អានតួអត្ថបទ
ភូមា

លោកស្រី អ៊ុង សានស៊ូជី៖« ជោគជ័យ​របស់​ខ្ញុំ ជា​ជោគជ័យ​របស់​ប្រជាជន​ភូមា​ទំាង​អស់ »

នៅ​ថ្ងៃ​បន្ទាប់ ពី​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​ថ្មី​ចំនួន ៤៥នាក់​នៅ​ភូមា​កាល​ពី​ថ្ងៃ​អាទិត្យ ទី១ មេសា​មក គេ​នៅ​មិន​ទាន់​ដឹង​អំពី​លទ្ធផល​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​គណបក្សប្រឆំាង គឺ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី អ៊ុង សានស៊ូជី​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា បេក្ខជន​ទំាង ៤៤នាក់​របស់​ខ្លួន​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្រ្ត​ទំាង​អស់​គ្នា ក្នុង​នោះ​ក៏​មាន​លោកស្រី​ប្រធាន​គណបក្ស​ម្នាក់​ដែរ។ លោកស្រី អ៊ុង សានស៊ូជី​ដែល​បាន​ប្រកាស​ថា ជោគជ័យ​របស់​គាត់ ជា​ជោគជ័យ​របស់​ប្រជាជន​ភូមា​ទំាងមូល។

លោកស្រី អ៊ុង សានស៊ូជី ប្រធាន​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​ភូមា
លោកស្រី អ៊ុង សានស៊ូជី ប្រធាន​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​ភូមា ©Reuters
ផ្សាយពាណិជ្ជកម្ម

គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ទៀត​ឡើយ មាន​អាយុ ៦៦ឆ្នំា និង​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នំា ១៩៩១ លោកស្រី អ៊ុង សានស៊ូជី​នឹង​ចូល​អង្គុយ​កៅអី​តំណាងរាស្រ្ត​ជាលើក​ទីមួយ​នៅ​ក្នុង​ប្រវត្តិ​តស៊ូ​នយោបាយ​របស់​លោកស្រី។ លទ្ធផល​ផ្លូវការ​នៅ​មិន​បាន​ប្រកាស​នៅ​ឡើយ​ទេ តែ​បើ​យោង​តាម​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី អ៊ុង សានស៊ូជី​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​ទទួល​បាន​អាសនៈ​ចំនួន ៤៤ នៅ​ក្នុង​ចំណោម​អាសនៈ​ប្រកួតប្រជែង​ទំាង ៤៥ មាន​ន័យ​ថា បេក្ខជន​ទំាង ៤៤នាក់​របស់​គណបក្សប្រឆំាង​បាន​ជាប់​ឆ្នោត​តំណាងរាស្រ្ត​ទំាង​អស់​គ្នា។ អ្វី​ជា​ការ​គួរ​ឲ្យ​កត់​សម្គាល់​នោះ​នៅ​ត្រង់​ថា បេក្ខជន​របស់​បក្សប្រឆំាង​មិន​មែន​ជាប់​ឆ្នោត​តែ​នៅ​ក្នុង​មណ្ឌល​ដែល​សម្បូរ​ដោយ​សកម្មជន​របស់​ខ្លួន​នោះ​ទេ សូម្បី​តែ​នៅ​មណ្ឌល​ទីក្រុង​ណៃពីដ៏​ដែល​មាន​ប្រជាជន​រស់នៅ​ភាគច្រើន ជា​បុគ្គលិក​រដ្ឋការ និង​ទាហាន ក៏​គណបក្សប្រឆំាង​ទទួល​បាន ៤អសនៈ​ដែរ។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ប្រជាប្រិយភាព​របស់​លោកស្រី អ៊ុង សានស៊ូជី​នៅ​ក្នុង​ចំណោម​ប្រជាជន​ភូមា​ទូទៅ។

ថ្លែង​នៅ​ចំពោះ​មុខ​សកម្មជន​របស់ខ្លួន​ដែល​ប្រមូលផ្តុំ​គ្នា​នៅ​ទីស្នាក់ការកណ្តាល​គណបក្ស​ក្នុង​ទីក្រុង​រ៉ង់ហ្គូន លោកស្រី​អ៊ុង សានស៊ូជី​បាន​ចាត់​ទុក​ជោគជ័យ​របស់​លោកស្រី ថា​ជា​ជោគជ័យ​របស់​ប្រជាជន​ភូមា​ទំាងមូល ដោយ​សង្ឃឹម​ថា ជា​ការ​ចាប់​ផ្តើម​បើក​ទំព័រ​នយោបាយ​ថ្មី​មួយ​នៅ​ភូមា។ គឺ​ជា​ទំព័រ​នយោបាយ​ថ្មី​មួយ​ដែល​ប្រជាជន​ត្រូវ​ដើរ​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​កិច្ចការ​នយោបាយ និង​ជា​អ្នក​សម្រេច​ជោគវាសនា​ខ្លួន​ដោយ​ខ្លួនឯង។

សំណួរ​ដែល​គ្រប់​គ្នា​កំពុង​ចោទ​នៅ​ពេល​នេះ គឺ​ជុំវិញ​ការងារ​ដែល​លោកស្រី អ៊ុង សានស៊ូជី​ត្រូវ​បំពេញ​ក្នុង​នាម​ជា​អ្នកតំណាងរាស្រ្ត។ លោក យ៉ាន វីន ប្រធាន​រៀបចំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឲ្យ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​បាន​បញ្ជាក់​ថា មាន​ការងារ​ជា​ច្រើន​ដែល​លោកស្រី អ៊ុង សានស៊ូជី​ត្រូវ​បំពេញ និង​ដែល​ជា​ការ​ទន្ទឹង​រង់ចំា​របស់​ប្រជាជន។ ក៏​ប៉ុន្តែ ការងារ​ជា​បន្ទាន់​នៅ​ចំពោះ​មុខ និង​ជា​អាទិភាព​នោះ គឺ​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​របបសឹក​បាន​អនុម័ត​កាល​ពី​ឆ្នំា ២០០៨ តាម​រយៈ​ការ​បោះឆ្នោត​ប្រជាមតិ។ ច្បាប់រដ្ឋធម្មនុញ្ញ​ដែល​បាន​អនុញ្ញាត​ឲ្យ​ប្រមុខរដ្ឋ​ប្រគល់​អំណាច​ទៅ​ឲ្យ​មេបញ្ជាការ​កងទ័ព នៅ​ក្នុង​ករណី​ដែល​ប្រទេស​ធ្លាក់​ក្នុង​ស្ថានការណ៍​អាសន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ