អ្នកជំនាញ៖សន្ធិសញ្ញាអន្តរជាតិដើម្បីការពារប្រព័ន្ធជីវចម្រុះសមុទ្រជាកិច្ចព្រមព្រៀងប្រវត្តិសាស្រ្ត
នៅយប់ថ្ងៃសៅរ៍ ទី៤ មីនា ប្រទេសជាង ១០០នៃសមាជិករបស់អង្គការសហប្រជាជាតិបានព្រមព្រៀងគ្នាលើសន្ធិសញ្ញាអន្តរជាតិមួយដ៏សំខាន់ដើម្បីការពារប្រព័ន្ធជីវចម្រុះសមុទ្ររបស់ភពផែនដីយើង។ សន្ធិសញ្ញាអន្តរជាតិនេះត្រូវបានគេឲ្យឈ្មោះពេញថា « សន្ធិសញ្ញាដើម្បីការអភិរក្ស និងការប្រើប្រាស់ប្រកបដោយចីរភាពនូវប្រព័ន្ធជីវចម្រុះក្នុងលំហសមុទ្រដែលមិនស្ថិតក្នុងដែនអធិបតេយ្យរបស់ប្រទេសណាមួយ »។ គួរបញ្ជាក់ថា ទំរាំទទួលបាននូវសន្ធិសញ្ញាមួយនេះ គេបានចំណាយពេលអស់ ១៥ឆ្នាំដើម្បីជជែកពិភាក្សាគ្នា។ សន្ធិសញ្ញាអន្តរជាតិដែលទើបទទួលបានពេលនេះត្រូវបានរដ្ឋាភិបាល និងសមាគមអ្នកការពារបរិស្ថានជាច្រើនចាត់ទុកជាកិច្ចព្រមព្រៀងប្រវត្តិសាស្រ្ត។ ហេតុអ្វីបានជាគេចាត់ទុកជាកិច្ចព្រមព្រៀងប្រវត្តិសាស្រ្ត?។ យើងស្តាប់ការពន្យល់របស់លោកយុយលីយាង រ៉ូសេត នាយកកម្មវិធីមហាសមុទ្រនៃវិទ្យាស្ថានអភិវឌ្ឍន៍និរន្តរភាព និងទំនាក់ទំនងអន្តរជាតិ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥០
« សម្រាប់ខ្ញុំ វាជាកិច្ចព្រមព្រៀងប្រវត្តិសាស្រ្ត។ ជាកិច្ចព្រមព្រៀងប្រវត្តិសាស្រ្តព្រោះទី១ វាជាប់ពាក់ព័ន្ធនឹងភពផែនដីចំនួនពាក់កណ្តាល។ គេមិនត្រូវភ្លេចទេថា មានមនុស្សតិចណាស់ដែលបានស្គាល់ដែនលំហក្នុងសមុទ្រដែលជាផ្នែកមួយដែលគេមិនអាចឃើញផ្ទាល់ភ្នែកដូចនៅលើដីទេ។ ដែនលំហក្នុងសមុទ្រមានបង្កប់ដោយប្រព័ន្ធជីវចម្រុះពិសេស និងសម្បូរបែបដែលគេត្រូវតែនាំគ្នាជួយថែរក្សា និងការពារ។
ជាកិច្ចព្រមព្រៀងប្រវត្តិសាស្រ្តព្រោះទី២ ការចរចាបានចាប់ផ្តើមតាំងពីច្រើនឆ្នាំ ពោលមានរយៈពេល ២០ឆ្នាំមកហើយដែលគេបានផ្តើមចរចាស្វែងរកកិច្ចព្រមព្រៀងមួយ។ ដូច្នេះវាល្មមដល់ពេលដែលគេត្រូវសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងមួយ។ ជាកិច្ចព្រមព្រៀងប្រវត្តិសាស្រ្តព្រោះទី៣ និងប្រហែលជាចំណុចចុងក្រោយ នៅក្នុងបរិបទភូមិសាស្រ្តនយោបាយតានតឹងដែលគេស្គាល់សព្វថ្ងៃ គេត្រូវជំនះឲ្យបាននូវច្បាប់ដើម្បីកំណត់លើការគ្រប់គ្រងរួមនៃលំហសមុទ្រដែលសហគមន៍អន្តរជាតិកំពុងចែកគ្នា។
ឥឡូវនេះ សន្ធិសញ្ញាអន្តរជាតិមួយបានរកឃើញហើយ និងដែលគេត្រូវនាំគ្នាសាទរ។ តែការងារលំបាកចាប់ផ្តើមពីពេលនេះទៅ។ ការងារលំបាកនោះ គឺការផ្តើមអនុវត្តលើសន្ធិសញ្ញាអន្តរជាតិនោះ។ សំខាន់ជាងគេ គឺការស្វែងរកឲ្យបាននូវលក្ខខណ្ឌដែលអនុញ្ញាតឲ្យមានការឃ្លាំមើល និងការគ្រប់គ្រងឲ្យបានល្អនូវប្រព័ន្ធជីវចម្រុះសមុទ្រ។ ដូច្នេះ គេឈានចូលក្នុងដំណាក់ការថ្មីដែលជាដំណាក់ការនៃការអនុវត្តន៍ជាក់ស្តែង »៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ