អានតួអត្ថបទ
ភូមា

បស្ចិមលោក​សម្លឹង​ឃើញ​ទ័ណ្ឌកម្ម​របស់ខ្លួន​លើ​ភូមា គ្មាន​ប្រសិទ្ធិភាព

នៅ​ប្រទេស​ភូមា ការ​អំពាវនាវ​ឲ្យ​ប្រទេស​លោកខាងលិច​លើក​ទ័ណ្ឌកម្ម​ចេញ​វិញ​កំពុង​បន្ត​មាន​កាន់​តែ​ច្រើន​ឡើងៗ។ ប៉ុន្តែ​ក្រុមអ្នក​វិភាគ​បាន​មើល​ឃើញ​ថា ការ​អំពាវនាវ​របៀបនេះ​នឹង​ពិបាក​ទទួល​យក​បាន ដរាប​ណា​គ្មាន​ការ​គំាទ្រ​ពី​ប្រមុខ​បក្សប្រឆំាង​លោកស្រី អ៊ុង សានស៊ូជី ឬ​មួយ​ក៏​គ្មាន​ការ​រីកចម្រើន​នៅ​លើ​វិស័យ​សិទ្ធិមនុស្ស​នោះ​ទេ។

លោកស្រី អ៊ុង សានស៊ូជី ប្រមុខបក្សប្រឆំាងភូមា
លោកស្រី អ៊ុង សានស៊ូជី ប្រមុខបក្សប្រឆំាងភូមា ©Reuters
ផ្សាយពាណិជ្ជកម្ម

02:28

សេចក្តីរាយការណ៍​របស់ គួច កន្ធារ៉ា

គួច គន្ធារ៉ា

វា​ពិត​ជា​លំបាក​ណាស់​សម្រាប់​សហភាពអឺរ៉ុប ឬ​មួយ​ក៏​សហរដ្ឋអាមេរិក ដើម្បី​សម្រេច​លើក​ទ័ណ្ឌកម្ម​ចេញ​ពី​ប្រទេស​ភូមា​វិញ នោះ​បើ​ទោះបី​ជា​ពួក​គេ​គិត​ថា ទ័ណ្ឌកម្ម​នោះ​ហាក់​ដូច​ជា​គ្មាន​ប្រសិទ្ធិភាព​ក៏​ដោយ។ ទ័ណ្ឌកម្ម​ដែល​សហគមន៍​អន្តរជាតិ​បាន​ដាក់​លើ​របបសឹក​ភូមា​កាល​ពី​ដំណាច់​ឆ្នំា ១៩៩០។ ជា​ការ​ពិត ប្រទេស​លោកខាងលិច​បាន​បរិហារ​ការ​បោះឆ្នោត​សភា​ភូមា​ក្នុង​ខែវិច្ឆិកា ឆ្នំា ២០១០​កន្លង​ទៅ ថា​មិនសេរី និង​យុត្តិធម៌។ ក៏​ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ និង​ក្រោយ​ពី​មាន​ការ​ដោះលែង​ប្រមុខបក្សប្រឆំាង​លោកស្រី អ៊ុងសានស៊ូជី​មក ប្រទេស​លោកខាងលិច​កំពុង​រង់ចំា​កាយវិការ​ផ្សេង​ទៀត​នៃ​របបសឹក នោះ​គឺ​ធ្វើ​ឲ្យ​ចម្រើន​នៅ​លើ​វិស័យ​សិទ្ធិមនុស្ស ពិសេស ឲ្យ​មាន​ការ​ដោះលែង​អ្នកទោសនយោបាយ​ជាង ២០០០នាក់។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គណបក្សប្រឆំាង​ចំនួន ២ និង​គណបក្ស​តំណាង​ឲ្យ​ជនជាតិ​ភាគតិច​ជាច្រើន ព្រម​ទំាង​អាស៊ាន​ផង​ដែរ បាន​អំពាវនាវ​ឲ្យ​បិទបញ្ចប់ ការ​ដាក់​ទ័ណ្ឌកម្ម​លើ​ប្រទេស​ភូមា។ ត្រង់​ចំណុច​នេះ ក្រុមអ្នកវិភាគ​បាន​មើល​ឃើញ​ថា ការ​លើក​ទ័ណ្ឌកម្ម​ចេញ​វិញ​នឹង​អាច​ធ្វើ​ទៅ​បាន លុះត្រា​ណា​តែ​មាន​ការ​យល់ស្រប​ពី​លោកស្រី អ៊ុង សានស៊ូជី។ លោកស្រី ស៊ូជី​ដែល​ពេល​នេះ មិន​ទាន់​បាន​ធ្វើ​ការ​អំពាវនាវ​ជា​ផ្លូវការ​ទេ តែ​ដូច​ជា​មាន​ជំហរ​ទន់ភ្លន់​ជាង​​មុន ដោយ​បាន​សុំ​ឲ្យ​សហគមន៍អន្តរជាតិ​ពិនិត្យមើល​ឡើង​វិញ​នូវ​ទ័ណ្ឌកម្ម​របស់​ខ្លួន​ចំពោះ​ប្រទេស​ភូមា។

ជា​មួយ​នឹង​ទ័ណ្ឌកម្ម​នេះ អាមេរិក​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​នំា​ចូល​ផលិតផល​ភូមា​ទៅ​អាមេរិក និង​មិន​ឲ្យ​នំា​សេវាហិរញ្ញវត្ថុ​ពី​អាមេរិក ទៅ​ភូមា​ទេ។ ចំណែក​សហភាពអឺរ៉ុប​វិញ អឺរ៉ុប​ក៏​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​នំា​ចូល​ផលិតផល​ឈើ រ៉ែដែក និង​ត្បូង​មាន​តម្លៃ​ពី​ភូមា ទៅ​អឺរ៉ុប។ និយាយ​ជា​រួម​ទៅ មាន​តែ​ប្រទេស​លោកខាងលិច​មួយ​ចំនួន​ទេ ដែល​បាន​អនុវត្ត​នូវ​ទ័ណ្ឌកម្ម​នេះ។ ទ័ណ្ឌកម្ម​ដែល​ហាក់​ដូច​ជា​មិន​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ភូមា​ងាប់​ស្តូក​ទេ ព្រោះ​ថា ក្រៅ​ពី​ប្រទេស​លោកខាងលិច ភូមា​បាន​បែរ​ខ្លួន​ទៅ​រកស៊ី​ជាមួយ​បណ្តា​ប្រទេស​ជិត​ខាង​របស់​ខ្លួន រួម​មាន​ប្រទេស​ថៃ ចិន ឬ​មួយ​ក៏​ប្រទេស​ឥណ្ឌា​ជា​ដើម។

ត្រង់​ចំណុច​នេះ ត្រូវ​បាន​ក្រុមអ្នកវិភាគ​មើល​ឃើញ​ថា ស្ថានការណ៍​សេដ្ឋកិច្ច និង​សង្គម​យ៉ាង​ដុនដាប​នៅ​ក្នុង​ប្រទេស​ភូមា​នា​ពេល​នេះ មិន​មែន​ដោយ​សារ​តែ​ទ័ណ្ឌកម្ម​របស់​ប្រទេសលោកខាងលិច​ទេ តែ​ជា​លទ្ធផល​នៃ​ការ​ដឹកនំា​អំណាចផ្តាច់ការ​នៃ​​របបសឹក​ក្នុង​រយៈពេល ៥០ឆ្នំា​កន្លង​ទៅ។

យ៉ាង​ណា​ក៏​ដោយ ទោះ​បី​ជា​ទ័ណ្ឌកម្ម​របស់​បស្ចិមលោក​ហាក់​ដូច​ជា​គ្មាន​ប្រសិទ្ធិភាព​ក៏​ដោយ ក៏​សម្រាប់​ប្រទេសលោកខាងលិច វា​ជា​និមិត្តរូប​មួយ​ដែល​មិន​អាច​ខ្វះ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ