អានតួអត្ថបទ
ភូមា

លោកស្រី អ៊ុង សានស៊ូជី​ជាប់​ឆ្នោត​តំណាងរាស្រ្ត​លើក​ដំបូង​ក្នុង​ជីវិត​នយោបាយ

នៅ​ថ្ងៃ​អាទិត្យ ទី១ មេសា​នេះ ភូមា​បាន​រៀប​ចំ​បោះឆ្នោត​សភា​ដើម្បី​ជ្រើសរើស​អ្នក​តំណាងរាស្រ្ត​​ថ្មី​ចំនួន ៤៥រូប។ អ្នកតំណាងរាស្រ្ត​ថ្មី​ទំាង ៤៥រូប​នឹង​​ទៅ​អង្គុយ​កន្លែង​របស់​អ្នកតំណាងរាស្រ្ត​ចាស់​ដែល​បាន​ចូល​ទៅ​បម្រើ​ការងារ​នៅ​ក្នុង​រដ្ឋាភិបាល។ តាម​ព័ត៌មាន​ដែល​ផ្តល់​ដោយ​គណបក្សប្រឆំាង គឺ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ុង សានស៊ូជី​បាន​ជាប់​ឆ្នោត​តំណាងរាស្រ្ត​នៅ​ក្នុង​មណ្ឌល Kahwmu។ ការ​បោះឆ្នោត​ថ្ងៃ​នេះ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ចាត់​ទុក​ថា សំខាន់​ខ្លំាង​ណាស់។

លោកស្រី អ៊ុង សានស៊ូជី​ជាប់​ឆ្នោត​តំណាងរាស្រ្ត​លើក​ដំបូង​ក្នុង​ជីវិត​នយោបាយ
លោកស្រី អ៊ុង សានស៊ូជី​ជាប់​ឆ្នោត​តំណាងរាស្រ្ត​លើក​ដំបូង​ក្នុង​ជីវិត​នយោបាយ REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

បើ​ពិនិត្យ​ជា​រួម​ទៅ ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​ថ្មី​តែ​ចំនួន ៤៥នាក់ នៅ​ក្នុង​ចំណោម​អ្នកតំណាងរាស្រ្ត​ទំាង ៤៤០នាក់​ដែល​មាន​នៅ​ក្នុង​រដ្ឋសភា​ភូមា​បច្ចុប្បន្ន ហាក់​ដូច​ជា​គ្មាន​អ្វី​សំខាន់​ទេ។ ប៉ុន្តែ​ក្រោម​​ភ្នែក​ច្រមុះ​ប្រជាជន​ភូមា​ទូទៅ និង​សហគមន៍​អន្តរជាតិ គឺ​សំខាន់​ខ្លំាង​ណាស់។ សំខាន់ ព្រោះ​មាន​លោកស្រី អ៊ុង សានស៊ូជី ប្រធាន​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ចូលរួម ជា​លើកទីមួយ។ គួរ​ជម្រាប​ជូន​ថា ការ​បោះឆ្នោត​សភា​ថ្ងៃ​នេះ​នឹង​មិន​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​ទម្ងន់​សំឡេង​ភាគច្រើន​នៅ​ក្នុង​រដ្ឋសភា​ទេ ពោល​សំឡេង​ភាគច្រើន​ដាច់ខាត​នៅ​តែ​បន្ត​ស្ថិត​ក្នុង​កណ្តាប់​ដៃ​គណបក្ស​របស់​លោក ថេន សេន ដដែល។ តែ​សម្រាប់​សហគមន៍​អន្តរជាតិ អ្វី​ដែល​សំខាន់​នៅ​ចំពោះ​មុខ គឺ​វត្តមាន​លោកស្រី អ៊ុង សានស៊ូជី​នៅ​ក្នុង​រដ្ឋសភា ក្នុង​នាម​ជា​អ្នកតំណាងរាស្រ្ត​ម្នាក់​របស់​គណបក្ស​ប្រឆំាង។

ជោគជ័យ​របស់​លោកស្រី អ៊ុង សានស៊ូជី ក៏​ជា​ជោគជ័យ​របស់​លោក ថេន សេន

តាម​ពិត​ទៅ គ្មាន​ហេតុផល​ណា​មួយ​ដែល​លោកស្រី អ៊ុង សានស៊ូជី​មិន​ជាប់​ឆ្នោត​ជា​តំណាងរាស្រ្ត ហើយ​ក៏​គ្មាន​ហេតុផល​ណា​មួយ ដែល​រដ្ឋាភិបាល​ត្រូវ​រារំាង​មិន​ឲ្យ​លោកស្រី អ៊ុង សានស៊ូជី​ក្លាយ​ជា​អ្នកតំណាងរាស្រ្ត​ដែរ។ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​គួរ​តែ​ត្រេកត្រអាល​ចំពោះ​ជោគជ័យ​របស់​លោកស្រី អ៊ុង សានស៊ូជី ព្រោះ​ថា ជោគជ័យ​របស់​លោកស្រី អ៊ុង សានស៊ូជី​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្ងៃ​នេះ ក៏​​ជា​ជោគជ័យ​របស់​រដ្ឋាភិបាល​ទីក្រុង​ណៃពីដ៏​ខ្លួន​ឯង និង​របស់​អាស៊ាន នៅ​ចំពោះ​មុខ​សហគមន៍​អន្តរជាតិ។ គួរ​រម្លឹក​ជូន​ថា តំាង​ពី​ក្រោយ​ការ​បោះឆ្នោត​សភា​ក្នុង​ខែ​វិច្ឆិកា ឆ្នំា ២០១០ និង​ការ​រំលាយ​ចោល​របបសឹក​ក្នុង​ខែ​មីនា ឆ្នំា ២០១១ ដោយ​ដាក់​ជំនួស​របប​ស៊ីវិល​វិញ​មក លោក​ប្រធានាធិបតី ថេន សេន​បាន​អនុវត្ត​​នយោបាយ​កំណែទម្រង់​ជា​ច្រើន​បន្តបន្ទាប់ រហូត​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លំាង។ ដូច្នេះ​ឃើញ​ថា ការ​បោះឆ្នោត​សភា​មួយ​ផ្នែក​ថ្ងៃ​នេះ ក៏​​ជា​ជំហាន​បន្ទាប់​នៅ​ក្នុង​នយោបាយ​បើក​ចំហ​របស់​លោក ថេន សេន​ដែរ។ ម្យ៉ាង​វិញ​ទៀត ជោគវាសនា​របស់​ភូមា​ជាមួយ​សហគមន៍អន្តរជាតិ​នឹង​ស្តែង​ចេញ​តាម​រយៈ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្នុង​ថ្ងៃ​នេះ ពិសេស គឺ​ការ​លើក​ចេញ​វិញ​នូវ​ទ័ណ្ឌកម្ម​នយោបាយ និង​សេដ្ឋកិច្ច​ដែល​សហភាពអឺរ៉ុប និង​សហរដ្ឋអាមេរិក​បាន​ដាក់​លើ​ភូមា។

លោកស្រី អ៊ុង សានស៊ូជី​ត្រូវ​ពង្រឹង​គណបក្ស​សម្រាប់​ការ​បោះឆ្នោត​សភា​នៅ​ឆ្នំា ២០១៥

ជោគជ័យ​របស់​លោកស្រី អ៊ុង សានស៊ូជី​ថ្ងៃ​នេះ គឺ​ជា​ការ​បោះ​មួយ​ជំហាន​ទៅ​មុខ​យ៉ាង​វែង​នៅ​ក្នុង​ជីវិត​តស៊ូ​នយោបាយ​របស់​លោកស្រី។ គឺ​មាន​តែ​តាម​ច្រក​រដ្ឋសភា​ទេ ដែល​លោកស្រី​អាច​នឹង​បន្ត​បុព្វហេតុ​របស់​ខ្លួន​ត​ទៅ​មុខ​ទៀត​បាន។ នៅ​ចំពោះ​មុខ មាន​ជម្រើស​ពីរ​ដែល​លោកស្រី​ត្រូវ​ជ្រើសរើស ទីមួយ៖ បញ្ចូល​ខ្លួន​ទៅ​ក្នុង​រដ្ឋាភិបាល​ដោយ​យល់ព្រម​ទទួល​យក​តំណែង​មួយ​នៅ​ក្នុង​ក្រសួង​ណា​មួយ​ដែល​ស្នើ​ឡើង​ដោយ​លោក​ប្រធានាធិបតី ថេន សេន និង​ទីពីរ៖ មិន​ចូល​ក្នុង​រដ្ឋាភិបាល ដោយ​បន្ត​រក្សា​តួនាទី​តំណាងរាស្រ្ត។ តែ​ទោះ​បី​ជា​ក្នុង​ជម្រើស​មួយ​ណា​ក៏​ដោយ ក៏​នៅ​មាន​រឿង​អាទិភាព​មួយ​ដែល​លោកស្រី អ៊ុង សានស៊ូជី មិន​អាច​បំភ្លេច​បាន​ទេ នោះ​គឺ​ការ​​ពង្រឹង​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ចូលរួម​ការ​បោះឆ្នោត​សភា​នៅ​ឆ្នំា ២០១៥ ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ