អានតួអត្ថបទ
អឺរ៉ុប-ឧស្សាហកម្ម

អឺរ៉ុប​បើក​ជំនួបកំពូល​ដើម្បី​ពង្រឹង​ឧស្សាហកម្ម​ដែលជួប​​បញ្ហា​ដោយសារ​​សង្គ្រាម​អ៊ុយក្រែន

ជំនួប​កំពូលអឺរ៉ុប​ដែលប្រជុំ​ដោយ​មេដឹកនាំ​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​ទាំង​២៧ ត្រូវ​ចាប់​បើកនៅថ្ងៃព្រហស្បតិ៍​ទី ១៥​ធ្នូ​នេះ នៅទីក្រុង​ព្រុចសែល​ មានកម្មវត្ថុ​ចម្បង​​គឺ​ពង្រឹង​វិស័យ​ឧស្សាហកម្ម​។ អឺរ៉ុប​ត្រូវ​​សាកល្បង​ស្វែង​ដំណោះស្រាយ​រួម​មួយ​ សម្រាប់​​ជួយ​វិស័យ​ឧស្សាហកម្ម​ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​ថាមពល​បង្ក​ឡើង​ដោយ​សង្គ្រាម​នៅអ៊ុយក្រែនផង និង​ភាព​ប្រកួត​ប្រជែង​ខ្លាំង​របស់​អាមេរិក​ផង។

អឺរ៉ុប​បើក​ជំនួបកំពូល​ដើម្បី​ពង្រឹង​ឧស្សាហកម្ម​ដែលជួប​​បញ្ហា​ដោយសារ​​សង្គ្រាម​អ៊ុយក្រែន​
អឺរ៉ុប​បើក​ជំនួបកំពូល​ដើម្បី​ពង្រឹង​ឧស្សាហកម្ម​ដែលជួប​​បញ្ហា​ដោយសារ​​សង្គ្រាម​អ៊ុយក្រែន​ AP - Olivier Matthys
ផ្សាយពាណិជ្ជកម្ម

លែង​មាន​ហើយ​គំរូ​សេដ្ឋកិច្ច​រំពឹង​លើ​តម្លៃ​ថាមពល​ថោក​នាំមក​ពី​រុស្ស៊ី ! នេះជា​ប្រសាសន៍ របស់​លោក​ស្រី​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ អួរស៊ូឡា វ៉ុនឌែរ ឡេយែន ដោយ​លើក​ឡើង​ថា​ តាំង​ពី​បើក​ប្រតិបត្តិការ​ចូល​ឈ្លានពាន​អ៊ុយក្រែន​នៅ​ខែ​កុម្ភៈ​ដើម​ឆ្នាំ​មក រុស្ស៊ី​បាន​កាត់​បន្ថយ​ការ​នាំ​ចេញ​ឧស្ម័ន​មក​អឺរ៉ុប​អស់​៨០%។ ថ្វីបើ​ពេល​នេះ​អឺរ៉ុប​មិនខ្វះ​ហ្កាសប្រើមែន ព្រោះ​មាន​ការ​នាំចូល​ឧស្ម័ន​ធម្មជាតិ​ពង្រាវ​មក​បង្គ្រប់​ តែ​តម្លៃឧស្ម័ន​បាន​ឡើង​កប់​ពពក ជា​ហេតុ​ធ្វើ​ឱ្យ​វិស័យ​ឧស្សាហកម្ម​អឺរ៉ុប​រង​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ។ នេះ​ជា​បញ្ហា​មួយ។ បញ្ហា​មួយ​​ទៀត បើ​តាម​លោក​ស្រី វ៉ុនឌែរ ឡេយែន ​ដដែល ផែនការ​អាមេរិក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួលអាកាសធាតុតម្លៃ​៣៧០​ពាន់​លាន​ដុល្លារ​អនុម័ត​កាលពី​រដូវក្តៅ​មុន​ មាន​បង្កប់​នូវ​ជំនួយ​ពិសេស​ដល់​ឧស្សាហកម្ម​អាមេរិក។ ជា​ផែនការ​បែប​ការពារ​​​ផលប្រយោជន៍​និយម​ ដែល​អាច​មាន​ប្រៀប​ខ្លាំង និង​ដែលធ្វើ​ឱ្យ​មាន​ការ​​​​ប្រកួត​ប្រជែងមិន​ត្រឹម​ត្រូវ​ជាមួយ​នឹង​ឧស្សាហកម្ម​អឺរ៉ុប។

ដូច្នេះ​​អឺរ៉ុប ដាច់​ខាត​ត្រូវ​តែ​គិត​ឡើង​វិញ រក​វិធី​ពង្រឹង​ឧស្សាហកម្ម​របស់​ខ្លួន។​ នេះ​​ហើយ​ជា​កម្មវត្ថុ​ដែល​ប្រមុខ​រដ្ឋ-រដ្ឋាភិបាល​សហភាពអឺរ៉ុប​ទាំង​២៧​ត្រូវ​ជួបពិភាក្សាគ្នា។ អឺរ៉ុប​ត្រូវ​បញ្ចុះ​បញ្ចូលអាមេរិក​ ឱ្យ​គិត​ដល់​សម្ព័ន្ធមិត្ត ដោយ​ត្រូវ​ធ្វើ​ការ​ជាមួយ​គ្នា​កាន់​តែ​ស្អិត​ល្មួត​ជាង​មុន។ តែ​អឺរ៉ុប​ខ្លួន​ឯង​ត្រូវរួម​គ្នា​ជា​ធ្លុងមួយ​ កុំ​ប្រេះឆា​គ្នា។ ​​​ក្នុង​ពេល​រង់ចាំសម្បទាន​អាមេរិក លោកស្រី​វ៉ុនឌែរ ឡេយែន បាន​អំពាវនាវ​ឱ្យ​អឺរ៉ុប​រៀប​ចំ​ផែនការ​ខ្លួន​ឯង ដោយ​រដ្ឋ​ព្រម​ផ្តល់​ជំនួយ​ដល់​ក្រុមហ៊ុន​ សម្រាប់​រយៈ​ពេល​ខ្លី ដើម្បី​ពន្យុះ​ក្រុមហ៊ុន​ឱ្យ​មក​វិនិយោគ​នៅអឺរ៉ុប និង​ពង្រឹង​ផែនការ​អភិវឌ្ឍ​ថាមពេល​កើត​ឡើង​វិញ​ ផ្តាច់​ខ្លួន​ពី​ការ​រំពឹង​លើ​ប្រភព​ថាមពល​រុស្ស៊ី។ លោកស្រី​ក៏​ជំរុញ​បន្ថែម​ ការ​បង្កើត​មូលនិធិ​អឺរ៉ុប​សម្រាប់​អភិវឌ្ឍ​នយោបាយ​ឧស្សាហកម្ម​តែ​មួយ​​រួម​គ្នា​ និង​វិនិយោគ​កាន់តែ​ច្រើន​លើ​គម្រោង​ស្រាវជ្រាវ និង​ធ្វើ​ទំនើប​កម្ម​កំរិត​អឺរ៉ុប ក្នុង​វិស័យ អ៊ីដ្រូហ្សែន ព័ត៌មានវិទ្យា​កង់ទិក ឬ​បញ្ញាសប្បនិម្មិត ។ល។

ក្រៅ​អំពី​សំណុំ​រឿង​សេដ្ឋកិច្ច មេដឹកនាំអឺរ៉ុប ក៏​នឹង​ជជែក​រកមធ្យោបាយ​ដាក់​សម្ពាធបន្ថែម​​លើ​រុស្ស៊ី និង​​គាំទ្រ​អ៊ុយក្រែន ផ្នែក​នយោបាយ ហិរញ្ញវត្ថុ និង​មនុស្សធម៌៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ