អានតួអត្ថបទ

អៀរឡង់៖ផ្ទុះកុបកម្មយ៉ាងហិង្សាកណ្តាលទីក្រុង ក្រោយមានការវាយប្រហារដោយកាំបិត

នៅ​ក្នុង​ប្រទេស​អៀរឡង់ ក្រុង​ឌុយប្លាំង​បាន​ក្លាយ​ជា​ឆាក​នៃ​កុបកម្ម​យ៉ាង​ហិង្សា​នា​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ វិច្ឆិកា។ កុបកម្ម​នេះ​បាន​ផ្ទុះ​ឡើង​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​វាយប្រហារ​ដោយ​កាំបិត​ដែល​បាន​បណ្តាល​ឲ្យ​របួស​មនុស្ស​ចំនួន ៥នាក់ ក្នុង​នោះ​មាន​ក្មេង​ចំនួន ៣នាក់។ អ្នក​ទទួល​ខុស​ត្រូវ​ប៉ូលិស​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​សុក្រ ទី២៤ វិច្ឆិកា​ថា ព្រឹត្តិការណ៍​ហិង្សា​នេះ​ជា​ព្រឹត្តិការណ៍​ដែល​អៀរឡង់​មិន​ធ្លាប់​ជួប​ទេ​តាំង​ពី​ច្រើន​ទសវត្សរ៍។ ចំណែក​នាយករដ្ឋមន្រ្តី​លោក​ឡេអូ វ៉ារ៉ាដការ​បាន​ចាត់​ទុក​ជា​ព្រឹត្តិការណ៍​ដែល​ធ្វើ​ឲ្យ​អាម៉ាស់​មុខ​អៀរឡង់។

នៅអៀរឡង់ ផ្ទុះកុបកម្មយ៉ាងហិង្សាកណ្តាលទីក្រុង ក្រោយពីការវាយប្រហារដោយកាំបិតថ្ងៃទី២៣ វិច្ឆិកា ២០២៣។
Flames rise from a car and a bus, set alight at the junction of Bachelors Walk and the O'Connell Bridge, in Dublin on November 23, 2023, as people took to the streets in protest following the stabbings earlier in the day. Protesters in Dublin on Thursday torched a car and fought police, an AFP journalist reported, after three children were injured in a suspected school stabbing that social media rumours attributed to a foreign national. (Photo by Peter MURPHY / AFP) AFP - PETER MURPHY
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល​ជា​ច្រើន​ម៉ោង​នា​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ វិច្ឆិកា ក្រុង​ឌុយប្លាំង​នៃ​ប្រទេស​អៀរឡង់​បាន​ក្លាយ​ជា​ឆាក​នៃ​កុបកម្ម​យ៉ាង​ហិង្សា។ ក្រៅ​ពី​ការ​ប្រឈម​មុខ​ទល់​នឹង​កម្លាំង​ប៉ូលិស ក្រុម​កុបករ​បាន​នាំ​គ្នា​ដុត​រថយន្ត ចូល​លួច និង​វាយកម្ទេច​ហាង​លក់​ទំនិញ​ជា​ច្រើន។ សង្កាត់​ដែល​បាន​រង​ការ​បំផ្លិចបំផ្លាញ​ខ្លាំង​ជាង​គេ​គឺ​សង្កាត់​ដែល​រស់នៅ​ច្រើន​ដោយ​ប្រជាជន​អន្តោប្រវេសន៍។ កុបកម្ម​យ៉ាង​ហិង្សា​នេះ​បាន​ផ្ទុះ​ឡើង ក្រោយ​ពី​មាន​បុរស​ម្នាក់​បាន​វាយប្រហារ​ដោយ​កាំបិត​នៅ​ក្បែរ​សាលារៀន​មួយ​ក្នុង​ក្រុង​ឌុយប្លាំង​ដែល​បណ្តាល​ឲ្យ​របួស​មនុស្ស​ចំនួន ៥នាក់ ក្នុង​នោះ​មាន​ក្មេង​ចំនួន ៣នាក់។ ខ្មាន់កំាបិត​ដែល​មាន​វ័យ ៥០ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​នៅ​នឹង​កន្លែង​ដោយ​មាន​ជំនួយ​ពី​អ្នក​ដឹក​ជញ្ជូន​ឥវ៉ាន់​ម្នាក់។

នៅ​ក្នុង​ការ​ស៊ើបអង្កេត​បឋម ប៉ូលិស​មិន​បាន​ចាត់​ទុក​ទង្វើ​របស់​ខ្មាន់កាំបិត​ជា​អំពើភេរវកម្ម​ទេ។ តែ​គ្មាន​នរណា​នឹក​ស្មាន​ដល់​សោះ​ឡើយ​ថា ការ​វាយប្រហារ​ដោយ​កាំបិត​មួយ​នេះ​បាន​ក្លាយ​ជា​ប្រភព​នៃ​កុបកម្ម​យ៉ាង​ហិង្សា។ តាម​ប៉ូលិស ក្រុម​ស្តាំនិយមជ្រុល​ជា​អ្នក​អុជអាល​ឲ្យ​មាន​ការ​បះបោរ​ដោយ​ពួក​គេ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ពី​ដើមចម​នៃ​ការ​វាយប្រហារ​ដោយ​កាំបិត។ អ្វី​ជា​ការ​កត់សម្គាល់ ព្រឹត្តិការណ៍​មួយ​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​បរិបទ​មួយ​ដែល​អៀរឡង់​កំពុង​ស្គាល់​កំណើន​នៃ​ការ​ប្រឆាំង​ជន​អន្តោប្រវេសន៍ ពិសេស​ពី​សំណាក់​ពួក​ស្តាំនិយមជ្រុល​ក្រោម​ហេតុផល​ថា ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន​ជា​ដើមចម​នៃ​វិបត្តិលំនៅដ្ឋាន​សព្វថ្ងៃ​នៅ​អៀរឡង់។

ប៉ូលិស​បាន​ប្រាប់​ពី​ការ​ចាប់​ខ្លួន​កុបករ​ចំនួន ៣៤នាក់ និង​ព្រមាន​ពី​ការ​ចាប់​ខ្លួន​បន្ថែម​ទៀត។ ស្នងការ​ប៉ូលិស​លោក Drew Harris បាន​បញ្ជាក់​ថា អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ វិច្ឆិកា​ជា​ការ​ផ្ទុះ​អំពើហិង្សា​ដ៏​សាហាវ​ជាមួយ​នឹង​ឈុតឆាក​ដែល​អៀរឡង់​មិន​ធ្លាប់​បាន​ឃើញ​តាំង​ពី​ច្រើន​ទសវត្សរ៍​កន្លង​មក។ តែ​លោក Drew Harris មិន​ភ្លេច​បញ្ជាក់​ពី​ការ​អាច​មាន​អំពើ​ហិង្សា​ថ្មីៗ​ទៀត។ ចំណែក​នាយករដ្ឋមន្រ្តី​អៀរឡង់​លោក​ឡេអូ វ៉ារ៉ាដការ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​នា​ព្រឹក​ថ្ងៃ​សុក្រ ទី២៤ វិច្ឆិកា​ដោយ​បរិហារ​អំពើហិង្សា និង​បញ្ជាក់​ថា ក្រុម​កុបករ​បាន​នាំ​មក​នូវ​ភាព​អាម៉ាស់​ដល់​ក្រុង​ឌុយប្លាំង ភាព​អាម៉ាស់​ដល់​ប្រទេស​អៀរឡង់ ភាព​អាម៉ាស់​ដល់​គ្រួសារ​របស់​ពួក​គេ និង​ភាព​អាម៉ាស់​ដល់​ខ្លួន​គេ​ផ្ទាល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ