​នៅ​ក្នុង​ប្រទេស​ចិន នៅ​ពេល​ដែល​ខេត្ត Sichuan របស់​ចិន​បាន​ទទួល​រងគ្រោះ​រញ្ជួយដី​កាល​ពី​ប៉ុន្មាន​ឆ្នំា​មុន។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ពេល​នេះ ជប៉ុន​បាន​សម្រេច​បញ្ជូន​ទ័ព​របស់​ខ្លួន​ប្រមាណ​ជា ៥ម៉ឺន​នាក់ បំពាក់​ទៅ​ដោយ​សម្ភារៈ​ពិសេស ជាមួយ​នឹង​យន្តហោះ ១៩០គ្រឿង និង​នាវា​ប្រមាណ​ជា ១០គ្រឿង​ទៅ​កាន់​តំបន់​រងគ្រោះ ពិសេស​ក្នុង​ទីក្រុង Sendaï ដែល​បាន​ទទួល​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​​ជាង​គេ។ មួយ​វិញ​ទៀត និង​នៅ​ក្នុង​បរិបទ​នៃ​ភាព​តានតឹង​តាម​ផ្លូវយោធា​រវាង​ប្រទេស​ជប៉ុន និង​ប្រទេស​ចិន​ក្នុង​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ កងទ័ព​ជប៉ុន​ចង់​បង្ហាញ​អំពី​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ ការពារ​ប្រទេសជាតិ ក៏​ដូច​ជា​ការ​ចូលរួម​ជួយ​សង្រ្គោះ​ជនរងគ្រោះ​របស់​ខ្លួន ដោយ​ធ្វើ​យ៉ាង​ណា មិន​ឲ្យ​ចាញ់​កងទ័ព​ចិន​ឡើយ។
 

ប្រទេស​ស្វីស​បាន​បញ្ជូន​កម្លំាង​ជំនួយ​ទៅ​កាន់​ប្រទេស​ជប៉ុន
ប្រទេស​ស្វីស​បាន​បញ្ជូន​កម្លំាង​ជំនួយ​ទៅ​កាន់​ប្រទេស​ជប៉ុន ©Reuters

និយាយ​ពី​កម្លំាង​ជំនួយ​អន្តរជាតិ​វិញ កម្លំាង បើ​គេ​ពិនិត្យ​ជារួម​ទៅ ជប៉ុន​កម្រ​នឹង​ហា​មាត់​សុំ​ឲ្យ​គេ​ជួយ​ណាស់ ជាក់ស្តែង​ដូច​ករណី​គ្រោះរញ្ជួយដី​នៅ​ក្នុង​ទីក្រុង Kobé ក្នុង​ឆ្នំា ១៩៩៥ ដែល​កាល​ណោះ ជប៉ុន​បាន​ពឹង​តែ​លើ​សមត្ថភាព និង​កម្លំាង​ផ្ទាល់​ខ្លួន ដោយ​មិន​បាន​អំពាវនាវ​សុំ​កម្លំាង​ជំនួយ​របស់​អ្នក​ដទៃ​ទេ។ ជាទូទៅ គឺ​មាន​តែ​ប្រទេស​ផ្សេង​ទៅ​វិញ​ទេ ដែល​បាន​ប្រកាស​ត្រៀមខ្លួន​ដើម្បី​បញ្ជូន​កម្លំាង​ទៅ​ជួយ ប្រសិន​បើ​រដ្ឋាភិបាល​ជប៉ុន​ប្រកាស​សុំ​ឲ្យ​គេ​ជួយ​ជា​ផ្លូវការ។

ជា​គោលការណ៍ រហូត​មក​ដល់​ម៉ោង​នេះ ជប៉ុន​បាន​យល់​ព្រម​ទទួល​យក​កម្លំាង​ជំនួយ​ពី​បណ្តា​ប្រទេស​មួយ​ចំនួន។ នៅ​ថ្ងៃសៅរិ៍ ទី១២ មីនា​​នេះ កម្លំាង​របស់​ប្រទេស​មួយ​ចំនួន​នឹង​ទៅ​ដល់​ប្រទេស​ជប៉ុន មុន​គេ​គឺ​ប្រទេស​នូវែលសេឡង់​ដែល​បាន​បញ្ជូន​ក្រុម​អ្នកឯកទេស​ស្រាវជា្រវ​ចំនួន ៤៨នាក់។ ប្រទេស​អូស្រ្តាលី​ប្រកាស​បញ្ជូន​ក្រុម​អ្នកសង្រ្គោះ ជាមួយ​នឹង​សត្វឆ្កែ​ តាម​យន្តហោះ​យោធា​មួយ​គ្រឿង។ ប្រទេស​សិង្ហបុរី​ក៏​បាន​ប្រកាស​បញ្ជូន​កម្លំាង​ដូច​គ្នា​នេះ។ ចំណែក​ឯ​កូរ៉េខាងត្បូង​វិញ ទីក្រុង​សេអ៊ូល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​វេជ្ជបណ្ឌិត និង​ក្រុមជួយសង្រ្គោះ​ជាង ១០០នាក់ ព្រម​ទំាង​យន្តហោះ​យោធា​ចំនួន ៣គ្រឿង​កំពុង​ត្រៀម​ខ្លួន​ចេញ​ដំណើរ។

រីឯ​សម្ព័ន្ធមិត្ត​អាមេរិក លោក​ប្រធានាធិបតី​អូបាម៉ា​ដែល​បាន​ទូរស័ព្ទ​ជួប​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន ណាអូ តូកាន​នៅ​ថ្ងៃ​ម្សិលមិញ បាន​ព្រមព្រៀង​ជា​គោលការណ៍ ឲ្យ​ជប៉ុន​ប្រើប្រាស់​កម្លំាងទ័ព​អាមេរិក​ទំាង ៤៧ ០០០នាក់​ដែល​កំពុង​ឈរ​ជើង​នៅ​លើ​ទឹកដី​ជប៉ុន​នា​ពេល​បច្ចុប្បន្ន។ ដោយ​ឡែក ទីភ្នាក់ងារ​អាមេរិកំាង​ទទួល​បន្ទុក​ខាង​ការ​អភិវឌ្ឍន៍​អន្តរជាតិ​បាន​ប្រកាស​ថា នឹង​បញ្ជូន​ក្រុមអ្នកជួយសង្រ្គោះ​ចំនួន ៧២នាក់ ជាមួយ​នឹង​សត្វឆ្កែ ព្រមទំាង​សម្ភារៈ​ផ្សេងៗ​ចំនួន ៧២តោន។

ពី​ប្រទេស​កម្ពុជា​វិញ ជា​មួយ​នឹង​សារ​ចូល​រួម​រំលែកទុក្ខ​ជា​មួយ​ប្រជារាស្រ្ត​ជប៉ុន រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ផ្តល់ជំនួយ​ជាប្រាក់​ចំនួន ១០ម៉ឺនដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ