អានតួអត្ថបទ
ថវិកាកងទ័ពរុស្ស៊ី

ឯកសារបង្ហាញថា ការចំណាយរបស់កងទ័ពជាតិរុស្ស៊ីបានកើនឡើងទ្វេដង នៅ​ឆ្នាំ ២០២៣

លង់ខ្លួនកាន់តែជ្រៅទៅក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន រុស្ស៊ីឃើញខ្ទង់ចំណាយកងទ័ពរបស់ខ្លួនហក់កើនឡើងទ្វេដង នៅឆ្នាំ ២០២៣។ តាមឯកសាររដ្ឋាភិបាល​រុស្ស៊ី ដែល​ទីភ្នាក់ងារ​ព័ត៌មានអង់គ្លេស Reuters ចុះផ្សាយ នៅថ្ងៃ​សុក្រទី ៤ សីហា ប្រាក់ចំណាយសម្រាប់​វិស័យ​ការពារជាតិ​រុស្ស៊ី នៅឆ្នាំ ២០២៣ មាន​ចំនួន ជិត​១០០ពាន់លាន​ដុល្លារ ដែលស្មើនឹង​១ភាគ៣​នៃថវិកាជាតិសរុប។ ដោយសារ​ការចំណាយ​សម្រាប់​សង្រ្គាម​នៅ​អ៊ុយក្រែន កាន់តែកើនឡើងខ្ពស់ និងការធ្លាក់ចុះ​នៃការនាំចេញ រុស្ស៊ី​មាន​ឱនភាពថវិកា​ប្រមាណ​២៨ពាន់លានដុល្លារ។

រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu, ធ្វើទស្សនកិច្ច​នៅ​រោងចក្រ​ផលិតអាវុធ នៅChelyabinsk និងKirov
រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu, ធ្វើទស្សនកិច្ច​នៅ​រោងចក្រ​ផលិតអាវុធ នៅChelyabinsk និងKirov AP
ផ្សាយពាណិជ្ជកម្ម

រុស្ស៊ីបានបង្កើនការចំណាយកងទ័ព​ទ្វេដង​ដើម្បីឆ្លើយតបនឹង​ខ្ទង់ចំណាយ​សម្រាប់សង្រ្គាមនៅអ៊ុយក្រែន ដែលចេះតែកើនឡើងខ្ពស់។ ឯកសារ​របស់រដ្ឋាភិបាល​រុស្ស៊ី ដែលទីភ្នាក់ងារព័ត៌មាន​អង់គ្លេស Reuters បានចុះផ្សាយ កាលពីថ្ងៃសុក្រ បង្ហាញថា រុស្ស៊ីដៅខ្ទង់​ចំណាយជិត ១០០លាន​ដុល្លារ សម្រាប់វិស័យការពារជាតិ នៅ​ឆ្នាំ ២០២៣ ពោល​គឺ​ស្មើនឹង​១ភាគ៣ នៃ​ការចំណាយសាធារណៈសរុប។

រុស្ស៊ីបង្កើន​កញ្ចប់ថវិកាសម្រាប់កងទ័ព បន្ទាប់ពី សង្កេតថា នៅក្នុងរយៈពេលតែ ៦ខែ ដើមឆ្នាំ ២០២៣ ការចំណាយសម្រាប់វិស័យកងទ័ព​បាន​កើនឡើង ១២% ហួស​ការដៅទុក​របស់​រដ្ឋាភិបាល។ ម៉ូស្គូគ្រោង​ការចំណាយប្រមាណ ១៧%​នៃថវិកាជាតិសម្រាប់​វិស័យការពារជាតិ។ ប៉ុន្តែ នៅក្នុងការអនុវត្តជាក់ស្តែង ការចំណាយ​សម្រាប់វិស័យកងទ័ព បាន​កើនឡើង​ដល់ ៥ ៥៩០​ពាន់លាន​រូប្ល លុយរុស្ស៊ី ដែលស្មើនឹង​៣៧%នៃ​ថវិកាជាតិសរុប។ ក្រៅពីការចំណាយ​លើ​គ្រឿង​សព្វាវុធសម្រាប់ធ្វើសង្រ្គាមនៅអ៊ុយក្រែន ឯកសារ​បង្ហាញដែរថា រដ្ឋាភិបាល​បានចំណាយថវិកា​ជិត ១ទ្រីលានរូប្ល ដែលស្មើនឹង​១០ពាន់​លានដុល្លារ សម្រាប់​បើកប្រាក់ខែ​ឲ្យ​កងទ័ព​រុស្ស៊ី នៅក្នុង​រយៈពេល​៦ខែដើមឆ្នាំ២០២៣។

សង្រ្គាមនៅអ៊ុយក្រែន​បានធ្វើ​ឲ្យខ្ទង់ចំណាយកងទ័ព​រុស្ស៊ី​កើនឡើង ប៉ុន្តែ វា​ក៏ជា​ដើមហេតុនៃការរីកចម្រើន​វិស័យ​ឧស្សាហកម្ម​ផលិតសព្វាវុធ​រុស្ស៊ី ដែល​​ជា​តួអង្គសំខាន់​ជំរុញ​សេដ្ឋកិច្ច​រុស្ស៊ី ឲ្យងើបដើរឡើងវិញ ទោះ​ត្រូវ​រួបរឹត​ដោយ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​លោកខាងលិច។

កាលពីខែ​កក្កដា​កន្លងទៅថា ឧបនាយករដ្ឋមន្រ្តី​រុស្ស៊ី​បាននិយាយ​ថា នៅឆ្នាំ ២០២៣ ការផលិតសព្វាវុធ​របស់រុស្ស៊ី បាន​កើនឡើងច្រើន បើធៀបនឹង​ឆ្នាំ ២០២២។ ដោយសារ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ឧស្សាហកម្ម​ស៊ីវិល និង​ការនាំចេញប្រេង​ឧស្ម័ន រួមទាំងការវិនិយោគបរទេស នៅរុស្ស៊ី​បាន​ធ្លាក់ចុះ ដោយ​គំហុក។ ប៉ុន្តែ មន្រ្តី​រុស្ស៊ីវាយតម្លៃថា វិស័យឧស្សាហកម្មកងទ័ពកំពុងក្លាយជាចន្ទល់សំខាន់សម្រាប់​ទ្រទ្រង់សេដ្ឋកិច្ច​រុស្ស៊ី។

ដើម្បីប៉ះប៉ូវខ្ទង់ចំណាយ​សម្រាប់ធ្វើសង្រ្គាមនៅអ៊ុយក្រែន រដ្ឋាភិបាល​របស់​លោកពូទីន​បាន​កាត់ច្រិប ថវិកា​សម្រាប់​វិស័យអប់រំ វិស័យ​សុខាភិបាល និង​វិស័យជាច្រើនទៀត សម្រាប់​បង្វែរផ្តោត​ការចំណាយ​ភាគច្រើន​ទៅលើ​វិស័យកងទ័ព និយាយ​ឲ្យចំ គឺសង្រ្គាមនៅអ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ