អានតួអត្ថបទ
បារាំង-ឧស្សាហកម្ម

បារាំងបើកសម្ពោធរោងចក្រផលិត​អាគុយអគ្គិសនីដ៏ធំ និងដំបូង​បំផុត​របស់​ខ្លួន

រោងចក្រផលិត​អាគុយ សម្រាប់ប្រើ​ក្នុងរងរថយន្តអគ្គិសនី ដ៏ធំនិង​ដំបូងបំផុតមួយ ត្រូវបាន​បើក​សម្ពោធនៅភាគខាងជើងប្រទេសបារាំង កាលពីថ្ងៃអង្គារ ទី​៣០ឧសភា។ រោងចក្រដ៏ធំ ដែលត្រូវបាន​​ផ្តួចផ្តើម​ឡើង ដោយ​ក្រុមហ៊ុនអឺរ៉ុបធំៗចំនួន​៣នេះ គឺជាការបោះជំហាន ក្នុងការ​ពង្រឹងវិស័យឧស្សាហកម្ម​បៃតងរបស់អឺរ៉ុប​ ដើម្បីងាកចេញពី​ការពឹងផ្អែកខ្លាំងជ្រុលទៅលើចិន ដែល​បច្ចុប្បន្ន​ ​គឺជាអ្នក​ផលិត​អាគុយអគ្គិសនី ​ធំជាងគេបង្អស់​នៃពិភពលោក​។

លោករដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចបារាំង (ឆ្វេង) Bruno Le Maire និងលោក Yann Vincent (ស្តាំ) CEO នៃក្រុមហ៊ុន​ ACC ក្នុងឱកាស​បើកសម្ពោធ​រោងចក្រផលិតអាគុយអគ្គិសនី gigafactory of Automotive Cells Company (ACC) នៅឃុំ Billy-Berclau-Douvrin ភាគខាងជើងបារាំង ថ្ងៃទី ៣០ ឧសភា ២០២៣
លោករដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចបារាំង (ឆ្វេង) Bruno Le Maire និងលោក Yann Vincent (ស្តាំ) CEO នៃក្រុមហ៊ុន​ ACC ក្នុងឱកាស​បើកសម្ពោធ​រោងចក្រផលិតអាគុយអគ្គិសនី gigafactory of Automotive Cells Company (ACC) នៅឃុំ Billy-Berclau-Douvrin ភាគខាងជើងបារាំង ថ្ងៃទី ៣០ ឧសភា ២០២៣ REUTERS - PASCAL ROSSIGNOL
ផ្សាយពាណិជ្ជកម្ម

Automative Cells Company (ACC) គឺជាក្រុមហ៊ុន​ផលិតអាគុយអគ្គិសនី ដ៏ធំបំផុតនៅអឺរ៉ុប ដែលត្រូវបាន​ចូលហ៊ុន​គ្នាបង្កើត ដោយ​ក្រុមហ៊ុន​ផលិតរថយន្តបារាំង Stellantis ក្រុមហ៊ុន​ផលិត​រថយន្តអាល្លឺម៉ង់ Mercedes និង ក្រុមហ៊ុន TotalEnergies។ រោងចក្រផលិត​ដ៏ធំ បណ្តោយ៦៤០ម៉ែត្រ និងទទឹង១០០ម៉ែត្រនេះ​ ស្ថិតនៅតំបន់ Pas de Calais ភាគខាងជើងប្រទេសបារាំង គឺជាគម្រោងដែលមានតម្លៃទឹកប្រាក់ចំនួន ៧ពាន់លានអឺរ៉ូ​ ក្នុងនោះរដ្ឋបារាំងបានជួយចូលរួម ចំនួន១២០០លានអឺរ៉ូ។​

ថ្លែងនៅក្នុងកម្មវិធីសម្ពោធរោងចក្រ លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង បាន​លើកឡើងថា នេះជាលើកទី១ហើយ ដែល​អឺរ៉ុប ​បាន​​រួម​គ្នាបង្កើត​ក្រុមហ៊ុនឧស្សាហកម្មដ៏ធំ និងឈានមុខគេ បើរាប់ចាប់ពីក្រុមហ៊ុន Airbus មក។ លោកបន្ត​ថា នៅក្នុងវិស័យឧស្សាហកម្ម អឺរ៉ុបត្រូវតែបង្ហាញសាច់ដុំ ខណៈដែល​ចិនឯណោះ មិន​អនុគ្រោះ ឬធ្វើអំណោយ​ឲ្យ​អឺរ៉ុបទេ​។ ដោយឡែក លោករដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា និងដឹកជញ្ជូន​អាល្លឺម៉ង់ ដែលមានវត្តមានចូលរួមដែរនោះ​ បានបញ្ជាក់ថា រោងចក្រ​ផលិត​អាគុយអគ្គិសនីដ៏ធំ នៅភាគខាងជើងបារាំងនេះ គឺជាជំហានទីមួយនៃគម្រោង ដែល​ជំហានបន្ទាប់ គឺនឹងមានរោងចក្រដូចគ្នានេះ ​១នៅអាល្លឺម៉ង់ និង១ទៀតនៅអ៊ីតាលី។​

លោក Patrick Pouyanné អគ្គនាយកក្រុមហ៊ុន TotalEnergies បានអះអាងថា អាគុយអគ្គិសនីដែលនឹងផលិត​ដោយ​រោងចក្ររបស់ Automative Cells Company នឹងបញ្ចេញឧស្ម័នកាបូនិក តិចជាង​អាគុយអគ្គិសនី​​ដែល​​​ផលិត​នៅចិន ចំនួន​៤០%។ រោងចក្រនេះ នឹងចាប់ផ្តើ​មដំណើរការនៅរដូវ​ក្តៅឆ្នាំនេះ ហើយ​ផលិត​ផលនឹងត្រូវ​ដាក់លក់​លើទីផ្សារ នៅរវាងដំណាច់ឆ្នាំ​២០២៣។

គួរកត់សំគាល់ថា វិស័យ​ឧស្សាហកម្ម​ផលិតរថយន្ត​នៅ​អឺរ៉ុប កំពុងតែប្រឹងប្រែងពង្រឹងសមត្ថភាពបច្ចេកវិទ្យា និងគ្រឿងផ្សំទាំងអស់ ឈានទៅផលិត​រថយន្តអគ្គិសនី​ឲ្យ​បានក្នុងទំហំច្រើនបំផុត និងដោយ​មិនពឹងផ្អែកខ្លាំងពេក ទៅលើ​អាគុយអគ្គិសនីផលិតនៅចិន។ រដ្ឋាភិបាលបារាំងប្រកាសថានឹងផលិត​រថយន្តអគ្គិសនីឲ្យ​បានចំនួន​ ២លានគ្រឿងក្នុងមួយឆ្នាំ ពីនេះដល់ឆ្នាំ​២០៣០។

គួរបញ្ជាក់ថា ក្នុងវិស័យ​ផលិតអាគុយអគ្គិសនី គឺចិនបានដើរឈានទៅមុខមុនអឺរ៉ុប ចន្លោះ១០ទៅ២០មុនរួចទៅហើយ។ តែយ៉ាងណាប្រទេសអឺរ៉ុប ដូចជាបារាំងនិងអាល្លឺម៉ង់ មានមហិច្ឆតា និងសមត្ថភាពបច្ចេកទេស ដែលអាចតាមទាន់ចិន។ រោងចក្រ​របស់​ក្រុមហ៊ុន ACCនេះ គឺជា​ក្រុមហ៊ុនដំបូងគេនៅអឺរ៉ុបហើយ។ នៅថ្ងៃអនាគត នឹងមាន​រោងចក្រផលិតអាគុយអគ្គិសនី​ ៣ផ្សេងទៀត ដែលគេគ្រោង​ស្ថាបនា នៅតំបន់ភាគខាងជើងប្រទេសបារាំងដែរ ក្នុងនោះមានដូចជាក្រុមហ៊ុនជប៉ុន AESC-Envision ដែល​នឹងចាប់ដំណើរការ នៅ​ដើម​ឆ្នាំ​២០២៥​ នឹង​ក្រុមហ៊ុនតៃវ៉ាន់ Proligium ដែនគ្រោង​​ចាប់​ផ្តើមសង្វាក់​ផលិតកម្ម ចាប់ពីចុងឆ្នាំ​២០២៦ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ