អានតួអត្ថបទ
បារាំង-ឧស្ម័នផ្ទះកញ្ចក់

រដ្ឋាភិបាលបារាំងកោះហៅ​ក្រុមហ៊ុនឧស្សាហកម្មដែល​បញ្ចេញ​ផ្សែង​ពុលខ្លាំង

គ្រាន់តែត្រលប់​មកពី​ចូលរួម​ក្នុងសន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ នៅប្រទេស​អេហ្ស៊ីប Cop27 ភ្លាម ប្រធានាធិបតីបារាំង​ចង់​បង្ហាញ​ចំណាត់ការ​ជាក់ស្តែង នៅក្នុង​រឿងការពារ​បរិស្ថាន។ នៅថ្ងៃ​អង្គារទី​៨​វិច្ឆិកា វិមានប្រធានាធិបតីបារាំង​បាន​កោះប្រជុំ​ជាមួយ ប្រធានក្រុមហ៊ុន រោងចក្រ​ឧស្សាហកម្ម ដើម្បី​ដាក់សម្ពាធ​ឲ្យ​ក្រុមហ៊ុន រោងចក្រទាំងនោះ កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​ជា​ប្រភព​ធ្វើ​ឲ្យ​ផែនដីឡើងកំដៅ និងការប្រែប្រួលអាកាសធាតុ។

ផ្សែងពុល​ចេញពីរោងចក្រ​Borealis នៅ​Ottmarsheimភាគខាងកើត​បារាំង។
ផ្សែងពុល​ចេញពីរោងចក្រ​Borealis នៅ​Ottmarsheimភាគខាងកើត​បារាំង។ AP - Jean-Francois Badias
ផ្សាយពាណិជ្ជកម្ម

ខណៈ​ដែល​ការបំពុល​របស់​ឧស្សាហកម្ម​ផលិត​អាលុយមីញ៉ូម ដែក ជីគីមី ប្រេងឥន្ធនៈ កំពុងត្រូវគេ​លើកយកទៅពិភាក្សាយ៉ាងផុសផុល នៅក្នុង​សន្និសីទ​អាកាសធាតុ Cop27 នៅអេហ្ស៊ីប ប្រធានាធិបតី​បារាំង ដែលទើបធ្វើដំណើរ​ត្រលប់​មក​សន្និសីទអាកាសធាតុ​បាន​កោះហៅ​ប្រធាន​ក្រុមហ៊ុន​ឧស្សាហកម្ម​ធំៗ ដែល​ទទួលខុសត្រូវ​ខាង​បញ្ចេញ​ឧស្ម័ន​កាបូនិក ឧស្ម័ន​ផ្ទះកញ្ចក់។

តាម​វិមានប្រធានាធិបតី បារាំង ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន រោងចក្រ ឧស្សាហកម្ម ជាតិ និងអន្តរជាតិ ចំនួន ៣០ ដែលមាន​ដូចជា ក្រុមហ៊ុន​ស្លដែក នៅ​Dunderque ក្រុមហ៊ុនប្រេងតូតាល់ ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់ Holcim រោងចក្រ​ផលិត​កែវ រោងចក្រ​ផលិតស្កស និង​រោងចក្រ​ផលិតសារធាតុគីមី ដែលមាន​ទីតាំង ជាង​៥០កន្លែង ក្នុង​ប្រទេស​បារាំង ត្រូវ​បាន​កោះហៅ​ឲ្យចូលរួមប្រជុំពិសេស​ជាមួយ​លោកប្រធានាធិបតី​ម៉ាក្រុង នៅថ្ងៃអង្គារ។

ក្រុមហ៊ុន​រោងចក្រ ដែល​រដ្ឋាភិបាល​បារាំង កោះហៅប្រជុំ ជាក្រុមហ៊ុន រោងចក្រ​ដែលបញ្ចេញ​ឧស្ម័នកាបូនិក​ក្រាសក្រែល ពោល​គឺ​ពាក់កណ្តាល​នៃ​ឧស្ម័នកាបូនិក​សរុប ដែល​វិស័យ​ឧស្សាហកម្ម នៅបារាំង បាន​បញ្ចេញ​ទៅ​ក្នុង​បរិយាកាស។ វិស័យ​ឧស្សាហកម្ម​បញ្ចេញឧស្ម័ន​កាបូនិក ដែលតំណាង​ឲ្យ​២០%​នៃ​ឧស្ម័នកាបូនិកសរុប របស់​បារាំង។

តាម​ការបញ្ជាក់​របស់​វិមានប្រធានាធិបតីបារាំង ការកោះហៅប្រជុំនៅថ្ងៃ​អង្គារ មានគោលដៅ បញ្ចុះបញ្ចូល​ឲ្យ​ក្រុមហ៊ុន​រោងចក្រ ឧស្សាហកម្ម កាត់បន្ថយ ការបញ្ចេញ​ឧស្ម័នកាបូនិក ដោយ​មិនចាំបាច់​ត្រូវ​កាត់បន្ថយ​សកម្មភាពផលិត។ តាមន័យនេះ រដ្ឋាភិបាល​បារាំង​ចង់​ឲ្យ​ក្រុមហ៊ុន​រោងចក្រ​ឧស្សាកម្ម កាត់បន្ថយ​ថាមពល​ដែលបានមកពីការប្រើឧស្ម័ន ប្រេងឥន្ធនៈ ដោយ​ត្រលប់​មក​ប្រើ​ថាមពល​ស្អាតស្អំ ដូចជា​ថាមពលសូឡា វាយោថាមពល និង​ថាមពល​នុយក្លេអ៊ែរជាដើម។

ការផ្លាស់ប្តូរ​ប្រភពថាមពល ដែលមិនបញ្ចេញឧស្ម័នកាបូនិក​នឹង​ធ្វើ​ខ្ទង់ចំណាយ​វិនិយោគ ​របស់​ក្រុមហ៊ុន​រោងចក្រ នៅបារាំង កើនឡើង​ខ្ពស់។ ផលវិបាក គឺ​ផលិតផល​ឧស្សាហកម្ម​របស់​បារាំង នឹង​ឡើងថ្លៃ ដែលជាហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នៅ​បារាំង ពិបាក​នឹង​ប្រកួតប្រជែង ជាមួយ​ក្រុមហ៊ុនដទៃទៀត ​ដែលបោះទីតាំង​នៅប្រទេស​ផ្សេងទៀត ជាទី ដែលគ្មាន​ការចាប់តម្រូវ​ឲ្យ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់។

រដ្ឋាភិបាល​របស់​លោក​ម៉ាក្រុង ទើបទាក់ទាញ​ឲ្យ​ក្រុមហ៊ុន​បារាំង និង​បរទេស​ឲ្យត្រលប់​មក​វិនិយោគ​បានច្រើន​នៅបារាំង នៅ​ឆ្នាំ ២០២០។ ដូច្នេះ ដើម្បី​ជៀសវាង​ការដាក់សម្ពាធ ធ្វើ​ឲ្យ​ក្រុមហ៊ុន​បាក់ទឹកចិត្ត រត់ផ្លាស់ទី​ទៅ​បោះទីតាំង វិនិយោគ​នៅបរទេស គេរំពឹងថា រដ្ឋាភិបាល​នឹង​អាច​ប្រកាស​កញ្ចប់ថវិការដ្ឋ សម្រាប់​ជួយ​លើកទឹកចិត្ត​ក្រុមហ៊ុន​ឧស្សាហកម្ម​ឲ្យ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន ទាំងបន្ត​បោះទីតាំង​វិនិយោគ​នៅបារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ