អានតួអត្ថបទ
បារាំង-នុយក្លេអ៊ែរ-អឺ់រ៉ុប

ផ្ទុះការរិះគន់​លើលោក​ម៉ាក្រុង ដែលចង់​ប្រើ​អាវុធនុយក្លេអ៊ែរបារាំងជាខែលការពារអឺរ៉ុប

លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កំពុងតែរងការរិះគន់ជាខ្លាំង ពីបណ្តា​អ្នកនយោបាយ​បារាំង ទាក់ទិននឹង​អាវុធនុយក្លេអ៊ែរ។ បន្ទាប់ពី​បា​នថ្លែងក្នុងសុន្ទរកថា​កាលពីថ្ងៃព្រហស្បតិ៍​សប្តាហ៍មុន អំពី​ទស្សនវិស័យ​ចង់ឲ្យ​អឺរ៉ុប​មានប្រព័ន្ធការពារជាតិ​​រួមគ្នាដ៏រឹងមាំ លោក​ម៉ាក្រុងបានថ្លែងកាលពីថ្ងៃសុក្រ ថា​លោកគាំទ្រគំនិត បង្កើតឲ្យមាន​ការជជែកគ្នា ស្តីពីការយក​អាវុធនុយក្លេអ៊ែរបារាំងទៅប្រើ ដើម្បីធ្វើជាខែលការពារអឺរ៉ុបទាំងមូល​។ សម្តីនេះ បាន​ធ្វើឲ្យ​មានមតិរិះគន់ខ្លាំងៗ ថាលោក​ម៉ាក្រុង កំពុងតែបំផ្លាញ​​យុទ្ធសាស្ត្រអាវុធនុយក្លេអ៊ែរ​បារាំង​។​

លោក​ម៉ាក្រុង ក្នុងពេល​កំពុងថ្លែងសន្ទរកថា "ទស្សនវិស័យស្តីពីអឺរ៉ុប" នៅសកលវិទ្យាល័យសកបូន​ ទីក្រុងប៉ារីស ថ្ងៃទិ​២៥មេសា​២០២៤
លោក​ម៉ាក្រុង ក្នុងពេល​កំពុងថ្លែងសន្ទរកថា "ទស្សនវិស័យស្តីពីអឺរ៉ុប" នៅសកលវិទ្យាល័យសកបូន​ ទីក្រុងប៉ារីស ថ្ងៃទិ​២៥មេសា​២០២៤ via REUTERS - CHRISTOPHE PETIT TESSON
ផ្សាយពាណិជ្ជកម្ម

ក្នុងបរិបទ​សុន្ទរកថាទស្សនវិស័យ​ស្តីពីអឺរ៉ុប ដែល​លោក​ម៉ាក្រុង​បានធ្វើបទបង្ហាញកាលពីថ្ងៃព្រហស្បតិ៍​ ទី​២៥មេសា នៅឯសកលវិទ្យាល័យ​សកបូន កាលពីថ្ងៃសុក្រ​ទីក្រុងស្ត្រាសបួរ លោក​ប្រធានាធិបតី​បារាំងបានជួបសំណេះ​​សំណាល​ ជាមួយ​​យុវជន​​ជាង​១០​នាក់​។ មានយុវជនម្នាក់​បាន​សួរទៅលោក​ម៉ាក្រុងថា តើបារាំងសុខចិត្តយល់ព្រមដែរឬទេ ក្នុងកា​រ​យក​សមត្ថភាពកំញើញនុយក្លេអ៊ែររបស់ខ្លួន ទៅប្រើប្រាស់​ក្នុង​ក្របខណ្ឌអឺរ៉ុប?

លោក​ម៉ាក្រុង​បានឆ្លើយថា លោកគាំទ្រ ចង់​ឲ្យ​អឺរ៉ុប​មានប្រព័ន្ធការពារជាតិរួមគ្នា រឹងមាំ និង​មានកម្លាំងគ្រប់គ្រាន់ឲ្យ​គេខ្លាចញញើត។ លោក​បានបន្ថែមថា លោកគាំទ្រការដាក់ពង្រាយប្រព័ន្ធខែលមីស៊ីល​ តែត្រូវឲ្យ​ច្បាស់​ថា​ជាប្រព័ន្ធដែលអាចចាប់ស្ទាក់បានគ្រប់​ប្រភេទមីស៊ីលទាំងអស់ ដោយរាប់ទាំង​មីស៊ីលចម្ងាយឆ្ងាយ និង​អាវុធនុយក្លេអ៊ែរផង​។

លោក​ម៉ាក្រុងបានគូសបញ្ជាក់ថា ទ្រឹស្តីយុទ្ធសាស្រ្តរបស់បារាំង គឺ​បារាំងអាចប្រើប្រព័ន្ធសព្វាវុធ​​នុយក្លេអ៊ែរបាន​ នៅពេលណាដែល​ផល​ប្រយោជន៍ជា​អាយុជីវិតជាតិ​ រងនូវការគំរាមកំហែង។ ក៏ប៉ុន្តែទន្ទឹមនឹងនេះ លោក​ម៉ាក្រុង​បាន​លើកឡើងថា សម្រាប់​លោក នៅក្នុងពាក្យ​ថា “​ផល​ប្រយោជន៍ជា​អាយុជីវិតជាតិ”​ គឺមានរាប់ទាំង​សន្តិសុខរួមរបស់អឺរ៉ុប​។ ក្នុងន័យនេះ លោក​ម៉ាក្រុងបានបន្ថែមថា  លោក​គាំទ្រ​គំនិត បង្កើតឲ្យ​មានការជជែកគ្នា ស្តីអំពី​ការបញ្ចូល​ប្រព័ន្ធខែល​​មីស៊ីល​គ្រប់ប្រភេទមីស៊ីល ដោយរាប់តែ​មីស៊ីល​នុយក្លេអ៊ែរ សម្រាប់ប្រទេសសាមជិក​ដែល​មានស្រាប់ និង​អ្នកដែល​ប្រើប្រព័ន្ធខែល​របស់​នុយក្លេអ៊ែររបស់អាមេរិក​។

សូមបញ្ជាក់ថា បារាំងគឺជាមហាអំណាចនុយក្លេអ៊ែរតែមួយគត់ ក្នុងចំណោម​ប្រទេសសាមជិកសហភាពអឺរ៉ុបទាំង​២៧​។ សំដី​លើកឡើងរបស់​លោក​ម៉ាក្រុងនេះ គឺហាក់​មានន័យថា លោក​ចង់​យក​ប្រព័ន្ធសព្វាវុធនុយក្លេអ៊ែររបស់​បារាំង ទៅប្រើប្រាស់​ក្នុងក្របខណ្ឌការពារជាតិ​​អឺរ៉ុប។ ជាគំនិត ដែល​បានបង្កឲ្យ​ផ្ទុះការរិះគន់ជាខ្លាំង ពីសំណាក់​បក្សនយោបាយ​ធំៗនៅបារាំង​ ស្របពេល​ដែល​ការឃោសនាបោះឆ្នោត​សភាអឺរ៉ុប កំពុងតែប្រពឹត្តិទៅយ៉ាងសកម្ម​។

លោក​ François Xavier Bellamy បេក្ខជន​នាំមុខរបស់បក្ស​​សាធារណរដ្ឋសម្រាប់ការបោះឆ្នោត​អឺរ៉ុប បាន​រិះគន់ខ្លាំងៗ ថា​សម្តីរបស់​លោក​ម៉ាក្រុង គឺជាគ្រោះថ្នាក់ធំណាស់សម្រាប់យុទ្ធសាស្ត្រសន្តិសុខជាតិបារាំង​។ ដូចគ្នាដែរ បក្សឆ្វេងនិយម La France insoumise បានប្រតិកម្មថា លោក​ម៉ាក្រុងកំពុងតែយកប្រព័ន្ធកំញើញយុទ្ធសាស្ត្រនៃ​សព្វាវុធនុយក្លេអ៊ែរបារាំង ទៅ​លេងសើច​។ ដោយ​ឡែក លោក​François Bayrou បក្សកណ្តាលនិយម MoDem បាន​លើកឡើងថា​ អាយុជីវិតជាតិរបស់បារាំងពេលខ្លះគឺវាមិនអាចផ្តាច់ចេញពីអាយុជីវិតរបស់អឺរ៉ុបឡើយ​។ លោក​បន្ថែមថា ឧទាហរណ៍​បើថ្ងៃណាមួយ​ អាល្លឺម៉ង់ប្រឈមនឹងគ្រោះថ្នាក់ត្រូវគេគំរាម នោះបារាំងក៏​មិនអាចបានសុខដែរ​។

គួររំលឹកថា បារាំងមានទស្សនវិស័យយូរមកហើយ ចង់​ឲ្យ​អឺរ៉ុបមានប្រព័ន្ធការពារខ្លួន​រួមគ្នា​។ តែគំនិតនេះ តែងតែពើបប្រទះនឹងឧបសគ្គ ដោយសារប្រទេសសមាជិកខ្លះ គិតថាគ្មានអ្វី​ល្អជាង​ម្លប់ការពាររបស់អាមេរិក​ក្នុងក្របខណ្ឌអូតង់ឡើយ។ ក៏ប៉ុន្តែ សង្គ្រាម​ឈ្លានពានអ៊ុយក្រែនដែលរុស្ស៊ីបានធ្វើ បានបំផុត​គំនិត​ពង្រឹងការការពារខ្លួននេះឲ្យ​ផុសឡើង ទូទាំងអឺរ៉ុប​ ព្រោះ​គ្រប់គ្នាអាចក្លាយជាមុខសញ្ញារបស់រុស្ស៊ី​ទៅថ្ងៃមុខ។ ជាងនេះទៀត ជាមួយនឹងលទ្ធភាពនៃការវិលត្រលប់មកកាន់អំណាចវិញរបស់​លោកដូណាល់ ត្រាំ គឺធ្វើ​ឲ្យ​ប្រទេសអឺរ៉ុបកាន់តែភ័យ​និងលែងទុកចិត្ត​។ ទស្សនវិស័យ​របស់​លោកម៉ាក្រុង ដែលចង់​ឲ្យ​អឺរ៉ុបមានប្រព័ន្ធការពារជាតិរួមគ្នា​ដោយខ្លួនឯង លែងពឹងលើអាមេរិកនេះ ហាក់​បានទទួល​ការគាំទ្រ​កាន់តែច្រើនពីប្រទេសអឺរ៉ុបផ្សេងទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ