អានតួអត្ថបទ
ភូមា

ក្រុម​អ្នកកាសែត​ភូមា​ត្រៀមខ្លួន​យក​ព័ត៌មាន​ជុំវិញ​ការ​បោះឆ្នោត

គឺ​នៅ​ថ្ងៃទី ១ មេសា​ស្អែក​ដែល​ភូមា​ត្រូវ​រៀបចំ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​ចំនួន​ ៤៨រូប។ ការ​បោះឆ្នោត​ដែល​លោកស្រី​ប្រមុខ​គណបក្សប្រឆំាង អ៊ុង សានស៊ូជី​នឹង​ចូលរួម​ជា​លើក​ដំបូង។ នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​សហគមន៍ជាតិ និង​​អន្តរជាតិ​កំពុង​រង់ចំា​ឃ្លំា​មើល​យ៉ាង​យកចិត្ត​ទុកដាក់​ជា​ទីបំផុត។ ចំណែក​ក្រុមអ្នកកាសែត​ភូមា​វិញ​ក៏​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​យក​ព័ត៌មាន​ជុំវិញ​ការ​បោះឆ្នោត​នេះ និង​បញ្ជូន​ទៅ​ឲ្យ​អ្នកអាន​របស់​ខ្លួន​ដោយ​ប្រើ​គ្រប់​មធ្យោបាយ​ទំាង​អស់ មាន​ដូច​ជា Twitter និង Facebook ជាដើម។

ការ​រៀបចំ​បោះឆ្នោត​សភា​នៅ​ភូមា​ថ្ងៃទី១ មេសា ឆ្នំា ២០១២
ការ​រៀបចំ​បោះឆ្នោត​សភា​នៅ​ភូមា​ថ្ងៃទី១ មេសា ឆ្នំា ២០១២ ©Reuters
ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​ភូមា​មួយ​ភាគ​នៅ​ថ្ងៃ​អាទិត្យ ទី១ មេសា​ស្អែក ពិត​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​មួយ​ដែល​គ្មាន​នរណា​អាច​មើល​រំលង​បាន​ឡើយ ពិសេស ក្រុម​អ្នកសារព័ត៌មាន​តែ​ម្តង។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា ទោះ​បី​ជា​ភូមា​បាន​ប្តូរ​ពី​រដ្ឋាភិបាល​ដឹកនំា​ដោយ​របបសឹក​មក​ជា​រដ្ឋាភិបាល​ដឹកនំា​ដោយ​ក្រុម​ស៊ីវិល​ក៏​ដោយ ក៏​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​នៅ​មិន​ទាន់​អាច​បង្កើត​សារព័ត៌មាន​ប្រចំាថ្ងៃ​របស់​ខ្លួន​នៅ​ឡើយ​ទេ។ រីឯ​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ក៏​នៅ​មាន​កម្រិត​ដែរ។ បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​ថា គ្រប់​កាសែត​ប្រចំាថ្ងៃ​គឺ​ជា​របស់​រដ្ឋ ចំណែក​ក្រុមហ៊ុន​ឯកជន​មាន​សិទ្ធិ​បោះ​ផ្សាយ​តែ​ទស្សនាវដ្តី និង​កាសែត​ប្រចំាសប្តាហ៍។

« គ្រប់​គ្នា​ចង់​អាន​កាសែត​រៀងរាល់​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍ » នេះ​ជា​ការ​អះអាង​របស់​លោក ធីហា ស អ្នកនិពន្ធនាយក​របស់​ទស្សនាវដ្តី​ប្រចំាសប្តាហ៍​មួយ​ឈ្មោះ Open News។ ចំណែក​លោកស្រី យេនយេន ណាង អ្នកនិពន្ធនាយក​របស់​ទស្សនាវដ្តី​ប្រចំាសប្តាហ៍​មួយ​ទៀត​ឈ្មោះ ៧Day News វិញ​បាន​បញ្ជាក់​ថា លោកស្រី​នឹង​ព្យាយាម​ដាក់​ព័ត៌មាន​ជុំវិញ​ការ​បោះឆ្នោត​ឲ្យ​បាន​ទាន់​ពេល​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន។ រីឯ​ទស្សនាវដ្តី​ប្រចំាសប្តាហ៍​ផ្សេងៗ​​ទៀត​ត្រៀម​ខ្លួន​នឹង​បញ្ជូន​ព័ត៌មាន​ទៅ​ឲ្យ​អ្នកអាន​របស់​ខ្លួន​តាម​រយៈ Twitter និង Facebook។

គួរ​ជម្រាប​ជូន​ថា កាល​ពី​១ឆ្នំា​មុន គេ​មិន​ដែល​ឃើញ ឬ​មិន​សូវ​ឃើញ​រូប​លោកស្រី អ៊ុង សានស៊ូជី​នៅ​ក្នុង​ទំព័រ​សារព័ត៌មាន​ទេ តែ​សព្វ​ថ្ងៃ​នេះ រូប​លោកស្រី អ៊ុង សានស៊ូជី​ត្រូវ​បាន​គេ​ឃើញ​នៅ​លើ​ទំព័រ​មុខ​តែ​ម្តង។ បើ​យោង​តាម​លោកស្រី យេនយេន ណាង សិទ្ធិសេរីភាព​របស់​អ្នកសារព័ត៌មាន​នៅ​មាន​កម្រិត​នៅ​ឡើយ តែ​ជាមួយ​នឹង​រដ្ឋាភិបាល​បច្ចុប្បន្ន អ្នកកាសែត​ភាគ​ច្រើន​ហាក់​ដូច​ជា​ប្រថុយប្រថាន​ហ៊ាន​សរសេរ​ជាង​មុន។ តែ​យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នកកាសែត​នៅ​តែ​បារម្ភ​ថា បើ​ទោះ​បី​ជា​រដ្ឋអំណាច​មិន​អាច​រារំាង​ការ​បង្ហោះ​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធ័រណែត Twitter និង Facebook ក្តី ក៏​រដ្ឋអំណាច​នៅ​មាន​មធ្យោបាយ​បច្ចេកទេស​ផ្សេង​ទៀត​ដើម្បី​តាម​ធ្វើ​ទុក្ខបុកម្នេញ​ ដូច​យ៉ាង​កាត់​ផ្តាច់​ចរន្ត​អគ្គិសនី​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ