អានតួអត្ថបទ
សហរដ្ឋអាមេរិក-រុស្ស៊ី-ចារកម្ម

រុស្ស៊ីចាប់ឃុំខ្លួនអ្នកកាសែតអាមេរិកក្នុងបទចោទប្រកាន់លួចស៊ើបការណ៍សម្ងាត់

ទីភ្នាក់ងារសន្តិសុខ​រុស្ស៊ី​បានប្រកាសនៅថ្ងៃ​ព្រហស្បតិ៍ទី ៣០​មីនា ថា គេ​បាន​ចាប់ខ្លួន​អ្នកកាសែត​អាមេរិកាំងម្នាក់ គឺ លោក Evan Gershkovich ដែល​យកព័ត៌មាន​ក្នុងទឹកដីរុស្ស៊ី សម្រាប់​កាសែត Wall Street Journal។ នៅ​ប៉ុន្មាន​ម៉ោងក្រោយការប្រកាស​របស់​ទីភ្នាក់ងារ​សន្តិសុខរុស្ស៊ី តុលាការ​ក្នុងក្រុង​ម៉ូស្គូ​បាន​ប្រកាស​ដាក់ឃុំបណ្តោះអាសន្ន អ្នកកាសែត​អាមេរិកាំង។ គិតចាប់តាំង​ពី​សម័យ​សង្រ្គាមត្រជាក់ នេះ​ជាលើកទី១ ដែល​រុស្ស៊ី​ចាប់អ្នកកាសែតអាមេរិកាំង ក្នុង​បទចោទ​ប្រកាន់​ធ្វើចារកម្ម។

លោក​ Evan Gershkovich ជាអ្នកកាសែតអាមេរិកាំង បម្រើការ​ឲ្យ​កាសែត​ THE WALL STREET JOURNAL ប្រចាំ​នៅទីក្រុង​ម៉ូស្គូ។
លោក​ Evan Gershkovich ជាអ្នកកាសែតអាមេរិកាំង បម្រើការ​ឲ្យ​កាសែត​ THE WALL STREET JOURNAL ប្រចាំ​នៅទីក្រុង​ម៉ូស្គូ។ © via REUTERS - THE WALL STREET JOURNAL
ផ្សាយពាណិជ្ជកម្ម

លោក​Evan Gershkovich ជាអ្នកកាសែតអាមេរិកាំង​ដំបូងគេ នៅក្នុងប្រវត្តិសម័យទំនើប ដែលត្រូវ​អាជ្ញាធរ​រុស្ស៊ី ចាប់ខ្លួន​ក្នុងបទចោទប្រកាន់​លួចធ្វើ​ចារកម្ម។ នៅថ្ងៃ​ព្រហស្បតិ៍ តុលាការ​រុស្ស៊ី Lefortovo ក្នុងទីក្រុង​ម៉ូស្គូ បានចេញសម្រេចឃុំ​អ្នកកាសែត​អាមេរិក លោក​Evan Gershkovich រយៈពេល ២ខែ ពីថ្ងៃ​ចាប់ខ្លួន រហូត​ថ្ងៃទី ២៩មិថុនា។ តាម​សេចក្តីប្រកាស​របស់​តុលាការ រយៈពេល​ឃុំខ្លួន​អ្នកកាសែត​អាមេរិកាំង​អាច​ត្រូវពន្យារពេល ក្នុងពេល​រង់ចាំ​ការបើកសវនាការជំនុំជម្រះ។ តាម​ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Tass គឺ​ទីភ្នាក់ងារ​សន្តិសុខ ឬ​ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់រុស្ស៊ីFSB​ដែល​បាន​ស្នើ​ឲ្យ​តុលាការ​រុស្ស៊ី​ចេញដីការ​ចាប់ដាក់ឃុំបណ្តោះអាសន្ន​អ្នកកាសែត​អាមេរិក។

មាន​អាយុ ៣១​ឆ្នាំ លោក​​Evan Gershkovich​ជាអ្នកយកព័ត៌មាន​របស់​កាសែត​អាមេរិក Wall Street Journal ប្រចាំទីក្រុង​ម៉ូស្គូ។ នៅក្រោយ​ការប្រកាស​របស់​អាជ្ញាធរ​រុស្ស៊ី កាសែត​Wall Street Journal ចេញ​សេចក្តីថ្លែងការណ៍​សំដែងការព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់អ្នកកាសែត​ខ្លួន និងបានទាត់ចោល​ការលើកឡើង​របស់ភ្នាក់ងារសន្តិសុខរុស្ស៊ី ដែលថា លោក​​Evan Gershkovichត្រូវ​ចាប់ខ្លួន ក្នុងបទសង្ស័យ លួចយកការណ៍សម្ងាត់​ឲ្យ​រដ្ឋាភិបាលអាមេរិក។

តាម​ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Tass ដែលបាន​ដកស្រង់ទីភ្នាក់ងារចារកម្ម​រុស្ស៊ី អ្នកកាសែត​អាមេរិក លោកEvan Gershkovichត្រូវ​អាជ្ញាធរ​រុស្ស៊ី​ចាប់ខ្លួន នៅក្នុងពេល​កំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង នៅទីក្រុង​Yekaterinburg ដែលមាន​ចម្ងាយ​១៨០០គីឡូម៉ែត្រ​ពីម៉ូស្គូ។ តាម​ទីភ្នាក់ងារសន្តិសុខរុស្ស៊ី អ្នកកាសែត​អាមេរិកាំង​បាន​លួច​ប្រមូល​យក​ព័ត៌មាន​សម្ងាត់ នៅ​រោងចក្រ​ឧស្សាហកម្ម​យោធា នៅទីនោះ។ ក្នុងករណី តុលាការ​រកឃើញភស្តុតាង​ដូចការចោទប្រកាន់ អ្នកកាសែតអាមេរិក​អាច​ប្រឈមនឹងការដាក់ទោសជាប់ពន្ធនាគារ ពី ១០ ទៅ ២០ឆ្នាំ។

អង្គការអ្នកកាសែតគ្មានព្រំដែន ​ Reporter Sans Frontière បានអះអាងថា អង្គការ​បាន​ទទួល​ដំណឹងថា នៅមុន​ចាប់ខ្លួន អ្នកកាសែតរបស់​Wall Street Journal លោក​Evan Gershkovich​កំពុង​ធ្វើព័ត៌មាន​ស៊ើបអង្កេត​ស្តីពី​ក្រុមហ៊ុន​ទាហានស៊ីឈ្នួលរុស្ស៊ី វ៉ាក់ណែរ ដែលដើរតួនាទីសំខាន់ នៅក្នុង​សង្រ្គាមរុស្ស៊ី ឈ្លានពានអ៊ុយក្រែន។

តាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី អ្នកកាសែត​អាមេរិក​នៅតែ​អះអាងថា ខ្លួន​ស្អាតស្អំ មិនបានធ្វើដូចការចោទប្រកាន់។ និយាយ​ភាសារុស្ស៊ីយ៉ាងស្ទាត់ជំនាញ អ្នកកាសែតអាមេរិកាំង​ដើមកំណើតរុស្ស៊ី បាន​ផ្លាស់ទៅ​រស់នៅ​អាមេរិកជាមួយឪពុកម្តាយ តាំងពីតូច។ នៅមុន​ចូលធ្វើការ​យកព័ត៌មាន​ឲ្យ​ កាសែត Wall Street Journal នៅ​ឆ្នាំ ២០២២ លោក​Evan Gershkovich ធ្លាប់​ជាអ្នកកាសែតឆ្លើយឆ្លង​របស់​ទីភ្នាក់ងារព័ត៌មាន​បារាំង​AFP និង​ធ្វើការ​ឲ្យ​កាសែត Russia News នៅទីក្រុង​ម៉ូស្គូ។

អង្គការ​ Reporter Sans Frontière​ដែលមានទីស្នាក់ការ​នៅទីក្រុង​ប៉ារីស កំពុង​ព្រួយបារម្ភ​ខ្លាចថា អ្នកកាសែត​ត្រូវចាប់ខ្លួន យកធ្វើថ្នូរ នៅ​ក្នុងការប្រឈម​មុខដាក់គ្នា​រវាង​រុស្ស៊ី និងប្រទេស​លោកខាងលិច។ នៅក្រោយ​ការចាប់ខ្លួនអ្នកកាសែតអាមេរិក អ្នកនាំពាក្យរបស់ក្រេមឡាំង លោក​ឌីមីទ្រី ប៉េស្កូវ បាន​ព្រមាន​រួចជាស្រេច ភាគី​អាមេរិក​កុំ​ឲ្យ​សងសឹក​ចាប់ខ្លួន​អ្នកកាសែត​រុស្ស៊ី ដែលកំពុងធ្វើការ​នៅទឹកដីអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ