អានតួអត្ថបទ
បារាំង-លំនៅដ្ឋាន

ស្លាប់​យ៉ាងហោច​ពីរនាក់ ក្នុ​ងហេតុការណ៍​រលំ​លំនៅដ្ឋាន​នៅភាគ​ខាង​ត្បូង​បារាំង

ជាង​៣០ម៉ោង​ក្រោយ​ហេតុការណ៍​ដួល​រលំអាគារ​លំនៅដ្ឋាន​ កណ្តាល​ទី​ប្រជុំ​ខេត្ត​មក ក្រុមអ្នក​សង្គោះ ជាងមួយរយនាក់ កំពុង​ប្រញឹក​កាយ​គាស់​កម្ទេច​ថ្ម ដោយ​មាន​ជំនួយ​ពី​សត្វឆ្កែ ក្រែង​អាចរក​ឃើញ​អ្នក​រួច​ពី​ស្លាប់​ផ្សេង​ទៀត។ ប្រតិបត្តិការ​សង្គ្រោះ លំបាក​និង​ស្មុគស្មាញ​ខ្លាំង តែ​អភិបាល​ក្រុង​ម៉ាសី បាន​អះអាង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដរាបណា​ក្តី​​សង្ឃឹមនៅមាន ប្រតិបត្តិការ​ជួយ​​​ជីវិត​​ត្រូវ​តែ​បន្ត​ និង​ជា​ច្រើន​ថ្ងៃ​ទៀត។

ក្រុម​សង្គ្រោះ​កំពុង​ព្យាយាម​ពន្លត់​អគ្គិភ័យ​ក្រោយ​ពី​ផ្ទះ​ផ្ទុះ​​រលំ
ក្រុម​សង្គ្រោះ​កំពុង​ព្យាយាម​ពន្លត់​អគ្គិភ័យ​ក្រោយ​ពី​ផ្ទះ​ផ្ទុះ​​រលំ AFP - CLEMENT MAHOUDEAU
ផ្សាយពាណិជ្ជកម្ម

នៅយប់​ថ្ងៃ​អាទិត្យ​ឆ្លង​មក​ថ្ងៃ​ចន្ទនេះ ក្រុម​អ្នក​សង្គ្រោះ​បាន​កាយ​រក​ឃើញ​សាកសព​មនុស្ស​ពីរ​នាក់។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ខ្លីរបស់​ស្ថាប័ន​សង្គ្រោះ ដោយ​លម្អិត​ថា ប្រតិបត្តិការ​រុក​រក​ជន​បាត់​ខ្លួន​ដែល​បើ​តាម​រដ្ឋអាជ្ញា​មាន​ចំនួន​៨នាក់ នឹង​បន្ត​ធ្វើ​​យ៉ាង​ប្រញឹក តែ​អាច​ប្រើ​ពេល​បន្តិច ព្រោះ​ស្ថានភាព​នៅ​ស្មុគស្មាញ​និង​គ្រោះ​ថ្នាក់​ខ្លាំង​។ សូម្បី​តែ​មន្ត្រីពាក់​ព័ន្ធ​នៃ​ក្រសួង​យុត្តិធម៌ ក៏​មិន​ទាន់​អាច​ចូល​ត្រួតពិនិត្យ​កន្លែង​កើត​ដោយ​ផ្ទាល់​បាន​ផង គិត​ត្រឹម​រសៀល​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

ឧប្បត្តិហេតុ​បាន​កើត​ឡើង​ ជា​ដំបូង ដោយ​មាន​ស្នូរ​ផ្ទុះលាន់​ចេញ​ពី​ផ្ទះ​មួយនៃ​​​អគារ​លំនៅដ្ឋាន​ដែល​មានបួន​ជាន់នោះ​​ ប៉ើង​​បែកខ្ទេច។​ អគារពីរ​ជាប់សងខាង​នោះ ​រង​ការ​ខូច​ខាត​យ៉ាង​ខ្លាំង ដែល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក មាន​មួយ​បាន​ដួល​រំលំ​តាម​ក្រោយ ប៉ុន្តែជា​សំណាង​ល្អ ​អ្នក​ស្នាក់​នៅ​បាន​រត់​ចេញ​មក​ក្រៅ ​ និង​ខ្លះ​ត្រូវ​បាន​ក្រុម​អ្នក​សង្គ្រោះ​ជួយ​ជម្លៀស​ចេញ ទាន់​ពេល​វេលា។ ចំណែក​អគារ​មួយ​ទៀត​ ក៏​កំពុង​រក​រលំដែរ។

ជា​សរុប​មាន​មនុស្ស​ជិត​ពីររយ​នាក់ ត្រូវ​ជា​ជា​ច្រើន​គ្រួសារ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​លំនៅដ្ឋាន​ជាង​៣០​ដែល​នៅ​ជុំ​វិញ​អគារ​ផ្ទុះ​រលំនោះ។

គេ​នៅ​ពុំ​ទាន់​ដឹង​អំពី​មូលហេតុ​នៃ​ការ​ផ្ទុះឆេះ​ផ្ទះ​នេះ​ទេ។ ការ​អង្កេត​ទើប​ចាប់​ផ្តើម តែ​បើ​តាម​អាជ្ញាធរ​ គេ​សង្ស័យ​ថា​ហ្កាស​ជា​ដើម​ហេតុ​មួយ​ ព្រោះបើ​តាម​អ្នក​រស់​នៅ​ជិត​នោះ ​ក្លិន​ហ្កាស​នៅ​សាយភាយ​ខ្លាំង​មិន​បាត់​ផង​មក​ទល់​នឹង​ព្រឹក​មិញ​នេះ។

ដំណឹង​ស្តី​អំពី​ការផ្ទុះ​​ដួល​រំលំ​លំនៅដ្ឋានថ្ងៃអាទិត្យ បាន​ដាស់​សតិ​អារម្មណ៍​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ម៉ាសី ភាគ​ខាង​ត្បូង​ប្រទេស​បារាំង​នេះ នឹក​ឃើញ​ហេតុការណ៍​បាក់​រលំ​លំនៅដ្ឋាន​ពីរ​កន្លែង​ កាលពី​ឆ្នាំ​២០១៨ ដែល​ជា​លំនៅដ្ឋានកណ្តាល​ក្រុង​តែ​​រខេករខាក​ គ្មាន​សុវត្ថិភាព។  កាលណោះ​មាន​​មនុស្ស​៨នាក់​បាន​បាត់​បង់​ជីវិត។ ចំណែក​គ្រោះថ្នាក់​​លើក​នេះ មាន​​ស្ថានភាព​​ខុស​គ្នា​ស្រលះ ផ្ទះ​រលំ​នោះ​ជា​សំណង់លំនៅដ្ឋាន​មាំទាំមាន​ការ​ថែទាំ​ត្រឹម​ត្រូវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ