អានតួអត្ថបទ
កូរ៉េ​ខាង​ជើង

កូរ៉េ​ខាង​ជើង​បង្កើន​សកម្មភាព​នៅ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ (រូបភាព​ផ្កាយរណប)

រូបភាព​ថត​ដោយ​ផ្កាយរណប ដែល​ទើប​នឹង​ថត​នាពេលថ្មីៗនេះ​បង្ហាញ​ឲ្យឃើញ​ថា សកម្មភាព​នៅ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង មាន​ការ​កើនឡើង ដែល​ជា​សញ្ញា​កាន់តែ​ច្បាស់​ថា កូរ៉េ​ខាងជើង​កំពុង​តែ​រៀបចំ​សាកល្បង​នុយក្លេអ៊ែរ​ជាលើក​ទី៣។ នេះ​បើ​យោងតាម​វិបសៃត៍​មួយ​របស់​វិទ្យាស្ថាន​អាមេរិក-កូរ៉េ នៃសកលវិទ្យាល័យ Johns Hopkins។ លោក​បាន គីមូន អគ្គលេខាធិការ​អ.ស.ប.​ បាន​ព្រមាន​កូរ៉េ​ខាងជើង​​កុំ​ឲ្យ​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​សាជាថ្មីទៀត។

រ៉ុកកែត​ដែល​កូរ៉េ​ខាងជើង​បាញ់​សាកល្បង​ កាល​ពីថ្ងៃ​ទី១៣​មេសា តែ​ត្រូវ​បរាជ័យ
រ៉ុកកែត​ដែល​កូរ៉េ​ខាងជើង​បាញ់​សាកល្បង​ កាល​ពីថ្ងៃ​ទី១៣​មេសា តែ​ត្រូវ​បរាជ័យ REUTERS/Bobby Yip
ផ្សាយពាណិជ្ជកម្ម

មជ្ឈដ្ឋាន​អន្តរជាតិ​ជាទូទៅ​នាំគ្នា​ព្យាករ​ថា កូរ៉េ​ខាងជើង​នឹង​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ជាលើក​ទី៣ ក្រោយ​ពី​ការ​បាញ់​សាកល្បង​រ៉ុកកែត​ កាល​ពីថ្ងៃទី១៣​មេសា ត្រូវ​ទទួល​បរាជ័យ។

គួរ​បញ្ជាក់ថា រហូតមកទល់ពេលនេះ កូរ៉េ​ខាងជើង​នៅមិនទាន់​មាន​សមត្ថភាព​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​អាច​បាញ់​ដោយ​ប្រើ​មីស៊ីល​បាន​នៅឡើយទេ។ ដូច្នេះ រាល់​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ទាំងពីរ​លើក​កន្លងទៅ គឺ​​ត្រូវ​បានធ្វើ​ឡើង​នៅ​ក្រោមដី។

រូបភាព​ថត​ដោយ​ផ្កាយរណប កាល​ពីថ្ងៃ​ទី៨ មីនា បង្ហាញ​ឲ្យ​ឃើញ​អំពី​គំនរដី មុខ​រូងក្រោមដី នៅ​ទីតាំង ដែល​កូរ៉េ​ខាងជើង​ធ្លាប់​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​កន្លងមក។ ការ​ជីករូងក្រោមដី​នេះ មាន​សកម្មភាព​កាន់តែ​ខ្លាំង បើ​យោងតាម​​រូបភាព​ចុងក្រោយ ដែល​ថត​កាល​ពីថ្ងៃ​ទី១៨ មេសា។

អនុរដ្ឋមន្រ្តី​ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​វិញ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​យុនហាប់​ កាល​ពីថ្ងៃ​សុក្រ​ម្សិលមិញ​ថា កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​វាយតម្លៃ​ថា ប្រូបាប៊ីលីតេ​ដែល​កូរ៉េ​ខាងជើង​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជាលើក​ទី៣ គឺ​មាន​កម្រិត​ខ្ពស់ គ្រាន់តែ​គេ​មិន​អាច​ដឹង​ច្បាស់​ថា វា​នឹង​កើតឡើង​នៅ​ពេលណា​ពិតប្រាកដ។ លោក​ក៏​បាន​បញ្ជាក់​សាជាថ្មី​ម្តងទៀត​ថា អាមេរិក និង​កូរ៉េ​ខាងត្បូង​​នឹងចាត់វិធានការ​​តប​នឹង​រាល់​ទង្វើ​បង្ក​ហេតុ​របស់​កូរ៉េ​ខាងជើង។ ក៏ប៉ុន្តែ មិន​បាន​បញ្ជាក់​ថា តើ​វិធានការ​តប​នោះ​ជា​អ្វី​ទេ។

លោក​បាន​ គីមូន អគ្គលេខាធិការ​អ.ស.ប. បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​ទៅកាន់​ប្រទេស​ឥណ្ឌា កាល​ពីថ្ងៃ​សុក្រ​ម្សិលមិញ​ថា ការ​បាញ់​សាកល្បង​រ៉ុកកែត​របស់​កូរ៉េ​ខាងជើង​ កន្លងទៅថ្មីៗ​នេះ គឺ​ជា​ការ​គំរាមកំហែង​ដល់​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ ហើយ​ថា កូរ៉េ​ខាងជើង​មិន​ត្រូវ​ធ្វើ​ទង្វើ​បង្ក​ហេតុណាមួយ​បន្ថែម​ទៀត ឬ​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​​​ណាមួយ​សាជាថ្មី​ទៀត​ទេ។

កាល​ពីថ្ងៃ​អង្គារ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​ក៏​បាន​ធ្វើការ​ព្រមាន​ប្រហាក់​ប្រហែល​គ្នា​នេះដែរ ចំពោះ​របបដឹកនាំ​ក្រុង​ព្យុងយ៉ាង។ គួររំឭកឡើងវិញ​ថា បច្ចុប្បន្ន​នេះ សហរដ្ឋ​អាមេរិក​មាន​កងទ័ព​​​ចំនួន ២ម៉ឺន ៨ពាន់ ៥រយ​នាក់ ដែល​កំពុង​ឈរជើង នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ចាប់តាំង​ពីក្រោយ​សង្រ្គាម​កូរ៉េ (១៩៥០-១៩៥៣) រហូត​មកទល់​នឹង​ពេលនេះ អាមេរិក និង​កូរ៉េ​ខាង​ត្បូង នៅ​មិនទាន់​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​កូរ៉េ​ខាងជើង​នៅឡើយទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ