អានតួអត្ថបទ

អាល្លឺម៉ង់ស៊ើបអង្កេតក្រោយពីមានការបែកលេចធ្លាយការសន្ទនាស្តីពីការបញ្ជូនមីស៊ីលTaurus ទៅឲ្យអ៊ុយក្រែន

នៅអាល្លឺម៉ង់ ភាពជ្រួលច្របល់​កំពុង​កើតមាន​នៅក្នុងចំណោមអ្នកនយោបាយ បន្ទាប់ពី​មានការបែកលេចធ្លាយសារសំឡេង ដែលនៅក្នុង​នោះ មន្រ្តីយោធា​អាល្លឺម៉ង់​ពិភាក្សាគ្នា​ពីលទ្ធភាព​បញ្ជូន​មីស៊ីល​បណ្តែត Taurus របស់​អាល្លឺម៉ង់​ទៅ​ឲ្យ​កងទ័ពអ៊ុយក្រែន។ សារសំឡេងត្រូវ​បាន​នាយកការផ្សាយរបស់​ទូរទស្សន៍​រដ្ឋរុស្ស៊ី RT ចុះផ្សាយ​នៅលើ​បណ្តាញ​សង្គម​តេឡេក្រាម កាលពីថ្ងៃសុក្រទី ១​មីនា។ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​រុស្ស៊ីបានទាមទារ​ឲ្យ​ប៊ែរឡាំង​ឆ្លើយបំភ្លឺ​ទាក់ទង​នឹង​គម្រោងការបញ្ជូន​មីស៊ីល​ទៅ​ឲ្យ​អ៊ុយក្រែន ចំណែក​ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ លោក​អូឡាហ្វ ស្ហុលស៍​បាន​បញ្ជា​ឲ្យមាន​ការស៊ើបអង្កេត​បន្ទាន់ និងល្អិតល្អន់បំផុត ព្រោះថាការបែកលេចធ្លាយលើកនេះ​ធ្ងន់ធ្ងរណាស់។ អាជ្ញាធរ​អាល្លឺម៉ង់​កំពុងបារម្ភ​ថា រុស្ស៊ី​កំពុង​លួចស្តាប់​យកការណ៍សម្ងាត់ នៅ​ក្នុង​ទឹកដី​អាល្លឺម៉ង់។

រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius, (ឆ្វេង) ប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier(កណ្តាល) និងឯកអគ្គរដ្ឋទូតអ៊ុយក្រែននៅអាល្លឺម៉ង់ លោកOleksii Makeiev តាមមើលសមយុទ្ធនៅទឹកដីអាល្លឺម៉ង់
រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius, (ឆ្វេង) ប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier(កណ្តាល) និងឯកអគ្គរដ្ឋទូតអ៊ុយក្រែននៅអាល្លឺម៉ង់ លោកOleksii Makeiev តាមមើលសមយុទ្ធនៅទឹកដីអាល្លឺម៉ង់ AP - Klaus-Dietmar Gabbert
ផ្សាយពាណិជ្ជកម្ម

តើរុស្ស៊ី​តាមដាន លបស្តាប់​ការណ៍សម្ងាត់​របស់​កងទ័ព​អាល្លឺម៉ង់? នៅថ្ងៃ​សៅរ៍​ទី ២ មីនា ក្រសួងការពារ​ជាតិ​អាល្លឺម៉ង់​បាន​អះអាង​ថា ក្រសួង​កំពុង​ស្រាវជ្រាវ​ពិនិត្យ ដើម្បីដឹងថា តើ​វីដេអូ​សន្និសីទ​ស្តីពី​សង្រ្គាម​អ៊ុយក្រែន ពិតជាត្រូវ​គេលបលួច​ស្តាប់ដែរ​ឬទេ។

អាជ្ញាធរ​អាល្លឺម៉ង់​បើក​ការរស៊ើបអង្កេត នៅ​បន្ទាប់ពី​ប្រធាន​ការផ្សាយ​របស់​ទូរទស្សន៍រដ្ឋ​រុស្ស៊ី RT ដែលស្និទ្ធនឹង​របបលោក​ពូទីន គឺ​លោកស្រី Margarita Simonyan បាន​បង្ហោះផ្សាយសំឡេង​សន្ទនា ដែល​លោកស្រី​អះអាង​ថា ជា​សំឡេង​របស់​មន្រ្តីយោធា​អាល្លឺម៉ង់ កំពុង​ពិភាក្សា​ពី​លទ្ធភាព​បញ្ជូន​មីស៊ីលTaurus​របស់​អាល្លឺម៉ង់​ទៅ​ឲ្យអ៊ុយក្រែន។

នៅក្នុងសារសំឡេង​រយៈពេល ៣៨​នាទី ដែល​ប្រធាន​កម្មវិធីទូរទស្សន៍​រុស្ស៊ី បង្ហោះផ្សាយ​នៅ​លើ​បណ្តាញ​តេឡេក្រាម អ្នកចូលរួម​បាន​ពិភាក្សា​គ្នា​ពី​គោលដៅ​វាយប្រហារ​របស់​មីស៊ីលអាល្លឺម៉ង់ Taurus ដូចជា​ដៅបំផ្លាញ ស្ពាន​Kerch ដែល​តភ្ជាប់ពី​រុស្ស៊ី ទៅ​ទឹកដីគ្រីមេ​ដែល​រុស្ស៊ីបានកាត់យក​ពីអ៊ុយក្រែន នៅ​ឆ្នាំ ២០១៤។ លើស​ពី​នោះ គេ​នៅ​បាន​លឺ​អ្នកចូលរួម​និយាយ​ពីការប្រើ​មីស៊ីលបាញ់បាន​ចម្ងាយជិត ដែល​បារាំង និង​អង់គ្លេស​បាន​ប្រគល់​ទៅ​ឲ្យ​អ៊ុយក្រែន ហើយនិង​ការបណ្តុះបណ្តាល​ទាហាន​អ៊ុយក្រែន​នៅទឹកដីអាល្លឺម៉ង់។

អ្នកនាំពាក្យ​របស់​ក្រសួងការពារ​ជាតិ​អាល្លឺម៉ង់​បាននិយាយប្រាប់អ្នកកាសែតថា គេនៅមិនទាន់​អាច​បញ្ជាក់ថា តើ​នោះពិត​សំឡេង​ពិតប្រាកដ​របស់​មន្រ្តីយោធា​អាល្លឺម៉ង់ដែរឬទេ។ ប៉ុន្តែ យ៉ាងណាក៏ដោយ អាល្លឺម៉ង់​កំពុង​បើកការស៊ើបអង្កេត​ថា តើ​ប្រព័ន្ធ​ទំនាក់ទំនង​របស់​វិស័យ​កងទ័ពជើងអាកាស​អាល្លឺម៉ង់​កំពុង​ត្រូវ​គេឈ្លបយកការណ៍​ឬ​ក៏យ៉ាងណា។

តាម​ការចុះផ្សាយ​របស់​ទស្សនាវដ្តី​អាល្លឺម៉ង់ Der Spiegel អ្នកជំនាញនិយាយ​ថា គេជឿជាក់ថា សំឡេងដែលគេស្តាប់លឺ​អាចជា​សំឡេង​របស់​មន្រ្តីយោធា​អាល្លឺម៉ង់ភាគច្រើន។ តាម​ទស្សនាវដ្តីអាល្លឺម៉ង់ ដដែល វីដេអូសន្និសីទ​របស់​មន្រ្តីយោធា​អាល្លឺម៉ង់ដើម្បី​ជជែក​ពីសង្រ្គាមអ៊ុយក្រែន មិន​បាន​ធ្វើ​នៅលើខែ្សបណ្តាញ​សម្ងាត់ផ្ទៃ​ក្នុង​របស់​កងទ័ព​អាល្លឺម៉ង់ ប៉ុន្តែ គេ​ធ្វើវា​នៅ​លើ​បណ្តាញវីដេអូ​របស់ក្រុមហ៊ុនឯកជនឈ្មោះ​WebEx។

ការបែកលេច​ធ្លាយ​កិច្ចសន្ទនា​ពី​កិច្ចការ​សម្ងាត់កងទ័ពអាល្លឺម៉ង់​បានធ្វើ​ឲ្យ​អាល្លឺម៉ង់​ទើសទាល់មែនទែន។ កំពុង​ធ្វើទស្សនកិច្ច​នៅ​ប្រទេស​អ៊ីតាលី កាលពីថ្ងៃ​សៅរ៍ ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ លោក​អូឡាហ្វ ស្ហុលស៍​បានចេញមកធ្វើ​សន្និសីទ​កាសែត បញ្ជាក់ថា ការបែកលេចធ្លាយលើកនេះ​ធ្ងន់ធ្ងរណាស់។ អាជ្ញាធរ​អាល្លឺម៉ង់​ត្រូវ​ស៊ើបអង្កេត សិក្សាល្អិតល្អន់លឿនបំផុត ព្រោះថា រឿងនេះសំខាន់។

នៅក្រោយ​ការចុះផ្សាយ​ព្រោងព្រាត​របស់​កាសែត​ក្នុងស្រុក​រុស្ស៊ី ស្តីពីការបែកលេចធ្លាយសារសំឡេង​របស់​មន្រ្តីយោធា​អាល្លឺម៉ង់ អ្នកនាំពាក្យ​របស់ក្រសួងការបរទេស​រុស្ស៊ី​បាន​ទាមទារ​ឲ្យប៊ែរឡាំង​ស្រាយបំភ្លឺ ចំណែក​ប្រមុខការទូតរុស្ស៊ី​លោក​ឡាវ្រូវ​បរិហារគម្រោងការខ្មៅងងឹតរបស់កងទ័ពអាល្លឺម៉ង់។

មន្រ្តីបក្សប្រឆាំង​អាល្លឺម៉ង់ លោកRoderich Kiesewetter  បារម្ភ​ថា ការពិភាក្សា​រឿង​សម្ងាត់ផ្សេងទៀត​នឹង​អាច​បែកលេចធ្លាយ ជាបន្តបន្ទាប់​នៅថ្ងៃខាងមុខ ដើម្បី​ផលប្រយោជន៍​របស់​រុស្ស៊ី ព្រោះវាកើតឡើងចំពេលដែល​អាល្លឹម៉ង់កំពុង​រារែកក្នុងរឿងបញ្ជូនមីស៊ីលTaurus ទៅឲ្យអ៊ុយក្រែន។ សម្រាប់​មន្រ្តីបក្ស​ប្រឆាំងអាល្លឺម៉ង់ ការបែកលេចធ្លាយ​សារសំឡេង​របស់​មន្រ្តីយោធាអាល្លឺម៉ង់​លើកនេះ ជាស្នាដៃ​របស់​រុស្ស៊ី ដែល​មាន​ចេតនា​រារាំង​កុំ​ឲ្យ​អាល្លឺម៉ង់​បញ្ជូន​មីស៊ីលបណ្តែត​Taurus ទៅ​ឲ្យ​អ៊ុយក្រែន។ នៅមួយរយៈចុងក្រោយ​នេះ រដ្ឋាភិបាល​អាល្លឺម៉ង់​កំពុង​រងការដាក់សម្ពាធ​ពីបក្ស​ប្រឆាំង និង​សភា ដែលទាមទារ​ចង់​ឲ្យ​អាល្លឺម៉ង់​បញ្ជូន​មីស៊ីល​បណ្តែត Taurus ទៅ​តាម​ការទទូចចង់បាន​របស់​អ៊ុយក្រែន។

ប៉ុន្តែ នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ លោក​អូឡាហ្វ ស្ហុលស៍បាន​បដិសេធ​រហូតមក មិនបញ្ជូន មីស៊ីលបាញ់ចម្ងាយមធ្យម (៥០០គីឡូម៉ែត្រ​)​ទៅឲ្យ​អ៊ុយក្រែន ដាច់ខាត ព្រោះ​អាល្លឺម៉ង់​មិន​ចង់​ចូល​ទៅពាក់ព័ន្ធជ្រៅនៅក្នុង​សង្រ្គាម​អ៊ុយក្រែន។ នៅ​សប្តាហ៍មុន លោក​នៅបាន​បដិសេធ​មិន​ធ្វើតាម​បារាំង និងអង់គ្លេស ដែលបាន​សន្យា​ប្រគល់​មីស៊ីល​ចម្ងាយឆ្ងាយ ទៅ​ឲ្យអ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ