អានតួអត្ថបទ
បារាំង-ឥណ្ឌា-ជួញដូរមនុស្ស

ក្រោយឃាត់ទុក៤ថ្ងៃ បារាំងអនុញ្ញាតឲ្យយន្តហោះដឹកអ្នកដំណើរ​ឥណ្ឌា​៣០៣នាក់ ចាកចេញ

បន្ទាប់ពីបានចាប់​ឃាត់ទុកអស់រយៈពេល៤ថ្ងៃ ដើម្បីស៊ើបអង្កេត ​នៅទីបំផុត​​អាជ្ញាធរបារាំង បានសម្រេច​អនុញ្ញាតឲ្យយន្តហោះ ដឹកអ្នកដំណើរជនជាតិ​ឥណ្ឌា៣០៣នាក់ អាចហោះ​ចាកចេញពីទឹកដីបារាំងហើយ​ នៅថ្ងៃចន្ទទី​២៥ធ្នូ​។ ដោយ​ឡែក​ ក្នុងចំណោមអ្នកដំណើរទាំងអស់ គឺមានជនជាតិ​ឥណ្ឌា​​​២នាក់ ដែលត្រូវបាន​សមត្ថកិច្ចបារាំង សម្រេច​​ឃុំខ្លួន​បណ្តោះអាសន្ន ដើម្បី​រងចាំការស៊ើបអង្កេត ទាក់ទិននឹង​បទល្មើសជួញដូរមនុស្ស​។

Men board the plane grounded by police at the Vatry airport , Monday, Dec. 25, 2023 in Vatry, eastern France. A charter plane grounded in France for a human trafficking investigation is scheduled to l
បុគ្គលិកបម្រើការលើយន្តហោះ និង​អ្នកដំណើរខ្លះ បានចាប់ផ្តើមឡើងយន្តហោះ ដើម្បីត្រៀមហោះចេញពីព្រលានយន្តហោះ Vatry ឆ្ពោះទៅកាន់ទីក្រុងបុំបេ ប្រទេសឥណ្ឌា។ រសៀលថ្ងៃចន្ទ ទី​២៥ធ្នូ២០២៣ AP - Christophe Ena
ផ្សាយពាណិជ្ជកម្ម

ព្រឹកថ្ងៃចន្ទ​២៥ធ្នូ រដ្ឋអាជ្ញា​បារាំង​ បានប្រកាសឲ្យដឹងថា នីតិវិធីចាប់ឃាត់ទុក នូវយន្តហោះ Airbus A340 របស់ក្រុមហ៊ុនអាកាសចរណ៍រូម៉ានី Legend Airlines ត្រូវបានដកចេញវិញ​ហើយ។ យន្តហោះនេះ អាចធ្វើដំណើរចាកចេញពី​ព្រលានយន្តហោះ Vatry ដែលស្ថិតនៅចម្ងាយប៉ុន្មាន​១៥០គីឡូម៉ែត្រ ខាងកើតក្រុងប៉ារីស នៅថ្ងៃចន្ទនេះតែម្តង។

ប្រភពពីអាជ្ញាធរបារាំង បានឲ្យដឹងដែរថា អ្នកដំណើរជនជាតិឥណ្ឌា នឹងត្រូវអនុញ្ញាតឲ្យឡើងយន្តហោះ លើកលែងតែ​២នាក់ ដែលត្រូវបានសមត្ថកិច្ចបារាំងឃាត់ខ្លួនទុក ដើម្បីបន្តការស៊ើបអង្កេត ទាក់ទិននឹងបទល្មើសជួញដូរមនុស្ស​​។ ដោយ​ឡែកក្នុងចំណោមអ្នកដំណើរទាំងអស់ មាន​១២នាក់បានដាក់ពាក្យសុំសិទ្ធិជ្រកកោនក្នុងនាមជាជនភៀសខ្លួន ក្នុងនោះមានអនីតិជន​៥នាក់ ហើយដែលនឹងត្រូវអាជ្ញាធរបារាំងបញ្ជូនយកទៅ​ទីតាំងរងចាំ​នីតិវិធី​។

លោកស្រី Liliana Bakayoko មេធាវីតំណាងក្រុមហ៊ុន​អាកាសចរណ៍​ Legend Airlines បានបញ្ជាក់​ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថាយន្តហោះនឹងធ្វើដំណើរទៅកាន់ព្រលានយន្តហោះទីក្រុង​បុំបេ។ អាជ្ញាធរ​ឥណ្ឌាបានអនុញ្ញាតរួចរាល់​ហើយ​។ លោកស្រីមេធាវីរូបនេះ បានឲ្យដឹងថាអ្នកដំណើរមិនសប្បាយចិត្តទេ ដែលត្រូវត្រលប់ទៅប្រទេសឥណ្ឌាវិញបែបនេះ។ ក្នុងពេល​សាកសួរព័ត៌មាន​​ អ្នកដំណើរខ្លះបានអះអាងថាពួកគេ គ្រោងទៅដើរកម្សាន្ត​​ទេសចរណ៍​ នៅប្រទេសនីហ្ការ៉ាហ្ក័រ។

សូមរំលឹកថា យន្តហោះA340 របស់​ក្រុមហ៊ុន​ Legend Airlines ផ្ទុកអ្នក​ដំណើរជនជាតិឥណ្ឌា​៣០៣នាក់ ចេញដំណើរពី​ទីក្រុងឌូបៃ ឆ្ពោះទៅក្រុងម៉ាណាហ្កា ប្រទេស​នីហ្ការ៉ាហ្ក័រ ហើយ​បានចូលមកចុះចត១ម៉ោង​ ដើម្បីចាក់សាំង នៅ​ព្រលានយន្តហោះ Vatry ខាងកើតក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍ទី២១ធ្នូ។ ក៏ប៉ុន្តែ​ អាជ្ញាធរបារាំង បានសម្រេច​​ចាប់ឃាត់យន្តហោះ​ទុក បន្ទាប់ពីមានជនអនាមិកបាន ឲ្យដំណឹងថា​ក្នុងចំណោមអ្នកដំណើរ អាចមាន​ជនរងគ្រោះដោយ​អំពើជួញដូរមនុស្ស​។

សមត្ថកិច្ចបារាំង ដោយ​រួមសហការជាមួយ​មន្ត្រីតុលាការ មេធាវី និងចៅក្រមស៊ើបអង្កេត បាន​មក​បើកនីតិវិធី​ សាកសួរព័ត៌មាន អ្នកដំណើរនីមួយៗ នៅឯព្រលានយន្តហោះផ្ទាល់តែម្តង។ ឆ្លងកាត់នីតិវិធីអស់៣ថ្ងៃ ទីបំផុត​តុលាការ​បារាំង បានយល់​ឃើញអំពី​លក្ខខណ្ឌមិនសមរម្យត្រឹមត្រូវ ក្នុងការ​ឃាត់មនុស្សដល់​​ទៅ​​៣០០នាក់ ឲ្យ​នៅកក​កុញ​ក្នុងព្រលានយន្តតូចមួយ។ លោក François Procureur ប្រធានគណៈមេធាវីប្រចាំតំបន់ Châlons-en-Champagne បានថ្លែងដោយក្តីអាណិត​អាសូរ ទាក់ទិននឹងលក្ខខណ្ឌស្នាក់នៅដ៏លំបាក របស់អ្នកដំណើរទាំង​៣០០នាក់​​។

ដោយឡែក លោកស្រីចៅក្រម​ Geneviève Colas បានប្រាប់អ្នកកាសែតថា ចុះបើពិតជាមានការ​​ជួញដូរមនុស្សពិតមែន នោះប្រព័ន្ធយុត្តិធម៌បារាំងនឹងស្តាយក្រោយ​បន្ទោសខ្លួន​ឯង ប្រសិនបើអនុញ្ញាត​ឲ្យ​យន្តហោះនេះ បន្ត​ដំណើរ​ទៅកាន់​គោលដៅ​ដែល​បាន​គ្រោងទុកទេ។ ហេតុ​ដូច្នេះហើយ ទើបបានជា​អាជ្ញាធរបារាំង បានសម្រេច​ឲ្យ​យន្តហោះនេះ ត្រូវ​ហោះទៅកាន់​ប្រទេសកំណើតរបស់អ្នកដំណើរវិញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ