អានតួអត្ថបទ
អាមេនី-អាស៊ែបៃហ្សង់

ជម្លោះនៅការ៉ាបាក់៖ អាមេនីនិងអាស៊ែបៃហ្សង់ដំឡើងសំឡេងដាក់គ្នា​នៅ​តុលាការយុត្តិធម៌អន្តរជាតិ

អាមេនី និងអាស៊ែបៃហ្សង់ឡើងតទល់គ្នា​នៅ​មុខតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុង​ឡាអេ ប្រទេស​ហូឡង់។ នៅក្នុង​សវនាការ​តទល់គ្នា នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១២ តុលា អ្នកតំណាងអាមេនី​ដាក់ពាក្យសុំទៅ​ចៅក្រមរបស់​តុលាការ​អន្តរជាតិ​ឲ្យ​បញ្ជាទៅភាគី​អាស៊ែបៃហ្សង់​ឲ្យ​ដក​កងទ័ព និង​អនុញ្ញាត​ឲ្យ​ប្រជាជន​ដើមកំណើត​អាមេនី​អាច​ត្រលប់​ទៅ​រស់នៅ​ក្នុង​តំបន់​ការ៉ាបាក់​ដោយ​សុវត្ថិភាព​ឡើងវិញ។

តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុង​ឡាអេ
តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុង​ឡាអេ File/Getty Images
ផ្សាយពាណិជ្ជកម្ម

អាមេនី និង​អាស៊ែបៃហ្សង់ចេញមុខ​តទល់គ្នា​នៅតុលាការ​យុត្តិធម៌អន្តរជាតិ នៅទីក្រុង​ឡាអេ នៅ​១ខែ​ក្រោយ​ប្រតិបត្តិការយោធា​របស់​អាស៊ែបៃហ្សង់​នៅ​តំបន់​ការ៉ាបាក់ ក្នុង​គោលដៅ​បោសសម្អាត​ក្រុមឧទ្ទាមផ្តាច់ទឹកដី អាមេនី។ ប្រតិបត្តិការយោធា ក្នុង​រយៈពេល​តែមួយថ្ងៃ​របស់​កងទ័ពអាស៊ែបៃហ្សង់​បាន​បណ្តាល​ឲ្យ​មនុស្ស​១២០ ០០០​នាក់ រត់ភៀសខ្លួន យ៉ាងគំហុក​ចេញ​ពី​តំបន់​ការ៉ាបាក់ ចំណែក​ក្រុមទាមទារផ្តាច់ទឹកដី​អាមេនី ដែល​គ្រប់គ្រងតំបន់​ការ៉ាបាក់ តាំងពីឆ្នាំ ១៩៩១​បាន​ប្រកាស​ទម្លាក់អាវុធ និង​រំលាយខ្លួន​ចាប់ពីខែ មករា​ដើមឆ្នាំ​ក្រោយ ឆ្នាំ ២០២៤។

នៅក្នុង​ពាក្យបណ្តឹង​ទៅកាន់​តុលាការក្រុង​ឡាអេ ភាគី​អាមេនី​បានទាមទារ​សុំ​ឲ្យ​ចៅក្រមបញ្ជា​ទៅ​រដ្ឋាភិបាល​អាស៊ែបៃហ្សង់​ឲ្យ​ដកកងទ័ពចេញពី​តំបន់​ការ៉ាបាក់ និង​ហាមដាច់ខាត​ការប្រើកម្លាំងយោធា​ប្រឆាំង​នឹង​ការវិលត្រលប់​ជនភៀសខ្លួន ដើមកំណើត​អាមេនី ទៅក្នុង​តំបន់​ការ៉ាបាក់។ Erevan ទាមទារផងដែរ​ឲ្យ​កងទ័ពអាស៊ែបៃហ្សង់​ធានាសុវត្ថិភាព​ប្រជាជន​អាមេនី​ដែល​ចង់ចាកចេញ លែងចង់រស់នៅ​ក្នុងតំបន់​ការ៉ាបាក់ តទៅទៀត។

ប្រតិបត្តិការយោធា​ទ្រង់ទ្រាយធំ​របស់​កងទ័ព​អាស៊ែបៃហ្សង់ នៅ​តំបន់ការ៉ាបាក់ កាលពីពាក់កណ្តាល​ខែ​កញ្ញា ដែល​បានបណ្តាល​ឲ្យមនុស្ស​រាប់សែននាក់ រត់ភៀសខ្លួនភ្លូកទឹក ភ្លូកដីចូល​ទៅក្នុង​ទឹកដី​អាមេនី បាន​អនុញ្ញាតអាស៊ែបៃហ្សង់ ដណ្តើម​កាន់កាប់​តំបន់​ការ៉ាបាក់​ទាំងស្រុង នៅបន្ទាប់ពី អាស៊ៃបៃហ្សង់ និង​ក្រុមឧទ្ទាមផ្តាច់ទឹកដី​អាមេនី​បាន​ប្រយុទ្ធធ្វើសង្រ្គាមនឹង​គ្នា ជាច្រើនទសវត្សរ៍។

នៅ​តុលាការ​យុត្តិធម៌អន្តរជាតិ កាលពីថ្ងៃ​ព្រហស្បតិ៍ អាមេនី​ចោទប្រកាន់អាស៊ែបៃហ្សង់សាជាថ្មីថា កំពុង​បោសសម្អាត​ពូជសាសន៍ នៅក្នុងគោលដៅ​លុបបំបាត់​មិន​ឲ្យមាន​វត្តមានជនជាតិ​អាមេនី ក្នុង​ទឹកដី ការ៉ាបាក់ ដែលធ្លាក់ក្រោមការកាន់កាប់​របស់​អាស៊ៃបៃហ្សង់។ អាស៊ែបៃហ្សង់​ទាត់ចោល​ការចោទប្រកាន់​របស់​អាមេនី និង​បន្ថែមថា អាស៊ៃបៃហ្សង់​បានអំពាវនាវ​ឲ្យ​ប្រជាជនអាមេនីដែលធ្លាប់រស់នៅ​ក្នុងតំបន់​ការ៉ាបាក់ ឲ្យបន្តរស់នៅ និង​ធ្វើសមាហរកម្ម​ចុះចូល​ក្នុង​សង្គម​អាស៊ែបៃហ្សង់។

មានទីតាំង​ក្នុងទឹកដីអាស៊ែបៃហ្សង់ តំបន់​ការ៉ាបាក់ ដែលមាន​ប្រជាជននិយាយ​ភាសា​អាមេនី រស់នៅ​ភាគច្រើន បាន​ក្លាយ​ជាតំបន់​ប្រទាញ​ប្រទង់គ្នា រវាងប្រទេស​ជិតខាង អាស៊ែបៃហ្សង់ និងអាមេនី។ ក្រុមឧទ្ទាមបំបែកទឹកដីនៅ​ការ៉ាបាក់ ដែល​គាំទ្រ​ដោយ​អាមេនី ប្រកាស​ឯករាជ្យភាព នៅ​ឆ្នាំ ១៩៩១ នៅក្រោយការដួលរលំសហភាពសូវៀត និង​បាន​ធ្វើសង្រ្គាមទាមទារ​ផ្តាច់ទឹកដី ពីអាស៊ែបៃហ្សង់។

ដើម្បី​ទាមទារ​យុត្តិធម៌ នៅក្នុងជម្លោះទឹកដី​ជាមួយ​អាស៊ែបៃហ្សង់ អាមេនី​បានរត់ទៅរក​ជំនួយ​ពីតុលាការអន្តរជាតិ​មួយទៀត នោះគឺ​តុលាការព្រហ្មទណ្ឌអន្តរជាតិ។ នៅ​ថ្ងៃទី ៣​តុលា​កន្លងទៅ សភា​អាមេនី​ផ្តល់សច្ចាប័ន លើ​សេចក្តីសម្រេច​ដែលភ្ជាប់ប្រទេស​អាមេនីទៅ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ។ ជំហរ​របស់​អាមេនីបណ្តាល​ឲ្យ​រុស្ស៊ី ដែលជាសម្ព័ន្ធមិត្ត​ខឹងច្រឡោតខ្លាំង ដោយសារថា លោកពូទីន កំពុង​ត្រូវ​តុលាការព្រហ្មទណ្ឌអន្តរជាតិ​ចេញដីកាស្វែងរក​ចាប់ខ្លួន ក្នុងបទចោទប្រកាន់​បញ្ជា​ឲ្យ​ចាប់ជំរិតកុមារអ៊ុយក្រែន នៅក្នុងសង្រ្គាមឈ្លានពាន​អ៊ុយក្រែន។

តុលាការយុត្តិធម៌អន្តរជាតិ​ជាស្ថាប័នច្បាប់របស់អង្គការ​សហប្រជាជាតិ​ទទួលបន្ទុកដោះស្រាយជម្លោះរវាងប្រទេស​សមាជិក។ ប៉ុន្តែ យ៉ាងណាក៏ដោយ យោបល់ផ្លូវច្បាប់របស់​តុលាការមួយនេះ​មិនមានអំណាចផ្លូវច្បាប់​ចាប់បង្ខំ​ឲ្យប្រទេស​សមាជិក​ត្រូវតែអនុវត្តតាមនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ