អានតួអត្ថបទ
កម្ពុជា

ក្រសួង​ទេសចរណ៍​ជួប​ជាមួយ​សមាគម​ស៊ីក្លូ ដើម្បី​អភិរក្ស​ស៊ីក្លូ

នៅព្រឹកថ្ងៃទី៩មករានេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ជួបពិភាក្សា​ជាមួយ​សមាគម​ស៊ីក្លូ ដើម្បី​អភិរក្ស​ស៊ីក្លូ នៅក្នុង​វិស័យ​ទេសចរណ៍។ តាមលទ្ធផលកិច្ចប្រជុំ អាជ្ញាធរ បានតម្រូវឲ្យសមាគមស៊ីក្លូ រៀបចំឲ្យស៊ីក្លូ តាមលក្ខណៈបច្ចេកទេស ហើយអ្នកធាក់ស៊ីក្លូ ដឹក​អ្នក​ទេសចរ តាមរយៈ​ក្រុមហ៊ុន​ទេសចរណ៍ ក៏​ត្រូវមានប័ណ្ណ​សម្គាល់​ត្រឹមត្រូវ​ផងដែរ។

ក្រុម​សមាគម​អ្នកធាក់​ស៊ីក្លូ​បង្វែរ​ទិសដៅ​ទៅរក​អតិថិជន​ទេសចរ​បរទេស​
ក្រុម​សមាគម​អ្នកធាក់​ស៊ីក្លូ​បង្វែរ​ទិសដៅ​ទៅរក​អតិថិជន​ទេសចរ​បរទេស​ © លាងដឺលុច
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំស្តីពីការ​អភិរក្ស​ស៊ីក្លូ ក្នុង​វិស័យ​ទេសចរណ៍ ត្រូវបាន​ធ្វើឡើង ក្រោយពីលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១២​ បានអំពាវនាវឲ្យមានការថែរក្សា នូវស៊ីក្លូ ដែលកំពុងតែប្រឈមនឹងការបាត់បង់ នាពេលសព្វថ្ងៃ។

​តាម​កិច្ចប្រជុំ នៅក្នុងទីក្រុង​ភ្នំពេញ សព្វថ្ងៃនេះ មាន​ស៊ីក្លូ ត្រឹមតែ ៥១៧ គ្រឿង កំពុងតែ​ធ្វើ​អាជីវកម្ម ដឹក​ភ្ញៀវទេសចរ​ តាមរយៈក្រុមហ៊ុនទេសចរណ៍។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ថ្លែងក្នុងកិច្ចប្រជុំ ដោយតម្រូវឲ្យស៊ីក្លូ​ ដែលត្រូវបានគេប្រើប្រាស់សម្រាប់តែដឹកអ្នកទេសចរ ត្រូវមាន​ដំបូល តុបតែងចង្កៀង​ និងមាន​ចំណាំង​​ផ្លាត ហើយអ្នក​ធាក់ស៊ីក្លូ ត្រូវ​មាន​ឯកសណ្ឋាន ជាដើម។

ដើម្បី​ធានា​សុវត្ថិភាពដល់​អ្នកទេសចរ លោករដ្ឋមន្ត្រី ក៏តម្រូវ​ឲ្យ​អ្នកធាក់ស៊ីក្លូ ត្រូវ​មាន​ប័ណ្ណ​បើកប​រ ហើយ​ស៊ីក្លូត្រូវធានានូវ​សោ​ភណ្ឌ​ភាព និងស្របតាមលក្ខណៈបច្ចេកទេស​។

ក្នុងនោះ អាជ្ញាធរ ក៏បានតម្រូវឲ្យស៊ីក្លូ ដឹកអ្នកទេសចរ ​ត្រូវរត់លើផ្លូវ ពី​វត្តភ្នំ តាម​ផ្លូវ​ព្រះនរោត្តម ទៅ​វិមានឯករាជ្យ និងផ្លូវ​ព្រះសីហនុ​ សុធា​រស ផ្លូវស៊ីសុវត្ថិ ទៅមុខព្រះបរមរាជវាំង ហើយ​ត្រឡប់ ទៅកាន់​វត្តភ្នំ​វិញ​។

កិច្ចប្រជុំ​ក៏​បាន​កំណត់​ទីតាំង​ចំណត​ស៊ីក្លូ ដឹក​ភ្លៀវ​ទេសចរ​ ចំនួន ២​កន្លែង គឺ​នៅ​ចំណត​រថយន្ត​វត្តបុ​ទុម ខាងត្បូងព្រះបរមរាជវាំង និង​មួយទៀត នៅខាងត្បូង​សាល​ពិ​ព័​រណ៌​វត្តភ្នំ​។ ក្នុងនោះ ក៏ត្រូវ​រៀបចំ​ជា​ពិសេស​នូវចំណត​អាទិភាព សម្រាប់ស៊ីក្លូ នៅ​តាម​សណ្ឋាគារ ភោជនីយដ្ឋាន ហាង​លក់​ទំនិញ និងនៅ​តាម​គោលដៅ​ទេសចរណ៍ផងដែរ។
លោក អ៊ឹម សម្បត្តិ ប្រធាន​សមាគម​ស៊ីក្លូ បានឲ្យដឹងថា អ្នកធាក់ស៊ីក្លូ ដែលជាសមាជិក​សមាគម​ស៊ីក្លូ បានចុះ​កិច្ចសន្យា​ជាមួយ​ទី​ភ្នាក់ងារទេសចរណ៍ ចំនួន ៨ នៅភ្នំពេញ ដើម្បីដឹកភ្ញៀវទេសចរ កំសាន្តទីក្រុងភ្នំពេញ។

សមាគមស៊ីក្លូ ក៏បានទំនុកបម្រុងដល់អ្នកធាក់ស៊ីក្លូ នូវសេវាជួសជុល និង​ថែ​ទាំ​ស៊ីក្លូ​ ផ្តល់កន្លែងស្នាក់នៅ ចំណាយ​​​លើ​ថ្លៃ​ទឹក និង​ភ្លើង ផ្តល់​អាវយឺត ​សម្រាប់​ពាក់​ ពេល​ដឹក​ភ្លៀវ​ទេសចរ​។  ក្នុងនោះ ក៏មាន​ការ​អប់រំពីបញ្ហាថ្នាំជក់ ជំងឺអេដស៍ ច្បាប់​ចរាចរណ៍ និង​គ្រឿង​ស្រវឹង ជាដើម។

សូម​រម្លឹកថា ស៊ីក្លូ បានកើត​មាននៅ​ក្នុងប្រទេស​កម្ពុជា នៅពេល​បារាំង ​ធ្វើ​អាណា​និគម​លើ​ប្រទេស​កម្ពុជា  ចន្លោះពីឆ្នាំ១៨៦៣ រហូតដល់​ឆ្នាំ​១៩៥៣​។​ មកដល់សព្វថ្ងៃនេះ ក្រុមហ៊ុន​ ទេស​ចរណ៍ បានរៀបចំ​ជា​កញ្ចប់​ទេសចរណ៍​តាមស៊ី​ក្លូ ដើម្បី​ដឹកជញ្ជូនអ្នកទេសចរបរទេស ទៅទស្សនា​រមណីយដ្ឋាន​នានា​ នៅ​ភ្នំពេញ ដូចជា វត្តភ្នំ ព្រះបរមរាជវាំង និង​ទីកន្លែង​កម្សាន្ត​បែប​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​ទៀត​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ