អានតួអត្ថបទ
កម្ពុជា

អាដហុក៖​ ​ឆ្នាំ២០១១​​កម្ពុជា​​ផ្តល់​​សម្បទាន​ដី​សេដ្ឋកិច្ច​​ច្រើន​​រហូត​​កាត់ដី​​ឧទ្យាន​​ជាតិ​​ពីតំបន់​​ការពារ​​សត្វ​​និង​រុក្ខជាតិ​​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ អង្គការ​សិទ្ធិមនុស្ស ​អាដហុក ​បាន​ផ្សព្វផ្សាយ​របាយការណ៍​ ស្តីពី​ “​សិទ្ធិ​ដីធ្លី ​និង​លំនៅដ្ឋាន ​ឆ្នាំ​២០១១”​។​ របាយការណ៍​ដែល​មាន​កម្រាស់​ ៣២ ទំព័រ​បង្ហាញថា ​ក្នុង​ឆ្នាំ​២០១១ ជា​ឆ្នាំ​មួយ​ ដែល​រដ្ឋាភិបាល​កម្ពុជា ​បាន​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ជាច្រើន​រហូត​ដល់​កាត់​ដី​ចេញពី​ឧទ្យាន​ជាតិ ​ពី​តំបន់​ការពារ​សត្វ ​និង​រុក្ខជាតិ​ ផ្តល់ឲ្យ​ក្រុមហ៊ុន​ឯកជន។​ តាម​របាយការណ៍​ ក្នុង​ឆ្នាំ​២០១១​ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ចំនួន ​១២៣ ​ដើម្បី​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន​ដែល​មាន​ផ្ទៃដី​ចំនួន​ជាង ​៧ ​សែន​ហិកតា។

លោក ធន សារាយ​ ប្រធាន​អង្គការ ​អាដហុក​
លោក ធន សារាយ​ ប្រធាន​អង្គការ ​អាដហុក​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់​អាដ​ហុក​ បង្ហាញថា ​ក្នុង​ឆ្នាំ​២០១១ រ​ដ្ឋាភិបាល​កម្ពុជា ​បាន​ចេញ​អនុក្រឹត្យ ​ចំនួន ១២៣​ ដើម្បី​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ឯកជន​ ចំនួន ​៧៥១.៨៨២ ហិកតា​។ ​ផ្ទៃដី​ជាង ២ ភាគ ៣ ​បាន​កាត់​ចេញពី​ដី​ការពារ ​ដោយ​ព្រះរាជក្រឹត្យ ​ដែល​ជា​តំបន់​ការពារ​សត្វព្រៃ​ និង​ព្រៃឈើ​។

 
តាម​របាយការណ៍​ដែល​បាន​ផ្សព្វផ្សាយ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ នៅ​កម្ពុជា ​សព្វថ្ងៃ​ពុំ​មាន​ដី​ទំនេរ​ សម្រាប់​ផ្តល់​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន​ទៀត​ទេ​។

គិត​មក​ទល់​នឹង​ឆ្នាំ​២០១១ រ​ដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ ប្រមាណ​ ២.២៧៦.៣៤៩ ​ហិកតា ​ទៅ​ដល់​ក្រុមហ៊ុន​ឯកជន​ចំនួន​ ២២៥ ក្រុមហ៊ុន​ តាមរយៈ​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ ​និង​តាមរយៈ​អនុក្រឹត្យ​ ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ពី​ប្រមុខ​រាជរដ្ឋាភិបាល​ដោយផ្ទាល់​។

តាម​របាយការណ៍​ដដែល ​ចំនួន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​កម្ពុជា អាច​មាន​ច្រើន​ជាង​នេះ​ទៀត ​ព្រោះ​មាន​ក្រសួង​មួយចំនួន​ទៀត ​ក៏​មាន​សិទ្ធិ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច ​សម្រាប់​វិស័យ​ផ្សេងៗ ​ដូចជា ដី​សម្បទាន សម្រាប់​រុករក​រ៉ែ ​៥៦ សម្បទាន ​តាមរយៈ​ក្រសួង​ឧស្សាហកម្ម​រ៉ែ ​និង​ថាមពល​ និង​មាន​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ សម្រាប់​ពង្រីក​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​មាន​ចំនួន ២២ ​សម្បទាន​ផ្សេងទៀត​។

ក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​មិញ​ លោក ធន សារាយ​ ប្រធាន​អង្គការ ​អាដហុក​បានលើក​ឡើងថា ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដ៏​ច្រើន​នេះ ជា​មូលហេតុ​ដ៏​ចម្បង ​ដែល​បង្ក​ឲ្យមាន​ទំនាស់​ដីធ្លី​នាពេល​បច្ចុប្បន្ន និង​ទៅ​បណ្តា​ឆ្នាំ​ខាងមុខៗ​ទៀត​។

របាយការណ៍​លើកឡើង​ថា ជម្លោះ​ដីធ្លី​ ក្នុង​ឆ្នាំ​២០១១ តុលាការ​បាន​ចោទប្រកាន់​ប្រជាពលរដ្ឋ​ចំនួន ៤២៧ នាក់​។​ ក្នុងនោះ មាន ៩៥​នាក់ បាន​ត្រូវ​ចាប់ខ្លួន ហើយ​រហូត​មកដល់ពេលនេះ នៅ​មាន​មនុស្ស ៤៨ នាក់ ដែល​កំពុង​តែ​ជាប់​ឃុំឃាំង​នៅឡើយ​។
អាដហុក លើកឡើងថា ​ក្រៅពី​ជម្លោះ​សម្បទាន​ដី​សេដ្ឋកិច្ច ក៏​មាន​បញ្ហា​លើ​ការបណ្តេញ​សហគមន៍​ក្រីក្រ​ចេញ​ដោយ​បង្ខំ​ពី​ទីក្រុង ដែល​ធ្វើឡើង​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ រហូតមក​ទល់​ឆ្នាំ​២០១១ មាន​សហគមន៍​ចំនួន ១២៧ សហគមន៍ ត្រូវ​បាន​បណ្តេញចេញ ក្នុងនោះ មាន ៨១ សហគមន៍​នៅ​ភ្នំពេញ​។​ ការ​បណ្តេញចេញ​ដោយ​បង្ខំ​នេះ​ ប៉ះពាល់​ដល់​ពលរដ្ឋ ចំនួន ៣០.០០៩ ​គ្រួសារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ