កូរ៉េខាងជើងគំរាមអាមេរិកធ្វើសកម្មភាពស្វ័យការពារ
កូរ៉េខាងជើង ទើបបានព្រមានអាមេរិកម្សិលមិញថា ខ្លួននឹងធ្វើសកម្មភាពស្វ័យការពារ ប្រសិនបើវ៉ាស៊ីនតោននៅតែបន្តដាក់សម្ពាធនយោបាយនិងទណ្ឌកម្មប្រឆាំងខ្លួន។ការព្រមានរបស់ទីក្រុងព្យុងយ៉ាងនេះ ត្រូវបានលោក Glyn Davies បេសកជនពិសេសរបស់អាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើងវាយតម្លៃថា ”កូរ៉េខាងជើងគ្មានផ្លាស់ប្តូរគោលជំហរនយោបាយរបស់ខ្លួនទាល់តែសោះមកទល់ពេលនេះ ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៥
បន្ទាប់ពីបានព្រមានសហរដ្ឋអាមរិក ថាកូរ៉េខាងជើងនឹងធ្វើសកម្មភាពស្វ័យការពារម្សិលមិញមក បេសកជនពិសេសរបស់អាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក Glyn Davies បានថ្លែងថា « ទោះបីជាកូរ៉េខាងជើងប្រឈមមុខនឹងទណ្ឌកម្មនិងសម្ពាធពីអាមេរិកយ៉ាងណាក្តី ក៏កូរ៉េខាងជើងមិនខ្វល់និងមិនព្រមប្តូរគោលជំហរនយោបាយដែរមកទល់ពេលនេះ។
ម្សិលមិញ ក្រសួងការបរទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍ថាព្យុងយ៉ាងនឹងពុំមានជម្រើសអ្វីផ្សេងទៀតក្រៅពីអនុម័តយកវិធានការ ដើម្បីប្រឆាំងវិញនិងការពារប្រទេសខ្លួន-ប្រសិនបើសហរដ្ឋអាមេរិកនៅតែចចេសប្រកាន់ខ្ជាប់គោលជំហរនយោបាយរបស់ខ្លួនដែលនឹងបង្កើនការដាក់ទណ្ឌកម្មនិងសម្ពាធមកលើកូរ៉េខាងជើង។
សេចក្តីថ្លែងការណ៍របស់ព្យុងយ៉ាង ធ្វើឡើងជួនចំពេលដែលតំណាងអាមេរិក Glyn Davies កំពុងជួបសន្ទនាជាមួយសមភាគីចិន ជំរុញការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងនៅក្នុងក្របខ័ណ្ឌអសប។ មិនតែប៉ុណ្ណោះ ក្នុងពេលជួបសន្ទនាប្រកបដោយអត្ថន័យនិងភាពស្មោះស បេសកជនពិសេសរបស់អាមេរិកនេះ បានបង្ហើបពីជំហរសហរដ្ឋអាមេរិកដែលត្រៀមជាស្រេច នឹងផ្តល់ជំនួយស្បៀងអាហារឲ្យកូរ៉េខាងជើងឡើងវិញ ប្រសិនបើ ថ្នាក់ដឹកនាំកូរ៉េខាងជើងចេះធ្វើឲ្យសហរដ្ឋអាមេរិកមានការទុកចិត្តនិងគោរពកិច្ចសន្យារបស់ខ្លួន ។
នៅទីបញ្ចប់ លោក Glyn Davies បានសង្កត់ធ្ងន់ទៀតថា លោក បានពិភាក្សារួចហើយ ជាមួយអ្នកទទួលខុសត្រូវរបស់ចិនពីបញ្ហា ជនភៀសខ្លួនកូរ៉េខាងជើងនៅក្នុងប្រទេសចិនដែលប៉េកាំងជាទូទៅចាត់ទុកដូចជាជនអន្តោប្រវេសន៍ខុសច្បាស់នឹងត្រូវបញ្ជូនខ្លួនទៅកូរ៉េខាងជើងវិញបើមិនដូច្នោះទេពួកគេអាចនឹងត្រូវដាក់ឃុំឃាំងក្នុងពន្ធនាគារ ឬក៏ត្រូវ ដាក់នៅក្នុងជំរំលត់ដំការងារ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ