អានតួអត្ថបទ
សង្រ្គាមអ៊ុយក្រែន

អ៊ុយក្រែនថា ស្ថានការណ៍នៅសមរភូមិកាន់តែដាបចុះខ្លាំង ចំណែករុស្ស៊ីអួតនឹង​ការវាយយកបានដីអ៊ុយក្រែន

ស្ថានការណ៍​នៅក្នុងសមរភូមិអ៊ុយក្រែន​កាន់តែយ៉ាប់យ៉ឺនធ្លាក់ដុនដាបខ្លាំង នៅចំពោះមុខ​ការវាយប្រហារ​កាន់តែសន្ធឹក​របស់រុស្ស៊ី ដែលសំបូរទាំងអាវុធ និងកងទ័ព។ នៅថ្ងៃ​អាទិត្យ​ម្សិលមិញ មេទ័ពអ៊ុយក្រែនបាន​ចេញមុខសាជាថ្មី ទទួលស្គាល់ថា កងទ័ពអ៊ុយក្រែន​បានធ្លាក់ដៃប្រយុទ្ធ និងត្រូវបង្ខំចិត្ត​ដកថយ​ចេញពីទីតាំង​សមរភូមិ​មួយចំនួន ដែល​មានការវាយប្រហារ​ខ្លាំង​របស់​រុស្ស៊ី។ នៅថ្ងៃអាទិត្យដដែល រុស្ស៊ី​​អះអាងថា​ កងទ័ពរបស់ខ្លួនទើប​វាយយកបាន​ភូមិ​មួយទៀតរបស់អ៊ុយក្រែន ​នៅក្នុងតំបន់ប្រយុទ្ធយុទ្ធសាស្រ្ត​ភាគខាងកើតអ៊ុយក្រែន។

មេទ័ពអ៊ុយក្រែន លោក Oleksandre SyrskyHandout / Armed Forces of Ukraine / AFP
មេទ័ពអ៊ុយក្រែន លោក Oleksandre SyrskyHandout / Armed Forces of Ukraine / AFP AFP - HANDOUT
ផ្សាយពាណិជ្ជកម្ម

​នៅចំពោះមុខការវាយប្រហារ​ដ៏សន្ធឹករបស់រុស្ស៊ី ដែលមាន​ប្រៀបខ្លាំងទាំងខាងកម្លាំងទ័ពប្រយុទ្ធ និង​សព្វាវុធ កងទ័ពអ៊ុយក្រែន​​ប្រឹងទប់ទល់ ការពារ​ខ្សែប្រយុទ្ធរបស់ខ្លួន​យ៉ាងត្រដាបត្រដួស ប៉ុន្តែ មិនបាន​សម្រេចជោគជ័យ។ នៅថ្ងៃ​អាទិត្យ ទី ២៨​មេសា រុស្ស៊ី​បាន​អះអាងថា​ កងទ័ពរបស់ខ្លួន​វាយដណ្តើមយកបានភូមិមួយទៀត ក្នុងតំបន់ដូណែតស្ក៍ភាគខាងកើត​អ៊ុយក្រែន ជាទីដែល​ភូមិ ក្រុងរបស់អ៊ុយក្រែនម្តងមួយៗ បានធ្លាក់ក្នុងដៃរបស់កងទ័ពរុស្ស៊ី នៅមួយរយៈចុងក្រោយនេះ។

នៅថ្ងៃអាទិត្យ​ដដែល មេទ័ពអ៊ុយក្រែន លោក Oleksandre Syrsky ទទួលស្គាល់​ថា ស្ថានការណ៍​នៅ​គ្រប់ជួរសមភូមិមុខ​របស់​អ៊ុយក្រែន ធ្លាក់ចុះដុនដាបខ្លាំងមែនទែន ដោយ​នៅតាមតំបន់ប្រយុទ្ធមួយចំនួន កងទ័ពអ៊ុយក្រែន ត្រូវបង្ខំចិត្ត​​ដកថយ នៅចំពោះមុខ​កលយុទ្ធដ៏ជោគជ័យ​របស់​កងទ័ពរុស្ស៊ី។ បើតាម​មេទ័ពអ៊ុយក្រែន កងទ័ពអ៊ុយក្រែន​រងការវាយប្រហារ​ពីកងទ័ព រុស្ស៊ី​ នៅគ្រប់តំបន់ តាមបណ្តោយ​ខ្សែសមរភូមិ​ភាគខាងកើត។ នៅតំបន់​មួយចំនួន កងទ័ពអ៊ុយក្រែន​អាច​ត្រឹមការពារ​ទប់ទល់​ ប៉ុន្តែ នៅ​តំបន់ខ្លះទៀត ពួកគេត្រូវ​ដកថយ ដោយសារ​តែ​ការវាយប្រហារ​ដ៏សន្ធឹក​របស់​កងទ័ពរុស្ស៊ី។

យោងតាមទីក្រុង​កៀវ នៅមុន​ពេល​ដែល​ជំនួយសព្វាវុធរបស់អាមេរិកទៅដល់​ដីអ៊ុយក្រែន រុស្ស៊ីឆ្លៀតកេងចំណេញ​ក្នុងសមរភូមិ​ ដោយ​វាយលុកកាន់តែសន្ធឹក ដើម្បីលេបយកដីភូមិក្រុង​អ៊ុយក្រែនបន្ថែមទៀត។

ប្រធានក្រុមស៊ើបការណ៍សម្ងាត់អ៊ុយក្រែន លោក Kyrylo Budanov វាយតម្លៃថា កងទ័ពរុស្ស៊ី ដែល​កាន់តែស្វាហាប់ សម្រុកវាយយកទឹកដីអ៊ុយក្រែន​ឲ្យបាន​កាន់តែច្រើនបន្ថែមទៀត ដើម្បីជា​អំណោយ​សម្រាប់បុណ្យស្នេហាជាតិ ថ្ងៃ ៩ ឧសភា ទិវាជ័យជម្នះលើ​ពួកទាហាន​ណាហ្ស៊ី​ក្នុងសង្រ្គាមលោកលើកទី​២។

ជាក់ស្តែង នៅថ្ងៃចន្ទទី ២៩​មេសា កងទ័ពអ៊ុយក្រែន​បាន​វាយរុញច្រាន​កងទ័ពរុស្ស៊ី​ ដល់ ៥៥ដង ដែល​ចង់វាយទម្លុះ​ខ្សែប្រយុទ្ធ​របស់​អ៊ុយក្រែន នៅ​តាម​ភូមិជាច្រើន នៅ​ភាគខាងកើត និង​ខាងត្បូងអ៊ុយក្រែន។ បើតាម​ភាគីអ៊ុយក្រែន កងទ័ពថ្មើរជើងរុស្ស៊ី ដែលបានទទួលជំនួយ​ការពារ និង​បាញ់​បើកផ្លូវ​ពី​យន្តហោះចម្បាំង បាន​ព្យាយាម​វាយទម្លុះ​ខ្សែការពារ​របស់​អ៊ុយក្រែន ប៉ុន្តែ ​មិនបានទទួលជោគជ័យ។

ទោះសភាអាមេរិក​សម្រេច​ផ្តល់​កញ្ចប់ជំនួយយោធា ជាង​៦១ពាន់លាន​ដុល្លារ ប៉ុន្តែ អ៊ុយក្រែនដែល​កំពុង​ខ្វះខ្លាំងទាហាន និងគ្មានអាវុធពីខាងលោកខាងលិច ដើម្បី​វាយប្រហារទៅលើ​រុស្ស៊ី បាន​ប្រមើលឃើញហើយថា ស្ថានការណ៍​នៅ​សមរភូមិអ៊ុយក្រែន នៅប៉ុន្មានខែ​ទៅមុខ​នឹង​កាន់តែធ្លាក់ចុះដុនដាបខ្លាំង។ ប្រធានក្រុមស៊ើបការណ៍សម្ងាត់​អ៊ុយក្រែន​ព្រមានរួចហើយថា ចាប់ពីពាក់កណ្តាលខែ​ឧសភា ដើម​ខែ​មិថុនា អ៊ុយក្រែន​នឹង​ជួបការលំបាកខ្លាំងមែនទែន នៅក្នុងសមរភូមិ ព្រោះថា រុស្ស៊ីគ្រោងរួចហើយថា នឹង​វាយសម្រុកទម្លាយ​ខ្សែប្រយុទ្ធរបស់អ៊ុយក្រែន​ឲ្យបាក់ទ័ពតែម្តង នៅ​រដូវក្តៅខាងមុខនេះ៕​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ