ប្រតិកម្មចម្រុះក្នុងចំណោមឥស្សរជនជុំវិញការសាងសង់អង្គរវត្តនៅឥណ្ឌា
មានការយល់ឃើញផ្សេងគ្នាក្នុងចំណោមមន្ត្រីរដ្ឋាភិបាលជុំវិញគម្រោងសាងសង់ប្រាសាទអង្គរវត្តថតចម្លងនៅក្នុងប្រទេសឥណ្ឌាដោយអង្គការមួយ។ គណបក្សសិទ្ធិមនុស្សវិញបានចេញសេចក្តីថ្លែងការណ៍មួយរិះគន់សមាជិករដ្ឋាភិបាល អំពីការខ្វះការទទួលខុសត្រូវចំពោះសម្បត្តិដូនតា នៅពេលដែលអ្នកនាំពាក្យរដ្ឋាភិបាលថ្លែងប្រាប់អ្នកសារព័ត៌មានថា វត្តមាននៃវត្ថុចម្លង នឹងធ្វើអោយវត្ថុពិតកាន់តែមានតម្លៃ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤២
ដូចការយល់ឃើញរបស់លោកខៀវ កាញារីទ្ធអ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងព័ត៌មានដែរ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រាប់វិទ្យុបារាំងអន្តរជាតិពីយោបល់ផ្ទាល់ខ្លួនរបស់លោកថា ការបង្កើតអោយមានវត្ថុថតចម្លងមួយនឹងធ្វើអោយមានវត្ថុពិតកាន់តែមានតម្លៃ។ ហើយថា អ្នកដែលបានឃើញវត្ថុចម្លង នឹងមានចិត្តចង់ឃើញរបស់ពិត។ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងយ៉ាងនេះ ដោយអះអាងយ៉ាងច្បាស់ក្នុងចិត្តថា ប្រាសាទអង្គរវត្តចំណាស់១០០០ឆ្នាំរបស់កម្ពុជា នឹងមិនអាចមានអ្នកណាធ្វើដូចនោះឡើយ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌លោក ហ៊ឹម ឆែម ឯណោះវិញបើទោះជាទទួលស្គាល់ថា គ្មានអ្នកណាអាចសាងសង់អង្គរវត្តថ្មីអោយដូចប្រាសាទអង្គរវត្តរបស់កម្ពុជាដែលត្រូវបានចុះឈ្មោះចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២នោះបានក៏ដោយ ក៏លោករដ្ឋមន្ត្រីក្រសួងវប្បធម៌សុំបញ្ចេញទស្សនៈក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ប្រឆាំងដាច់ខាតការសាងសង់ប្រាសាទចម្លងនៅក្នុងប្រទេសឥណ្ឌានេះ។
ទោះយ៉ាងនេះក្តី រដ្ឋមន្ត្រីទាំងពីរបានអះអាងដូចគ្នាថា ពួកលោកបានមិនដែលបានទទួលព័ត៌មានថា មានភាគីឥណ្ឌាបានមកជួបរដ្ឋាភិបាលកម្ពុជា ដើម្បីជជែកអំពីសាងសង់ប្រាសាទព្រហ្មញ្ញសាសនាអង្គរវត្តចំលង នៅក្នុងប្រទេសឥណ្ឌានោះឡើយ។
គម្រោងសាងសង់ប្រាសាទអង្គរវត្តចម្លងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនានេះត្រូវកសាង ដោយអង្គការ Mahavir Mandir Trust ដែលត្រូវចំណាយពេល១០ឆ្នាំ ក្នុងតម្លៃ២០លានដុល្លារ។
ពាក់ព័ន្ធនឹងគម្រោងដ៏គួរភ្ញាក់ផ្អើលនេះហើយ ដែលធ្វើអោយគណបក្សសិទ្ធិមនុស្សធ្វើសេចក្តីថ្លែងការណ៍បន្ទោសសមាជិករដ្ឋាភិបាលថាបានធ្វើអត្ថាធិប្បាយដែលបង្ហាញពីភាពការមិនទទួលខុសត្រូវចំពោះកេរមរតកដូនតា ដោយអនុញ្ញាតអោយការសាងសង់សម្បត្តិអច្ឆរិយៈរបស់កម្ពុជានៅឥណ្ឌាអោយធំហួសទំហំដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ