អានតួអត្ថបទ

វិស័យ​ដឹកជញ្ជូនផ្លូវសមុទ្ទ ព្រមព្រៀង​​កាត់​បន្ថយ​ឧស្ម័ន​កាបូនិក​ ក្រោមការ​រិះគន់​របស់​អ្នក​បរិស្ថាន

ជំនួប​ប្រជុំ​រៀប​ចំ​ឡើង​ដោយ​​អង្គការនាវាចរណ៍​អន្តរជាតិ ស្តីអំពី​ការ​កាត់​បន្ថយ​ឧស្ម័ន​កាបូនិច បញ្ចេញ​ដោយ​នាវា​ដឹកជញ្ជូន​ទំនិញតាម​ផ្លូវ​សមុទ្ទ ​បាន​បិទ​បញ្ចប់​នៅថ្ងៃ​សុក្រ​ទី ៧ កក្កដា ដោយ​ប្រសូត​ចេញ​នូវ​កិច្ចព្រមព្រៀង​មួយ។ ប៉ុន្តែ​ ​អង្គការ​ការពារ​បរិស្ថានមិន​ពេញ​ចិត្ត​ទេ ព្រោះ​​​កិច្ចព្រម​ព្រៀងនេះ​​​​មាន​មហិច្ឆតា​ទាប​ជាង​ការ​រំពឹង​ទុក​។

វិស័យ​ដឹកជញ្ជូនផ្លូវសមុទ្ទ ព្រមព្រៀង​​កាត់​បន្ថយ​ឧស្ម័ន​កាបូនិក​ ក្រោមក្រសែភ្នែក​រិះគន់​របស់​អ្នក​បរិស្ថាន
វិស័យ​ដឹកជញ្ជូនផ្លូវសមុទ្ទ ព្រមព្រៀង​​កាត់​បន្ថយ​ឧស្ម័ន​កាបូនិក​ ក្រោមក្រសែភ្នែក​រិះគន់​របស់​អ្នក​បរិស្ថាន © SUEZ CANAL AUTHORITY/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍​បញ្ចប់​​ជំនួប​ប្រជុំ ​អង្គការ​នាវាចរណ៍​អន្តរជាតិ បាន​អះអាង​​ថាក្រុមប្រទេស​ជា​សមាជិក​បានអនុម័ត​យុទ្ធសាស្ត្រ​​កាត់​បន្ថយ​ឧស្ម័ន​កាបូនិក​បញ្ចេញ​ដោយ​នាវា​ដឹកជញ្ជូន​តាម​ផ្លូវ​សមុទ្ទ ជា​មួយ​នឹង​​កម្មវត្ថុ​អព្យាក្រិត្យកាបូន​ ​ប្រសើរ​ជាង​មុន។ កិច្ចព្រមព្រៀង​ដែល​ស​ឱ្យ​ឃើញ​ពី​​មហិច្ឆតា​រួម គ្រោង​នឹង​កាត់​បន្ថយ​កា​រ​បញ្ចេញ​ផ្សែង​បំពុល​បរិយាកាស ឱ្យ​បាន​យ៉ាង​ហោច ៤០%​ នៅ​ឆ្នាំ​២០៣០ ជា​មធ្យម បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០០៨ និង​ឱ្យ​បាន​យ៉ាង​ហោច​៧០%​ ឬ​ឡើង​ដល់​៨០%​ផង​ នៅ​ឆ្នាំ​២០៤០ បើ​ប្រៀប​នឹង​ឆ្នាំ​២០០៨​ដដែល។ យុទ្ធសាស្ត្រ​ថ្មី​នៃ​កិច្ចព្រមព្រៀង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ រក្សា​លទ្ធភាព​នៃ​ការ​ឡើង​កម្តៅ​សីតុណ្ហភាព​ភពផែន​ដី​ត្រឹម​១,៥​អង្សា តែ​ជា​ការ​ជំរុញ​វិស័យ​ដឹកជញ្ជូន​តាម​ផ្លូវសមុទ្ទ​ឆ្លង​អន្តរកាល​ថាមពល​​ប្រកប​ដោយ​សមធម៌។

ប៉ុន្តែកម្មវត្ថុ​កំណត់​ក្នុង​​កិច្ចព្រមព្រៀង​​នេះ គ្មាន​តម្លៃ​​ជាការ​​ដាក់​កំហិត​ឱ្យ​សម្រេច​តាម​​ទេ គឺ​គ្រាន់​តែ​ជាការ​ចង្អុល​បង្ហាញ​​​ទិសដៅប៉ុណ្ណោះ។ ហេតុដូច្នេះ​ហើយ​បាន​អង្គការ​អ្នក​បរិស្ថាន​ ខក​ចិត្ត​​ខ្លាំងណាស់​ និង​បាន​រិះគន់​​ថា​កិច្ចព្រមព្រៀង​​នេះ​​ មិនគ្រប់​គ្រាន់​សម្រាប់នាំ​​វិស័យ​ដឹកជញ្ជូន​តាម​ផ្លូវ​សមុទ្ទ​ ឱ្យ​សម្រេច​កម្មវត្ថុ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​ឆ្នាំ​២០១៥​ទេ។ ពិត​ជា​គួរ​ឱ្យ​ព្រួយបារម្ភ​ណាស់ និង​ ជា​កិច្ចព្រមព្រៀង​ដ៏ស្រាល​ជ្រុល​សម្រាប់​វិស័យ​ដែល​សំងំ​​បំពុល​បរិស្ថាន​តាំងពី​យូរ​មក​ហើយ។ នេះ​បើតាមអង្គការ​Ocean Campaigns និង ​Greenpeace។

ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​សម្រាប់​បារាំង​ នេះ​ជា​​ដំណាក់កាល​ដ៏​សំខាន់​មួយនៃ​​ដំណើរ​ឆ្ពោះ​ទៅ​រក​អព្យាក្រិត្យ​កាបូន មុន​នឹង​ឈាន​ដល់​ការ​អនុម័ត​វិធានការ​ដាច់​ខាត​​ត្រូវ​តែ​គោរព​។

សូម​បញ្ជាក់​ថា​ នៅក្នុង​ពេល​​ប្រជុំបច្ចេកទេស នា​ដើម​សប្តាហ៍នេះ​ សហភាពអឺរ៉ុប ទាមទារ​ឱ្យ​កំរិត​កម្មវត្ថុ​អព្យាក្រិត្យភាពកាបូនទាំង​ស្រុង​ (សូន្យ) នៅឆ្នាំ​២០៥០ ដោយឆ្លងកាត់​​​ដំណាក់​កាលពីរ ​គឺ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ឲ្យ​បាន​២៩%ពីនេះដល់ឆ្នាំ​២០៣០ រួច​ពី៨៣%នេះ​​ដល់ឆ្នាំ​២០៤០។ ក្រុមប្រទេសខ្លះទៀត ដូចជា​​សហរដ្ឋអាមេរិក និង​កាណាដា ទាមទារថាត្រូវធ្វើឲ្យ​បានខ្លាំងជាងនេះ គឺ​កាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ឲ្យ​បាន ៩៦%នៅរវាងឆ្នាំ២០៤០។ ចំណែក​អង្គការ​ក្រៅរដ្ឋាភិបាលវិញ បានទាម​ទារ ថាត្រូវតែកាត់បន្ថយ​ ឲ្យ​បាន ចំនួន​៥០% នៅរវាងឆ្នាំ​២០៣០។ កាលពី​ឆ្នាំ​២០១៨ អង្គការ​នាវា​ចរណ៍​អន្តរជាតិ បាន​កំណត់កម្មវត្ថុ​ឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជួន កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​CO2 ឱ្យ​បាន​៥០% នៅ​ឆ្នាំ​២០៥០ បើ​ប្រៀប​នឹង​ឆ្នាំ​២០០៨។ កាលណោះ​ គេ​យល់​ថា​មិន​គ្រប់​គ្រាន់ស្រេច​​ទៅ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ