អានតួអត្ថបទ
បារាំង-កុប្បកម្មយុវជន

បារាំង ៖ កុប្បកម្មហិង្សា​ចាប់​ស្ងប់ ប្រធានាធិបតី​ទទួល​ជួប​ប្រមុខ​​សភា​និង​ចៅហ្វាយក្រុង

បន្ទាប់​ពី​ឆ្លង​កាត់​អំពើ​ហិង្សា និងការ​​បំផ្លិច​បំផ្លាញ​សម្បត្តិ​សាធារណៈ​ អស់​៥យប់​ជាប់​គ្នា និង​​ការ​បើក​ឡាន​បុក​បំផ្លាញ​គេហដ្ឋាន​របស់ចៅហ្វាយក្រុង​ម្នាក់ ពី​សំណាក់ក្រុមកុប្បករ ស្ថានភាព​ទូទៅ​នៅ​ក្នុង​ផ្ទៃ​ប្រទេស​បារាំង ហាក់​បាន​ស្គាល់ភាព​ស្ងប់​ស្ងាត់​ច្រើន នៅ​យប់​ថ្ងៃ​អាទិត្យ​ឆ្លង​មក​ថ្ងៃ​ចន្ទនេះ។ នៅ​វេលាម៉ោង​១២​ថ្ងៃត្រង់ (ម៉ោង​នៅស្រុក​បារាំង) សមាគម​ចៅហ្វាយក្រុង​បារាំង បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មក​ជួប​ជុំ​គ្នា​នៅ​មុខ​សាលាក្រុង និង​​បន្លឺស៊ីរ៉ែន​ ​ដើម្បីបង្ហាញ​​សណ្តាប់​ធ្នាប់​សង្គម។ ចំណែក​ប្រធានាធិបតី​ ម៉ាក្រុង ត្រូវ​ទទួល​ជួប​ប្រធានសភា​និង​ព្រឹទ្ធ​សភា នៅ​ថ្ងៃនេះ មុន​នឹង​​ជួប​​ចៅហ្វាយក្រុងដែល​​រង​កុប្បកម្ម​ហិង្សា​។

ប៉ូលិស​បារាំង​ត្បាត​នៅ​វិមាន​ជ័យ​ជំនះ​ Arc de Triomphe យប់​ថ្ងៃសៅរ៍ទី ១​កក្កដា ២០២៣
ប៉ូលិស​បារាំង​ត្បាត​នៅ​វិមាន​ជ័យ​ជំនះ​ Arc de Triomphe យប់​ថ្ងៃសៅរ៍ទី ១​កក្កដា ២០២៣ © AP / Christophe Ena
ផ្សាយពាណិជ្ជកម្ម

ពុំ​មាន​ការ​ជូន​ដំណឹង​អំពី​ឧប្បត្តិ​ហេតុ​ហិង្សា​ នៅ​យប់​មិញទេ។ នៅក្នុង​​រដ្ឋ​ធានី និងតំបន់​ជាយ​​ក្រុង​ប៉ារីស ប៉ូលិស​បាន​ចាប់​ខ្លួន​មនុស្ស​ប្រមាណ​២០នាក់ និង​សរុប​ទូទាំង​ប្រទេស​៧៨​នាក់​ នៅ​កណ្តាល​អាធ្រាត្រ​យប់​មិញ។ តើនេះ​ជា​លទ្ធផល​នៃ​ការ​អំពាវនាវ​របស់​គ្រួសារយុវជនដែល​រងគ្រោះស្លាប់​ឬ?

កាលពី​រសៀល​ថ្ងៃអាទិត្យ ជីដូន​របស់ណាអែល​ បាន​ចេញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍​សុំ​ឱ្យ​កុប្បករ​បញ្ឈប់​សកម្មភាព​បំផ្លិច​បំផ្លាញ​ហាងទំនិញ សាលារៀន ឡាន​ក្រុង​ និង​បញ្ជាក់​ថា​ទុក​ចិត្ត​លើ​តុលាការ​ក្នុង​ការ​កាត់​ទោស​លើ​ប៉ូលិស​ជា​ខ្មាន់​កាំភ្លើង។ មុន​សំឡេង​របស់​ជីដូន​នេះ ក្រុមកីឡាករ​បាល់​ទាត់​បារាំង នាំ​មុខ​ដោយ​កីឡាករ​ អ៊ឹមម៉ាប៉េ ជាទីពេញ​និយមរបស់​ក្រុម​យុវជន​នោះ ក៏​បាន​ចេញ​សាររំលែកទុក្ខ​​គ្រួសារ​សព យល់​ពី​កំហឹងរបស់​យុវជន​ តែ​មិន​គាំទ្រ​អំពើ​កុប្បកម្ម​ហិង្សា​ បំផ្លិតបំផ្លាញ​ទ្រព្យ​​សាធារណៈ​ឡើយ។

ក្នុង​រយៈ​ពេល​៥​យប់ និង​គិត​រហូត​មកទល់​នឹង ​ថ្ងៃអាទិត្យ​ព្រឹក ក្រសួង​មហាផ្ទៃ​បាន​រាប់​ឃើញ​មានការ​ដុត​បំផ្លាញ​យាន​យន្ត​អស់​៥ពាន់​គ្រឿង​ ធុង​សំរាម១ម៉ឺន​ធុង អគារ​ស្នាក់នៅ​ជិត​១០០០ខ្នង​ត្រូវ​ឆេះ​ឬ​រង​ការ​ខូតខាត មាន​ការ​វាយប្រហារ​លើ​ស្នងការ​ប៉ូលិស ឬ​ទីស្នាក់ការ​នគរបាលចំនួន​២៥០កន្លែង ​កងកម្លាំង​មាន​សមត្ថកិច្ច​ជាង​៧រយ​នាក់​រង​របួស និង​ការ​ចាប់​ខ្លួន​ក្មេង​អាយុជា​មធ្យម​១៧​ឆ្នាំចំនួន​ ៣២០០នាក់។

ប្រឈម​នឹង​​បរិបទដ៏​​ហិង្សា និង​តាន​តឹង​នេះ ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាន​ប្តេជ្ញា​រក​ដំណោះស្រាយ​នយោបាយ និង​សន្យា​ពិចារណា​ឱ្យ​បាន​ល្អិន​ល្អន់ ជីក​រក​ឬសគល់​​ដើម​ដែល​នាំ​ឱ្យ​មាន​ការ​ផ្ទុះ​កុប្បកម្មឡើង​នៅទូទាំង​ប្រទេស។ តែ​ជា​បឋម​ លោកម៉ាក្រុង ត្រូវ​ទទួល​ជួប​ប្រធានសភា​និង​ព្រឹទ្ធសភា នៅ​ថ្ងៃចន្ទ​នេះ ក្នុង​ពេល​ដែល​នាយករដ្ឋមន្ត្រី​ត្រូវ​ជួប​ពិភាក្សា​ជា​ប្រធាន​ក្រុម​សមាជិកសភា។ បន្ទាប់​មក លោក​ម៉ាក្រុង ក៏​នឹង​ទទួល​ជួប​ ចៅហ្វាយក្រុង​​ជាង ២២០​ក្រុង ដែល​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​អំពើ​ហិង្សា​​ តាំងពី​ថ្ងៃ​អង្គារ​មក ដើម្បី​សម្តែង​សាមគ្គី​ ក្រោយ​ពី​មាន​ហេតុការណ៍​ចៅហ្វាយក្រុង​​ម្នាក់​ត្រូវ​កុប្បករ​បើក​ឡាន​បុក​បំផ្លាញ​គេហដ្ឋាន របួស​ដល់​កូនប្រពន្ធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ